កម្ពុជា អបអរសាទរពិធីបុណ្យសមុទ្រលើទី៩ ជុំទី៣ ឆ្នាំ២០២២ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើពិភពលោកលើកទី១៦ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ
ព្រះសីហនុ៖ កាលពីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកម្មវិធីសម្តែងសិល្បៈអបអរសាទរពិធីបុណ្យសមុទ្រលើទី៩ ជុំទី៣ ឆ្នាំ២០២២ នៅទីលានតេជោ (ពយតាម៉ូង) និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកលើកទី១៦ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៏ការសម្ដែងសិល្បៈវប្បធម៌ជាតិ អន្តរជាតិ ក្នុងរាត្រីដ៏សែនមនោរម្យនេះ ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងពិធីសំដែងសិល្បៈវប្បធម៌ជាតិ និងអន្តរជាតិ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកលើកទី១៦ ឆ្នាំ២០២២ នៅលើទឹកដីតំបន់ឆ្នេរដ៏ស្រស់បំព្រង នៃខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមស្វាគមន៍ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋបានចូលរួមទស្សនាការសំដែងទស្សនីយភាពសិល្បៈវប្បធម៌ជាតិ និងអន្តរជាតិ ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ខេត្តព្រះសីហនុ បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកក្នុងឆ្នាំ២០១១ ជាមួយខេត្តតំបន់ឆ្នេរបីផ្សេងទៀតនៃប្រទេសកម្ពុជា មានខេត្តកែប ខេត្តកំពត និងខេត្តកោះកុង។ ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍរីកចម្រើន និងកាលានុវត្តភាព នៃការវិនិយោគជាតិ និងអន្តរជាតិ ខេត្តមាន “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ត្រូវបានរាជរដ្ឋា ភិបាលកម្ពុជាប្រសិទ្ធនាម “តារារៈនាទិសនិរតី ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
ទោះបីកម្ពុជាស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ ក៏ខេត្តព្រះសីហនុនៅតែរក្សាលំនឹងសេដ្ឋកិច្ច អត្រាកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលជាមធ្យមប្រជាពលរដ្ឋម្នាក់ចំនួន ៤.១៨០ ដុល្លាអាមេរិកក្នុងមួយឆ្នាំ កាត់បន្ថយអត្រាភាពក្រីក្រមកនៅត្រឹម ១.៨៦ភាគរយ ក្នុងឆ្នាំ២០២២។
ឯកឧត្តមបន្តថា មុនព្រឹត្តិការណ៍ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរប្រមាណ ២លាននាក់ក្នុងមួយឆ្នាំ ក្នុងអត្រាកំណើនពី ១០ ទៅ ១៥ភាគរយ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិប្រមាណ ២៥ ទៅ ៣០ភាគរយ។ បន្ទាប់ពីការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំនួនភ្ញៀវទេសចរជាតិមានការធ្លាក់ចុះប្រមាណ ៦០ភាគរយ និងភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះ ៩៥ភាគរយ។ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យបើកទទួលភ្ញៀវទេសចរវ៉ាក់សាំងមុនគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បានល្អប្រសើរ និងការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ ព្រមទាំងបានអនុវត្តស្តង់ដារសុវត្ថិភាពទេសចរណ៍ និងវិធានសុខាភិបាលបានយ៉ាងខ្ជាប់ខ្ជួន។ រហូតមកទល់បច្ចុប្បន្ននេះ សេវាកម្មសម្បទាទេសចរណ៍ចំនួន ៣៩០ទីតាំង ត្រូវបានបើកឱ្យដំណើរការឡើងវិញ និងការបើកឱ្យដំណើរការផ្លូវល្បឿនលឿនភ្ញៀវទេសចរជាតិមានការកើនឡើងជាគំហុក។
ឯកឧត្តមអភិបាលខេត្ត បន្តទៀតថា ការសំដែងទស្សនីយភាពសិល្បៈវប្បធម៌ជាតិ និងអន្តរជាតិ គឺជាព្រឹត្តិការណ៍មួយផ្តល់ឱកាសឱ្យក្រុមសិល្បករជាតិ និងអន្តរជាតិបានផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ និងប្រពៃណី ទំនៀមទំលាប់របស់ជាតិសាសន៍នីមួយៗ ទន្ទឹមការសំដែងទស្សនីយភាពសិល្បៈវប្បធម៌នេះ ក៏ជាសញ្ញាដ៏រឹងមាំមួយដែលបណ្តាប្រទេសក្នុងពិភពលោករួមគ្នាកសាងទំនាក់ទំនងសេដ្ឋកិច្ច-សង្គមឡើងវិញក្នុងការផ្លាស់ប្តូរគំនិតយោបល់ព័ត៌មានល្អៗ ដើម្បីផ្សព្វផ្សាយវប្បធម៌ និងជំរុញការអភិវឌ្ឍសេវាកម្មសម្បទាទេសចរណ៍ ព្រមទាំងការផ្លាស់ប្តូរភ្ញៀវទេសចរក្នុងតំបន់អាស៊ាន អឺរ៉ុប និងពិភពលោកប្រកបដោយប្រសិទ្ធភាព។
សូមជូនពរឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សិល្បករ សិល្បការិនីជាតិ អន្តរជាតិ មានសុខភាពល្អ កម្លាំងខ្លាំងក្លារ នឹងមានសុភមង្គលគ្រប់ក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៣ សូមដំណើរវិលត្រលប់ទៅមាតុប្រទេសវិញរបស់ក្រុមសិល្បករ សិល្បការិនីអន្តរជាតិ ប្រកបដោយសេចក្តីសុខ និងសុវត្ថិភាពគ្រប់គ្នាៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។