ត្រី​រាជ ស្ថិតក្នុង​បញ្ជី​ក្រហម កំពុង​រង​ការគំរាមកំហែង​យ៉ាងខ្លាំង ឈានទៅរក​ការ​ផុត​ពូជ របស់​អង្គការ​សហភាព​អន្តរជាតិ

​ត្រី​រាជ​ស្ថិតក្នុង​ចំណោម​ត្រី​ធំ​បំផុត​ទាំង ៣ ប្រភេទ​នៅ​កម្ពុជា ​ត្រី​រាជ​ជា​ប្រភេទ​ត្រី​ទឹកសាប​ដែល​ធំ​បំផុត​មួយ​ក្នុងចំណោម​ត្រី​ធំ ៣ ប្រភេទ​គឺ​បបែល​យក្ស និង​ត្រី​គល់រាំង​។ ត្រី​រាជ​អាចមាន​ប្រវែង​រហូតដល់ ៣​ម៉ែត្រ និង​មាន​ទម្ងន់​ប្រមាណ ៣០០​គីឡូក្រាម​។ ត្រី​រាជ​ស្ថិតក្នុង​ក្រុម​ត្រី​ដែល​ពុំមាន​ស្រកា មាន​ស្បែក​រលោង មាន​ពុកមាត់​ខ្លី​០២​គូ និង​មាន​ព្រុយ​ខ្នង​ច្បាស់ និង​មាន​ទ្រនុង​រឹង​ចំនួន​០៧ ព្រុយ​ខ្លាញ់​តូច ព្រុយ​គូថ​វែង​មិន​ជាប់​ជាមួយ​កន្ទុយ និង​មាន​មាត់​នៅ​នៅ​ខាងក្រោម​។​

​ត្រី​រាជ ស្ថិតក្នុង​បញ្ជី​ក្រហម ដែលមាន​ចំណាត់ថ្នាក់​កំពុង​រង​ការគំរាមកំហែង​យ៉ាងខ្លាំង​ឈានទៅរក​ការ​ផុត​ពូជ (Critical Endangered) របស់​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ IUCN ហើយ​ត្រី​នេះ​ត្រូវបាន​ចុះបញ្ជី​ឧបសម្ព័ន្ធ​១ របស់​អនុសញ្ញា​សាយ​តេស (CITES) ផងដែរ ដែល​ហាម​ដាច់ខាត ការធ្វើ​នេសាទ ទិញ​លក់ និង​ដឹកជញ្ជូន​ផ្សេងៗ​។​

​ត្រី​រាជ​ត្រូវបាន​ហាមឃាត់​ការធ្វើ​នេសាទ ទិញ​លក់ និង​ដឹកជញ្ជូន តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មកម្ល៉េះ តាមរយៈ​ក្រម​នេសាទ​លេខ ៨០ នស ចុះ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​១៩៥៦ និង​បច្ចុប្បន្ន​តាមរយៈ​អនុក្រឹត្យ​លេខ ១២៣ អនក្រ​.​បក ចុះ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០០៩ ស្តីពី​ប្រភេទ​ធនធាន​ជលផល​ដែល​កំពុង​រងគ្រោះថ្នាក់​នៅ​កម្ពុជា (​ទឹកសាប​)​។ គិត​មកទល់ពេលនេះ ក្នុងចំណោម​ត្រី​ធំៗ​បំផុត​ទាំង ៣ ប្រភេទ គឺ​ទី​១ ត្រី​បបែល​យក្ស ទី​២ ត្រី​រាជ និង​ទី​៣ ត្រី​គល់រាំង​។​

​ត្រី​រាជ គឺជា​ប្រភេទ​ត្រី​គ្មាន​ស្រកា​ទឹកសាប​ដ៏​ធំ​បំផុត​។ វា​ចូលចិត្ត​រស់នៅ​តាម​ទន្លេសាប បឹង​ទន្លេសាប និង​តំបន់​មេគង្គ​លើ ជាពិសេស​តាម​អន្លង់​នៅក្នុង​ទន្លេមេគង្គ​នៅក្នុង​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង ហើយ​ជា​ប្រភេទ​ត្រី​ធ្វើចរាចរ​រយៈ​ចម្ងាយ​ឆ្ងាយ​។ ត្រី​រាជ​តែងតែ​ត្រូវ​ចាប់បាន​ជារឿយៗ នៅតាម​គន្លង​ដាយ​ត្រី​នៅ​ទន្លេសាប ហើយ​ការ​ចាប់បាន​នេះ គឺ​នៅពេលដែល​វា​ធ្វើចរាចរ​ចេញពី​បឹង​ទន្លេសាប នៅ​ខែតុលា ទៅរក​កន្លែង​ពង​កូន និង​លាក់ខ្លួន​នៅតាម​អន្លង់​ជ្រៅៗ តាម​ដង​ទន្លេមេគង្គ​លើ​។ ត្រី​រាជ​ពេញវ័យ អាច​បន្ត​ពូជ​បាន នៅពេល​មាន​អាយុ​ចាប់ពី ០៦ ទៅ ០៨​ឆ្នាំ ហើយ​ពួកវា​ពង​កូន​ចាប់ពី​ខែមិថុនា ទៅដល់​ខែកក្កដា នៅ​បឹង​ទន្លេសាប ហើយ​កូន​ត្រី​រាជ​ពេល​កើត​ដំបូង​មាន​ប្រវែង ១២ ទៅ ១៥​សង់ទីម៉ែត្រ​។ ត្រី​រាជ​អាចរ​ស់បាន​រហូតដល់​អាយុ​៦០​ឆ្នាំ ហើយ​ជា​ប្រភេទ​ត្រី​ដែល​ធំ​លូតលាស់​លឿន​បំផុត គឺ​ក្នុង​១​ឆ្នាំ អាច​ឡើង​ទម្ងន់​ជាង​១០​គីឡូក្រាម​។ ត្រី​រាជ​ស៊ី​ស្លែ​ជា​អាហារ​ចំបង ដោយឡែក​សត្វល្អិត​ក្នុង​ទឹក គឺជា​អាហារ​បន្ទាប់បន្សំ​។​

​ត្រី​រាជ​នេះ​អាចរ​ស់បាន​រហូតដល់​អាយុ​៦០​ឆ្នាំ ហើយ​ជា​ប្រភេទ​ត្រី​ដែល​ធំ​លូតលាស់​លឿន​បំផុត គឺ​ក្នុង​១​ឆ្នាំ អាច​ឡើង​ទម្ងន់​ជាង​១០​គីឡូក្រាម​។ ត្រី​រាជ​ស៊ី​ស្លែ​ជា​អាហារ​ចម្បង ដោយឡែក​សត្វល្អិត​ក្នុង​ទឹក គឺជា​អាហារ​បន្ទាប់បន្សំ​។ តាម​របាយការណ៍ ក្នុង​រយៈពេល ២០ ឆ្នាំ​ចុង​ក្រោយនេះ គេ​បាន​ប្រទះឃើញ​ត្រី​រាជ​មួយ​ក្បាល​ដែលមាន​ទម្ងន់​ជិត ៣០០​គីឡូក្រាម និង​មាន​ប្រវែង ២,៧៤​ម៉ែត្រ ដែល​ចូល​ដាយ​ត្រី​។ ត្រី​រាជ នេះ​ត្រូវបាន​បំពាក់​ឧបករណ៍​តាមដាន និង​បាន​ព្រលែង​ចូលទៅក្នុង​ទន្លេ​វិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close