ថ្ងៃ​បញ្ចប់​នៃ​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ នឹង​បន្ត​មានកម្ម​វិធី​ពិព័រណ៍ និង​សកម្មភាព​សម្តែង​សិល្បៈ​ចម្រុះ​ជូន​សាធារណៈជន​ទស្សនា​

​រយៈពេល​ពីរ​ថ្ងៃ​កន្លងមកនេះ ចាប់ពី​ថ្ងៃទី​១៤ និង​១៥ ខែធ្នូ​នេះ ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​ឱឡារិក អធិក​អធម្ម ព្រមជាមួយ​កម្មវិធី​ជាច្រើន ទាំង​បែប​ប្រពៃណី​សាសនា កម្មវិធី​ពិព័រណ៍​បង្ហាញ​សមិទ្ធផល​ការងារ​សំខាន់ៗ​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​ការសម្តែង​សិល្បៈ​ជាច្រើន​ទម្រង់​។ ដោយមាន​ការចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ចូលរួម​ទស្សនា ស្វែងយល់​។​

​ឯកឧត្តម ឡុង កុសល អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍​ឱ្យដឹងថា នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២២​ស្អែក​នេះ ជា​ថ្ងៃ​ចុងក្រោយ​នៅក្នុង​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ សកម្មភាព និង​កម្មវិធី​ជាច្រើន​នៅតែ​បន្ត ដើម្បីឱ្យ​សាធារណៈជន​បាន​ចូលរួម​ទស្សនា​កម្សាន្ត​ដោយ​សេរី​។ ឯកឧត្តម​បន្តថា ចាប់ពី​ម៉ោង​០៨៖០០​ព្រឹក រហូតដល់​ម៉ោង​១៧៖០០​ល្ងាច មាន​តាំងពិព័រណ៍​សមិទ្ធផល​ការងារ​សំខាន់ៗ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ការតាំង​បង្ហាញ​ពី​សកម្មភាព​នៅ​សារមន្ទីរ សកម្មភាព​ការងារ​តាម​ការដ្ឋាន​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ និង​សកម្មភាព​ផ្សេងៗ រួមមាន​ការតាំងពិព័រណ៍​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ និង​បរទេស​។ នៅតាម​ស្តង់​បង្ហាញ​នីមួយៗ​មាន​អ្នកជំនាញ​លើ​ផ្នែក​ផ្សេងៗ​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។​ល​។ កម្មវិធី​ខាងលើ​រៀបចំ​នៅ​ទីតាំង​៖ បរិវេណ​មុខ​ប្រាសាទអង្គរវត្ត និង​ការដ្ឋាន​នានា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។​

​ឯកឧត្តម​បន្តថា នៅពេល​ល្ងាច​ចាប់ពី​ម៉ោង​១៨៖០០ ដល់​ម៉ោង​២២៖០០ មានការ​សម្តែង​សិល្បៈ​ល្ខោនស្បែក​ធំ សម្តែង​ដោយ​ក្រុម​សិល្បៈ​វត្ត​រាជ​បូរ​ណ៍ និង​ព្រឹត្តិការណ៍​ល្បែង​សៀក​ជាដើម​។ មាន​ទីតាំងនៅ​បរិវេណ​ខាងត្បូង នៃ​ទីលាន​បដិសណ្ឋាកិច្ច (​អតីត​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ​)​។ ឯកឧត្តម​អគ្គនាយករង មានប្រសាសន៍​បន្តថា កម្មវិធី​ខាងលើ​នឹង​បើក​ឱ្យ​សាធារណៈជន​ចូលរួម​ទស្សនា​ដោយ​សេរី ក្នុងន័យនេះ សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូលរួម​ទស្សនា​កម្សាន្ត​ឱ្យបាន​ច្រើន​កុះករ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close