ថ្ងៃទី២ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ នឹងមានពិព័រណ៍ស្តីពីសមិទ្ធផលការងាររបស់អាជ្ញាធរជាតិអប្សរា ការចាក់បញ្ចាំងសិល្បៈនិងការសម្តែងសិល្បៈអាយ៉ៃឆ្លើយឆ្លងជូនទស្សនា
ឯកឧត្តម ឡុង កុសល អគ្គនាយករងនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា បន្ទាប់ពីពិធីបើកព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២មក ទទួលបានការនិមន្ត និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូប និងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ ក្នុងនោះកម្មវិធីសំខាន់ៗជាច្រើនទៀត ដែលនឹងបង្ហាញជូនសាធារណៈទស្សនា សម្រាប់ថ្ងៃទី១៥ ខែធ្នូ ជាថ្ងៃទី២ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ មានដូចជា៖ ចាប់ពីម៉ោង០៨៖០០ព្រឹក ដល់ម៉ោង១៧៖០០ល្ងាច មានពិព័រណ៍ផលិតផល សកម្មភាពសិល្បៈចម្រុះ និងសមិទ្ធផលសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា ការទស្សនាសារមន្ទីរ ការចុះទស្សនាតាមការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ និងសកម្មភាពផ្សេងៗ មាន៖ពិព័រណ៍សៀវភៅប្រវត្តិសាស្ត្រខ្មែរនិងបរទេស បទបង្ហាញនានាដោយបុរាណវិទូអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌។ល។ ដោយពិធីនេះប្រារព្ធនៅទីតាំងបរិវេណមុខប្រាសាទអង្គរវត្ត និងការដ្ឋាននានា ក្នុងតំបន់រមណីយដ្ឋានអង្គរ។
ឯកឧត្តមបន្តទៀតថា នៅពេលល្ងាចចាប់ពីម៉ោង១៨៖០០ ដល់ម៉ោង២២៖០០យប់ មានកម្មវិធីអាយ៉ៃឆ្លើយឆ្លង សម្តែងដោយលោក កិតិ្តឧទេសបណ្ឌិត ព្រហ្ម ម៉ាញ និងការបញ្ចាំងភាពយន្តឯកសារអំពីអង្គរ ដែលមានទីតាំងនៅបរិវេណព្រះលានជល់ដំរី នៃក្រុងអង្គរធំ។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមនិមន្ត ព្រះតេជគុណ និងអញ្ជើញសាធារណៈជនទាំងអស់ ចូលរួមឱ្យបានច្រើនកុះករក្នុងកម្មវិធីដែលបានប្រារព្ធធ្វើឡើងនេះ។
សូមជម្រាបដែរថា ក្នុងរយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ អាជ្ញាធរជាតិអប្សរា ក៏មានរៀបចំកម្មវិធីផ្សេងៗគ្នាជាច្រើន ហើយអាជ្ញាធរជាតិអប្សរានឹងជូនដំណឹងជាបន្តបន្ទាប់ ពីពេលវេលានិងកម្មវិធីទាំងនោះ ដើម្បីជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិជ្រាប និងបានចូលរួមទស្សនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។