ក្រសួងកសិកម្ម ជូនដំណឹងដល់ម្ចាស់ចម្ការ រោងចក្រកែច្នៃ និងវេចខ្ចប់ម្រេច ដាក់ស្នើសុំចុះបញ្ជីចម្ការ ដើម្បីនាំចេញម្រេចជាផ្លូវការទៅចិន
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានជូនដំណឹងដល់ម្ចាស់ម្ចាស់ចម្ការម្រេច សហគមន៍ម្រេច រោងចក្រកែច្នៃ និងវេចខ្ចប់ម្រេច ទាំងអស់ ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ នាំចេញម្រេចទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ទៅដាក់ស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រ សម្រាប់នាំចេញម្រេចទៅកាន់ប្រទេសចិន នៅអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម។
ក្រសួងកសិកម្មបានឱ្យដឹងថា បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំ អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្ត្រីជំនាញ ចុះវាយតម្លៃស្របតាមនិតិវិធីបច្ចេកទេសដែលមានចែងក្នុងពិធីសារ។
អគ្គនាយកដ្ឋានកសិកម្ម គ្រោងនឹងបញ្ជូនឈ្មោះចម្ការ និងរោងចក្រកែច្នៃ និងវេចខ្ចប់ម្រេចទៅភាគីចិន នៅដើមខែមករា ឆ្នាំ២០២៣ខាងមុខ ដើម្បីភាគីចិនមកពិនិត្យ និងវាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញម្រេចជាផ្លូវការ។
សូមជម្រាបថា ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេចពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយក្រសួងពាណិជ្ជកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទៅទី០៩ ខែវិច្ចិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។