ក្រសួងវប្បធម៌ សម្ដែងការសោកស្ដាយជាខ្លាំង ចំពោះការវាយកម្ទេចកុដិបុរាណចំនួន ៣ នៅវត្តឧណ្ណាលោម
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា បានសម្ដែងការសោកស្ដាយជាខ្លាំង ចំពោះករណី វាយបំផ្លាញកុដិបុរាណចំនួន៣ ក្នុងបរិវេណវត្តឧណ្ណាលោម ដើម្បីសាងសង់ចេតិយថ្មី។
យោងលិខិតបង្គុំទូលថ្វាយ សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា កុដិបុរាណដែលត្រូវបានគេវាយកម្ទេចចោល ដើម្បីយកទីធ្លាកសាងសង់ព្រះមហាចេតិយថ្មីនោះ រួមមានកុដិលេខ៤៣-៤៤ និងកុដិលេខ៤៥។ កុដិទាំង៣នេះ ត្រូវបានកសាងឡើងក្នុងឆ្នាំ១៩៣០ ហើយត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌជាតិ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ នាឆ្នាំ២០១៧។
លោកជំទាវគូសបញ្ជាក់នៅក្នុងលិខិតនោះថា «ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានការសោកស្ដាយជាខ្លាំង ព្រោះកុដិទាំង៣នេះ ក្រសួងបានចាត់ទុកជាសម្បត្តិវប្បធម៌របស់ជាតិ»។
លោកជំទាវបានចាត់ទុកសកម្មភាពនៃការរុះរើវាយកម្ទេចកុដិ ដែលជាសំណង់អគារបតិកណ្ឌជាតិទាំង៣នោះថា ជា «ទង្វើដែលផ្ទុយនឹងច្បាប់» ស្ដីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្ដីពីការទប់ស្កាត់ ការវាយកម្ទេច និងបំផ្លិចបំផ្លាញអគារបេតិកភណ្ឌ។
លោកជំទាវបន្តថា រាល់ការជួសជុលព្រះវិហារ ឬសំណង់អគារបេតិកភណ្ឌនានា ត្រូវស្នើសុំការអនុញ្ញាត និងការសិក្សាពិគ្រោះយោបល់ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាក្រសួងជំនាញ។ ទន្ទឹមនឹងនេះ លោកស្រី អំពាវនាវសូមឱ្យ សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស មេត្តាបញ្ឈប់ការរុះរើ ឬ វាយកម្ទេចអគារបុរាណនៅក្នុងវត្តនេះទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។