សេដ្ឋកិច្ចតម្លៃប្រេងឥន្ធនៈលក់រាយតាមស្ថានីយ៍ចុះមកត្រឹម ៣៣៥០រៀលក្នុងមួយលីត្រ
ទីបំផុតទៅ តម្លៃប្រេងសាំងដែលត្រូវលក់រាយតាមស្ថានីយ៍ បានចុះមកត្រឹម ៣៣៥០រៀលប៉ុណ្ណោះនៅក្នុងមួយលីត្រ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។
តារាងតម្លៃលក់រាយប្រេងឥន្ធនៈ ចេញដោយក្រសួងពាណិជ្ជកម្មសម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់៣១ ខែធ្នូ ឆ្នាំ២០១៨ បានកំណត់ តម្លៃប្រេងសាំងធម្មតា ៣៣៥០រៀលក្នុងមួយលីត្រ និង ប្រេងម៉ាស៊ូត តម្លៃ ៣៣៥០រៀលក្នុងមួយលីត្រ, ចំណែកប្រេងសាំងស៊ុបពែរ មិនត្រូវបានកំណត់នោះទេ។
តាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម ការកំណត់តម្លៃប្រេងលក់រាយតាមស្ថានីយ៍នេះ គឺយោងលើការព្រមព្រៀង លើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា ក៏ដូចជាយោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
យ៉ាងណាក៏ដោយ បើតាមក្រសួងពាណិជ្ជកម្មថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈ គឺ ៣៥១០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា និង ៣៥១៥រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត។ តែដើម្បីជួយសម្រួលដល់ជីវភាពប្រជាជន និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៤សេនដុល្លារក្នុងមួយលីត្រទៀត ដូច្នេះហើយទើបប្រេងសាំងចុះមកត្រឹម ៣៣៥០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតចុះមកត្រឹម ៣៣៥០រៀលក្នុងមួយលីត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។