អាយ​ស៊ី​ស៊ី​-​អង្គរ បើក​កិច្ចប្រជុំពេញអង្គ លើក​ទី​២៩ នៅ​ខេត្តសៀមរាប​

​គណ​:​ក​ម្មា​ធិ​ការ​អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា (​អាយ​ស៊ី​ស៊ី​-​អង្គរ​) និង​សំបូរ​ព្រៃ​គុក បាន​បើក​កិច្ចប្រជុំពេញអង្គរ​លើក​ទី​២៩ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប ក្រោម​អធិបតីភាព របស់លោក​ជំទាវ​បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា ព្រមទាំង​សហប្រធាន​នៃ​កិច្ចប្រជុំ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន និង ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។

​កិច្ចប្រជុំពេញអង្គ​លើក​ទី​២៩​នៃ​គណ​:​ក​ម្មា​ធិ​ការ​អាយ​ស៊ី​ស៊ី​-​អង្គរ នាពេលនេះ​នឹង​ពិនិត្យ ពិភាក្សា​ទៅលើ​របាយការណ៍​សកម្ម​ភាព​នានា​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក ការអភិរក្ស​ជួសជុល ការស្រាវជ្រាវ​បុរាណវិទ្យា និង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​ការងារ​សង្គ្រោះបន្ទាន់​ទៅលើ​ប្រាសាទ និង​បុរាណ​ដ្ឋា​ន​នានា​ជាដើម​។
​ក្នុងនោះដែរ​ក៏មាន​ការចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​ចំនួន​២៖ ១)​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​សហជីព​អង្គរ សង្កាត់​គ្រប់គ្រង​ទឹក​នៃ​ជ្រលង​ប៊ី​យ៉ែ​វ្រ SIAVB (​បារាំង​) ២) អាជ្ញាធរ​ជាតិ​អប្សរា និង ស្ថាប័ន​JASA ជប៉ុន​។​

​បន្ថែម​ពីលើ​នេះ នា​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២២ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច នឹង​ផ្តល់​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុងការ​បំពាក់​គ្រឿងឥស្សរយស ជូន​ដល់​អ្នកជំនាញ​ជាតិ​និង​អន្តរជាតិ​ដែល​បាន​ចូលរួមចំណែក​ក្នុង​កិច្ច​អភិរក្ស​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​រមណីយដ្ឋាន​អង្គរ​រយៈពេល​៣០​ឆ្នាំ​មកនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close