ភ្ញៀវ​នៅតែ​មក​កម្សាន្ត​បុណ្យ​សមុទ្រ ដោយ​មិន​ព្រួយ​រឿង​ស្នាក់នៅ ខណៈ​ក្នុង​ក្រុងមាន​បន្ទប់​ស្នាក់នៅ​ជាង ៩០០០​បន្ទប់​

​ភ្នំពេញ​៖ គិត​មកដល់ពេលនេះ សេវាកម្ម​ស្នាក់នៅ​ក្នុង​ក្រុងព្រះសីហនុ មាន​ភ្ញៀវទេសចរ​កក់​យ៉ាងច្រើន ដើម្បី​ត្រៀម​មក​កម្សាន្ត នាឱកាស​បុណ្យ​សមុទ្រ ប៉ុន្តែ​មិនទាន់​ខ្វះ​កន្លែង​ស្នាក់នៅ​ទេសចរណ៍​នៅឡើយ​ទេ ខណៈ​ក្នុង​ក្រុងព្រះសីហនុ​មាន​បន្ទប់​ស្នាក់ នៅ​សរុប​ដល់​ទៅ​ជាង ៩០០០​បន្ទប់​ឯណោះ​។​

​នាពេល​ចាប់​ផ្ដើមបុណ្យ​សមុទ្រ​នេះដែរ ឯកឧត្ដម គឹម សេរីរដ្ឋ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សេវាកម្ម​ការ​ស្នាក់នៅ និង​ម្ហូបអាហារ ក្រសួងទេសចរណ៍ បាន​លើកឡើងថា «​បើតាម​របាយការណ៍​គិត​មកដល់ពេលនេះ នៅ​មិនទាន់​ឈានដល់​ការខ្វះ​បន្ទប់ សម្រាប់​ភ្ញៀវ​ស្នាក់នៅ​នោះទេ គ្រាន់តែ​ការ​កក់​បន្ទប់​ជិត​ពេញ​១០០%​ហើយ តែ​ជាធម្មតា​ការធ្វើ​សេវាកម្ម​ជូន​ភ្ញៀវ​ស្នាក់នៅ គឺ​មិនដែល​លក់​បន្ទប់​ក្នុង​ទីតាំង​ទាល់តែ​អស់នោះ​ទេ តែងតែមាន​ត្រៀម​សម្រាប់​ភ្ញៀវ​ក្នុងករណី​មាន​បញ្ហា​ណាមួយ​»​។​

​ឯកឧត្ដម គឹម សេរីរដ្ឋ បានបញ្ជាក់​ទៀតថា ទោះបីជា​មានការ​កក់​ប​ន្ទ​ប់​ស្នាក់នៅ​អស់​ច្រើន តែ​យ៉ាងណា​សម្រាប់​ការរៀបចំ​ពិធីបុណ្យ​សមុទ្រ​នេះ មិន​ខ្វះ​បន្ទប់​សម្រាប់​ភ្ញៀវ​ស្នាក់នៅ​នោះទេ និង​នៅតែ​អាច​បន្ត​ផ្តល់ជូន​បន្ទប់​ស្នាក់នៅ សម្រាប់​តម្រូវការ​រប​ស់​ភ្ញៀវ​បាន ដោយសារ​ក្រុងព្រះសីហនុ មាន​កន្លែង​ស្នាក់នៅ​គ្រប់គ្រាន់ និង​មាន​ជម្រើស​ក្នុងការ​ស្នាក់នៅ​ផ្សេងៗ ដូចជា ការបោះ​តង់ និង​កន្លែង​ស្នាក់នៅ​ផ្សេងៗ​ទៀត​។​

​ឯកឧត្ដម គឹម សេរីរដ្ឋ បាន​បន្ថែមថា សម្រាប់​ចំនួន​ភ្ញៀវទេសចរ ដែល​គ្រោង​មក​កម្សាន្ត នៅក្នុង​ឱកាស​បុណ្យ​សមុទ្រ គិត​មកដល់ពេលនេះ គឺមាន​ចំនួន​ច្រើន​កុះករ​ហើយ តាមរយៈ​ការ​កក់​សណ្ឋាគារ​ធំៗ បាំង​កា​ឡូ ការ​កក់​តង់​ស្នាក់នៅ រួមទាំង​កន្លែង​ផ្សេងៗ​ផងដែរ​។​

​បើតាម​លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ សណ្ឋាគារ​សរុប​នៅក្នុង​ក្រុងព្រះសីហនុ​មាន​ប្រមាណ​៨០ ក្នុងនោះ​មាន​បន្ទប់​ស្នាក់នៅ​សរុប​ប្រមាណ​៩០០០​បន្ទប់ ដែល​ធានា​ដល់​ការ​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ​មិនឱ្យ​ខ្វះខាត​ឡើយ​។​

​លោក​ថា «​នៅជាប់​ផ្លូវធំៗ​គឺ​ស្ទើរតែ​ពេញ​អស់​ដែរ ដោយ​គេ​ទុក​៤-៥​បន្ទប់​សម្រាប់​ដល់​ថ្ងៃបុណ្យ ប៉ុន្តែ​នៅមាន​នៅតាម​ផ្លូវ​ចូលក្នុងៗ​ទៀត ដែល​ភ្ញៀវ​អាច​កក់​និង​ចូល​ស្នាក់​នៅបាន​»​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា ក្នុងឱកាស​បុណ្យ​សមុទ្រ​នេះដែរ​ក៏មាន​ភ្ញៀវ​ជាតិ​កក់​បន្ទប់​ស្នាក់នៅ​ច្រើន​ណាស់ដែរ ខណៈ​ភ្ញៀវ​បរទេស​ក៏មាន​ច្រើន​ដូចគ្នា​។​

​សូមជម្រាបថា ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ នៅ​ខេត្ត​ព្រះសីហនុ នឹង​រៀបចំឡើង​ចាប់ពី​ថ្ងៃទី​៩-១១ ខែធ្នូ ឆ្នាំ​២០២២ អម​ជាមួយ​សន្និបាត​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក ចាប់ពី​ថ្ងៃទី​៩-១៤ ខែធ្នូ ឆ្នាំ​២០២២៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close