ស្នងការចេញសេចក្តីបំភ្លឺ ទាក់ទងនឹងអធិការរងខណ្ឌច្បារអំពៅម្នាក់ ដែលរងអយុត្តិធម៌
បន្ទាប់ពីអធិការរងខណ្ឌច្បារអំពៅ លោក ហេង សុវណ្ណដារ៉ា អះអាងថា លោកមានភាពអយុត្តិធម៌ ដោយត្រូវគេវាយបែកក្បាលបែកមាត់ ហើយនគរបាលប៉ុស្តិ៍នាំជនបង្កយកទៅដល់ប៉ុស្តិ៍និរោធដាក់ពាក្យប្តឹង បែរជាអធិការដ្ឋាននគរបាលអនុញ្ញាតឱ្យជនបង្កទៅផ្ទះមានសេរីភាពដោយមិនប្រាប់លោកមួយម៉ាត់ ពេលនេះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការនគរបាលភ្នំពេញ បានចេញសេចក្តីបំភ្លឺ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ទាក់ទងទៅនឹងចុះផ្សាយរបស់លោកវរសេនីយ៍ទោ ហេង សុវណ្ណដារ៉ា អធិការរងនគរបាលខណ្ឌច្បារអំពៅ ថាមានភាពអយុត្តិធម៌ ចំពោះករណីបង្កហិង្សាមកលើរូបគាត់ ដែលកើតឡើងបន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក Hyundai និងម៉ូតូម៉ាក Honda មានសណ្តោងរ៉ឺម៉ក នៅចំណុចមុខហាងលក់សម្ភារៈយីហោ “២៥០០” ផ្លូវ៣៥១ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២២ ម៉ោង១៦:៣០នាទី។
សេចក្តីបំភ្លឺ បានឱ្យដឹងថា កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ម៉ោង១៦:៣០នាទី មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តម៉ាក Hyundai ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ ២X-៥៧០៤ អ្នកបើកបរឈ្មោះ គីម ហេង ជាជនជាតិវៀតណាម ជាមួយម៉ូតូម៉ាក Honda ពណ៌ខ្មៅ គ្មានស្លាកលេខ មានសណ្តោងរ៉ឺម៉ក អ្នកបើកបរ ឈ្មោះ ឌី ជាជនជាតិ ខ្មែរជាកម្មករ នៅចំណុចមុខហាងលក់សម្ភារៈយីហោ “២៥០០” ផ្លូវ៣៥១ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បណ្តាលឱ្យរថយន្តបែកស្តុបក្រោយខាងឆ្វេង និងកំពិតទ្វារខាងឆ្វេង រួចឈ្មោះ ប៉ែន ផល្លា (ជាម្ចាស់ម៉ូតូ) បានចេញមុខធ្វើការដោះស្រាយសងការខូចខាតជាមួយម្ចាស់រថយន្តឈ្មោះ គីម ហេង ជំនួសឈ្មោះ ឌី រួចហើយ។
ពេលនោះ ឈ្មោះ ប៉ែន ផល្លា ក៏អូសរ៉ឺម៉កចូលខាង ស្រាប់តែឈ្មោះ ហេង សុវណ្ណដារ៉ា (អធិការរងខណ្ឌច្បារអំពៅ) ស្លៀកពាក់ស៊ីវិលជិះម៉ូតូមកដល់ស្គាល់ម្ចាស់រថយន្តក៏សួរនាំ រួចឈ្មោះ គីម ហេង ប្រាប់ថា មានបុរសម្នាក់បើកម៉ូតូសណ្តោងរ៉ឺម៉កបុករថយន្តរបស់ឈ្មោះ ឌី រួចឈ្មោះ ហេង សុវណ្ណដារ៉ា ពុំបានសួរនាំរឿងហេតុដឹងសព្វគ្រប់អស់ទេ ក៏ទៅចាប់ទាញដៃឈ្មោះ ប៉ែន ផល្លា មិនឱ្យអូសម៉ូតូចេញទៅណា ហើយក៏ឈ្លោះប្រកែកគ្នា រួចឈ្មោះ ហេង សុវណ្ណដារ៉ា ក៏ជេរឈ្មោះ ប៉ែន ផល្លា ថាអាចុយម្រាយ ថែមទាំងទាញកអាវប្រតាយប្រតប់គ្នា រួចឈ្មោះ ប៉ែន ផល្លា វាយឈ្មោះ ហេង សុវណ្ណដារ៉ា របួសក្បាល១កន្លែង និងបែកមាត់ ចំណែក ឈ្មោះ ប៉ែន ផល្លា របួសកំភូនដៃខាងស្តាំ។ បន្ទាប់ពីកើតហេតុភ្លាម សមត្ថកិច្ចចុះអន្តរាគមន៍ហៅឈ្មោះ ហេង សុវណ្ណដារ៉ា និងឈ្មោះ ប៉ែន ផល្លា មកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធន៍ ដើម្បីធ្វើការសាកសួរ រួចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។
ក្រោយពីធ្វើការសាកសួររួច សមត្ថកិច្ចបានសុំគោលការណ៍ពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឃាត់ខ្លួនឈ្មោះ ប៉ែន ផល្លា នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។ ប្រហែល១ម៉ោងក្រោយមក លោកព្រះរាជអាជ្ញារង ក៏ទាក់ទងមកអធិការនគរបាលខណ្ឌច្បារអំពៅ ដើម្បីធានា និងធ្វើកិច្ចសន្យាឈ្មោះ ប៉ែន ផល្លា ឱ្យត្រលប់ទៅលំនៅឋានវិញជាបណ្តោះអាសន្ន។ បច្ចុប្បន្នសមត្ថកិច្ចបានកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ជាក់ស្តែងសំណុំរឿងត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចំណាត់ការបន្តផ្នែកច្បាប់នឹងត្រូវអនុវត្ត ចំពោះការអនុញ្ញាតឱ្យជនបង្កដែលមានអ្នកធានា និងធ្វើកិច្ចសន្យាឱ្យត្រឡប់ទៅគេហដ្ឋានវិញជាបណ្តោះអាសន្ន ជាការអនុញ្ញាតរបស់លោកព្រះរាជអាជ្ញារង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។