កម្ពុជាចាយលុយអស់ជាង ២ពាន់លានដុល្លារដើម្បីប្រយុទ្ធនិងជំងឺកូវីដ-១៩

ក្នុងជំនួបជាមួយនឹងពលរដ្ឋដែលរស់នៅក្នុងទ្វីបអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរំលេចពីភាពលេចធ្លោរបស់កម្ពុជាក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងរោគរាតត្បាតកូវីដ-១៩ ដោយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការគ្រប់គ្រងបានយ៉ាងល្អដែលអាចធ្វើឱ្យស្ថានភាពកូវីដ-១៩ មានភាពធូរស្រាលដូចបច្ចុប្បន្ន។

សម្ដេចតេជោថាក្នុងពេលដែលប្រឈមនឹងរោគរាតត្បាតកម្ពុជាបានដាក់ចេញវិធានការធំចំនួន២ គឺវិធានការសុខាភិបាល ដោយមានការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃជូនពលរដ្ឋ និងការបញ្ចេញកញ្ចប់សាច់ប្រាក់ជួយដល់ជនងាយរងគ្រោះពីវិបត្តិកូវីដ-១៩។

សម្ដេចតេជោថា «ពិតមែនតែប្រទេសយើងក្រ ក៏ប៉ុន្ដែរាជរដ្ឋាភិបាលចំណាយទុនដើម្បីហ្នឹងដោះស្រាយបញ្ហាកូវីដនេះដោយមិនឱ្យប្រជាជនគ្មានវ៉ាក់សាំងចាក់ឬបង់ថ្លៃដើម្បីចាក់វ៉ាក់សាំងគឺអត់ទេ»។

ក្រៅពីនោះរាជរដ្ឋាភិបាលបានបញ្ចេញសាច់ប្រាក់ប្រមាណ ៤១លានដុល្លារសម្រាប់ចិញ្ចឹមប្រជាជនដែលងាយរងគ្រោះជាង ៧០ម៉ឺនគ្រួសារ បន្ថែមជាមួយការនឹងការជួយដល់កម្មកររោងចក្រដែលរងផលប៉ះពាល់ពីការព្យួរការងារ និងអ្នកធ្វើការផ្នែកទេសចរណ៍ផងដែរ។

សម្ដេចតេជោថា «ខ្ញុំអាចសរុបថាក្នុងពេលកូវីដនេះរដ្ឋាភិបាលបានបញ្ចេញប្រាក់សន្សំរបស់យើងជាសាច់ប្រាក់គឺអស់ជាង ២ពាន់លានដុល្លារ ដើម្បីឱ្យសេចក្ដីត្រូវការនៃការប្រយុទ្ធនឹងកូវីដផង និងសេចក្ដីត្រូវការនៃការជួយពលរដ្ឋដែលរងគ្រោះផង»។

របាយការណ៍របស់ធានាគារពិភពលោកដែលបានចេញផ្សាយកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ឱ្យដឹងថា ចាប់តាំងពីថ្ងៃទិ១ ខែវិច្ឆិកា ឆ្នាំ២០២១មក កម្ពុជាបានបើកដំណើរការសង្គម សេដ្ឋកិច្ចឡើងវិញទាំងស្រុង ស្របគ្នានឹងការថយចុះនៃការឆ្លង និងស្លាប់ដោយជំងឺកូវីដ-១៩ ក្នុងត្រីមាសទី៤ ឆ្នាំ២០២១ ដោយសារភាព «ជោគជ័យនៃប្រទេសនេះក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន»។ បច្ចុប្បន្នប្រទេសនេះកំពុងរៀបចំផែនការដើម្បីអនុវត្តការស្ដារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់ផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close