ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២២ នេះ ជា​ថ្ងៃ​បើក​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ​

​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ ដែល​អាជ្ញាធរ​ជាតិ​អប្សរា រៀបចំឡើង ចំនួន​៣​ថ្ងៃ​បាន​ខិតចូល​មកដល់​ហើយ គឺ​ចាប់ពី​ថ្ងៃទី​១៤ រហូតដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២២​ខាងមុខ នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​។​

​ឯកឧត្តម ឡុង កុសល អគ្គនាយករង​និង​ជា​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ថា នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​១៤ ខែធ្នូ ខាងមុខនេះ មាន​ពិធីបួងសួង​បែប​សាសនា បើក​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ នា​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត កម្មវិធី​នេះ​នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់ លោកជំទាវ កិ​តិ្ត​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា ថ្នាក់ដឹកនាំ​ខេត្តសៀមរាប ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា តំណាង​អង្គការ​យូ​ណេ​ស្គូ​ប្រចាំ​កម្ពុជា មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ភ្ញៀវទេសចរ​ជាតិ​និង​ភ្ញៀវ​អន្តរជាតិ​។ បន្ទាប់ពីនោះ វេលា​ម៉ោង​១០​ព្រឹក មាន​ពិធីរាប់បាត្រ​ព្រះ​ស​ង្ឈ​ចំនួន​១៣០​អង្គ​ផងដែរ ក្នុងន័យនេះ​ពុទ្ធបរិស័ទ មានបំណង​ចូលរួម​ក្នុង​ពិធី​ខាងលើ សូម​អញ្ជើញ​ចូលរួម​ឱ្យបាន​ច្រើន​កុះករ​។​

​ឯកឧត្តម ឡុង កុសល អគ្គនាយករង​មានប្រសាសន៍​បន្តថា នៅពេល​ល្ងាច​ចាប់ពី​វេលា​ម៉ោង​៥​តទៅ នៅ​បរិវេណ​ខាងក្រោយ​ប្រាសាទអង្គរវត្ត ក៏មាន​ពិធី​សម្តែង​ទស្សនីយភាព​សិល្ប​:​ជាច្រើន​ទម្រង់ «​រាត្រី​ចងចាំ​» ជូន​ទស្សនិកជន​បាន​ទស្សនា​។

​ក្នុងន័យនេះ អាជ្ញាធរ​ជាតិ​អប្សរា សូម​អញ្ជើញ​សាធារណៈជន​ទាំងអស់ ចូលរួម​ឱ្យបាន​ច្រើន​កុះករ ក្នុង​កម្មវិធី​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នេះ​។​សូម​ជម្រាប​ដែរ​ថា ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា ក៏មាន​រៀបចំ​កម្មវិធី​ផ្សេងៗ​គ្នា​ជាច្រើន ហើយ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ជូនដំណឹង​ជា​បន្តបន្ទាប់ ពី​ពេលវេលា​និង​កម្មវិធី​ទាំងនោះ ដើម្បី​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជ្រាប និង​បាន​ចូលរួម​ទស្សនា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close