លែងមានការប្រកាសអាសន្ន ពីករណីឆ្លងកូវីដ១៩ទៀតឡើយនៅលើពិភពលោកឆ្នាំ២០២៣
សារព័ត៌មាន AFP នៅថ្ងៃ ទី១៥ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា ពិភពលោកបានស្ថិតនៅក្នុងស្ថានភាពអាសន្ន រយៈពេល៣ឆ្នាំកន្លងមក ដោយសារតែជំងឺរាតត្បាតកូវីដ១៩។ នៅក្នុងឆ្នាំ២០២៣នេះ ប្រមុខ WHO សង្ឃឹមថាការប្រកាសអាសន្នជំងឺកូវីដ១៩ នឹងមិនមានឡើយ។
ប្រធានអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បាននិយាយនៅថ្ងៃទី១៤ខែធ្នូថា លោកសង្ឃឹមថាជំងឺកូវីដ១៩ នឹងមិនត្រូវបានចាត់ទុកថាជាគ្រោះអាសន្នផ្នែកសុខភាពសាធារណសកលទៀតទេ នៅឆ្នាំ២០២៣ ខាងមុខ។
ការអត្ថាធិប្បាយរបស់លោក ហ្គេប្រេយ៉េស៊ូស ខាងលើនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ ចំពេលដែលប្រទេសចិនបានផ្លាស់ប្តូរគោលនយោបាយ «សូន្យ កូវីដ» ដ៏តឹងរ៉ឹងរបស់ខ្លួន និងអនុញ្ញាតឲ្យមនុស្សរស់នៅជាមួយមេរោគ ធ្វើឲ្យមានការព្រួយបារម្ភថាពិភពលោកអាចប្រឈមនឹងការកើនឡើងនៃការឆ្លងកូវីដ១៩ សារជាថ្មី។
នៅពេលសួរអំពីលក្ខខណ្ឌដែលត្រូវការសម្រាប់ការបញ្ចប់ភាពអាសន្នផ្នែកសុខភាពសាធារណៈសកល អ្នកជំនាញផ្នែកជំងឺរាតត្បាតជាន់ខ្ពស់របស់អង្គការសុខភាពពិភព (WHO) លោកស្រី ម៉ារៀ វាន ខឺកខូវ (Maria Van Kerkhove) បាននិយាយថា «នៅមានការងារច្រើនទៀតដែលត្រូវធ្វើ»។
នាយកផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោក ម៉ាយ រ៉ាយអាន (Mike Ryan) បានលើកឡើងស្រដៀងគ្នានេះថា «ប្រសិនប្រជាជនដ៏ច្រើនមិនទាន់បានចាក់វ៉ាក់សាំង ពិភពលោកនៅតែមានការងារជាច្រើនដែលត្រូវធ្វើ។ ត្រឹមតែវិធានការត្រួតពិនិត្យមិនអាចបញ្ចប់ជំងឺនេះបានទេ»។ ស្ថាប័ន WHO បានរៀបចំប្រជុំគ្នារៀងរាល់ពីរទៅបីខែម្តង ដើម្បីសម្រេចថាតើមេរោគកូវីដ១៩ ដែលបានសម្លាប់មនុស្សជាង ៦.៦លាននាទូទាំងពិភពលោក នៅតែតំណាងឲ្យ គ្រោះអាសន្នផ្នែកសុខភាពសាធារណៈសកល ដែរឬទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។