សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​នាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍ អាស៊ាន​-​សហភាព​អឺរ៉ុប

​នៅ​រាត្រី​ថ្ងៃអាទិត្យ​ទី​១១ ខែធ្នូ ឆ្នាំ ២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើដំណើរ​ទៅកាន់​ប្រទេស​តំបន់​អឺរ៉ុប ដើម្បី​ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​សហភាព​អឺរ៉ុប ដើម្បី​អបអរសាទរ​ខួប​៥៤ ឆ្នាំ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហភាព​អឺរ៉ុប ដែល​កិច្ចប្រជុំ​នេះ​ត្រូវធ្វើឡើង​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២២ នៅ​ទីក្រុង​ព្រុ​ច​សែ​ល​។

​បើតាម​ការ​ឲ្យ​ដឹង​ពី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹងថា កិច្ចប្រជុំពេញអង្គ​នៃ​ជំនួប​កំពូល​រំលឹក​ខួប​នេះ នឹង​ពិនិត្យឡើងវិញ​នូវ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​សហភាព​អឺរ៉ុប​នាពេល​បច្ចុប្បន្ន និង​កំណត់​ទិសដៅ​អនាគត​សម្រាប់​ទំនាក់ទំនង​អាស៊ាន​-​សហភាព​អឺរ៉ុប​។ ថ្នាក់ដឹកនាំ​រំពឹងថា​នឹង​ផ្តោត​ការពិភាក្សា​ទៅលើ​វិធី​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន ការផ្លាស់ប្តូរ​ឌីជីថល ការតភ្ជាប់ ការធានាបាន​នូវ​ការផ្លាស់ប្តូរ​បៃតង ថាមពល និង​សន្តិសុខ​ស្បៀង និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ថ្នាក់ដឹកនាំ ក៏​នឹង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ការព្រួយបារម្ភ និង​ការចាប់អារម្មណ៍​រួម​ផងដែរ​។​

​អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​នេះ ព្រឹត្តិការណ៍​អម​ជាច្រើន​នឹងត្រូវ​បានរៀបចំ​ឡើង រួមមាន​អាហារ​ថ្ងៃត្រង់​តុមូល កិច្ចប្រជុំ​កំពូល​ធុរកិច្ច​អាស៊ាន​-​សហភាព​អឺរ៉ុប​លើក​ទី​១០ កិច្ចប្រជុំ​កំពូល​យុវជន អាស៊ាន​-​សហភាព​អឺរ៉ុប និង​ការអបអរសាទរ​កិច្ចសហប្រតិបត្តិការ​ប្រជាជន​អាស៊ាន​-​សហភាព​អឺរ៉ុប ស្តីពី​ឧ​ត្ត​មសិ​ក្សា ។​

​ក្រសួងការបរទេស​បាន​បញ្ជាក់ទៀតថា នៅ​មុនពេល​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​បារាំង ក្នុងនោះ ឯកឧត្តម អេ​ម៉ា​នូ​អែល ម៉ា​ក្រុង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង នឹង​ទទួល​ស្វាគមន៍​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៅ​វិមាន​អេ​លី​ហ្សេ (Élysée Palace) ហើយនឹង​រៀបចំ​អាហារ​ការងារ​ពេល​ល្ងាច​ជា​កិត្តិយស​ជូន សម្តេច​តេ​ជោ​ផងដែរ​។ សម្តេច​តេ​ជោ ក៏​នឹង​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​ស្តីពី​ការគាំទ្រ​ភាព​ធន់​នៃ​ប្រជាជន​អ៊ុយ​ក្រែ​ន ជួបប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​សហគ្រាស​កម្ពុជា​-​បារាំង និង​ជំនួប​ជាមួយ​តំណាង​ក្រុមហ៊ុន Vinci Airport ។​

​អំឡុងពេល​ស្នាក់នៅ​ទីក្រុង​ព្រុ​ច​សែ​ល នោះ​ផងដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹងមាន​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ថ្នាក់ដឹកនាំ​អឺរ៉ុប​មួយចំនួន​។ សម្តេច​តេ​ជោ ក៏​នឹងមាន​កម្មវិធី​ពិសា​អាហារ​ការងា​ពេលព្រឹក​ជាមួយ ឯកឧត្តម ផាម មិញ​ជិ​ញ នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង ឯកឧត្តម ផន​ខាំ វិ​ផា​វ៉ាន់ នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ជនរួមជាតិ​ខ្មែរ​ដែល​កំ​ពុង​រស់នៅ​អឺរ៉ុប ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close