នគរបាលកម្ពុជា តាមចាប់មេក្លោងម្នាក់ និងស្នើឡាវ ធ្វើបត្យាប័ន ជនសង្ស័យជាជនជាតិខ្មែរ ដែលឆបោកប្រជាពលរដ្ឋរាប់ពាន់នាក់ អស់ប្រាក់ជាង៦០លានដុល្លារ
មន្ត្រីនគរបាលជាន់ខ្ពស់កម្ពុជា បានឲ្យដឹងថា នៅដើមខែធ្នូ ឆ្នាំ២០១៨នេះ កម្ពុជាបានដាក់សំណើសុំបត្យាប័នទៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីបញ្ជូនជនជាប់ ចោទជនជាតិខ្មែរម្នាក់ មកផ្តន្ទាទោសនៅក្នុងយុត្តាធិការ នៃព្រះរាជាណាចក្រកម្ពុជា តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៤២៧ ដ.ច.ន ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ របស់សាលាដំបូងរាជធានីភ្នំពេញ។
ជនជាប់ចោទឈ្មោះ ហួត សុវណ្ណ គឺជាមេខ្លោងម្នាក់ នៅក្នុងប្រព័ន្ធឆបោកដ៏ធំដែលមានសមាសភាព មកពី «ក្រុមហ៊ុន EBC» «អង្គការ AIF» និង «សមាគមន៍ ICA»។ ក្រុមហ៊ុន និងអង្គការទាំងនេះ តែងតែដើរឆបោកប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាអាទិ៍បានឆបោកប្រជាពលរដ្ឋខ្មែរជាង៧ពាន់នាក់ អស់ទឹកប្រាក់ជាង៦០លានដុល្លារ មកពីខេត្តជាច្រើន នៅកម្ពុជាតាម រយៈការបញ្ចុះបញ្ចូលឲ្យដាក់ ប្រាក់វិនិយោគរួម ដោយជនល្មើសសន្យាថា នឹងផ្តល់មកវិញនូវអត្រាចំណេញខ្ពស់។
ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានអោយដឹងថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងខិតខំប្រឹង ប្រែងអស់ពីសមត្ថភាពជំនាញទាំងផ្លូវច្បាប់ និងការទូតដើម្បីនាំយកជន ជាប់ចោទ ពីប្រទេសឡាវ និងដើម្បីរកយុត្តិធម៌ជូនប្រជាពលរដ្ឋស្លូតត្រង់។
ឯកឧត្តមឧត្តមសេនីយ៍ឯក បន្តថា «សមត្ថកិច្ចជំនាញកំពុង បន្តស្រាវជ្រាវ និងស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀត ដើម្បីវែកមុខ និងនាំយកមេខ្លោងធំៗ និងដៃជើងរបស់ ក្រុមនេះមកផ្តន្ទាទោសតាមច្បាប់ ឲ្យខាងតែបាន ទោះជាត្រូវចំណាយពេលវេលាប៉ុណ្ណាក៏ដោយ»។
មន្ត្រីជាន់ខ្ពស់កម្ពុជា ក៏បានបញ្ជាក់ថ្ងៃនេះផងដែរថា កម្ពុជាកំពុងជំរុញដំណើរការកិច្ចនីតិវិធី បត្យាប័នជាមួយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ក្នុងស្មារតីអ្នកជិតខាងល្អ។
សូមបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតឡាវ និងព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខា លើសន្ធិសញ្ញាបត្យាប័ន ក្នុងឆ្នាំ១៩៩៩ ដែលសន្ធិសញ្ញានេះចូលជាធរមានឆ្នាំ២០០៥។ ទន្ទឹមគ្នានេះ ដែរក្នុងក្របខ័ណ្ឌប្រទេសអាស៊ានទាំង១០ ក៏មានសន្ធិសញ្ញាស្តីពីជំនួយផ្នែកច្បាប់ទៅវិញទៅមកក្នុងរឿង ព្រហ្មទណ្ឌផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។