ថ្ងៃដំបូងភាពយន្ត Avatar : The Way of Water រកបាន ៥០លានដុល្លារ
ខ្សែភាពយន្ត Avatar : The Way of Water ប្រមូលបានជាង ១៧លានដុល្លារពីទីផ្សារ Box Office នៅសហរដ្ឋអាមេរិក និងកាណាដា នៅយប់ថ្ងៃចាក់បញ្ចាំងដំបូងបង្អស់នៅថ្ងៃព្រហស្បតិ៍។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនចែកចាយ Walt Disney Co.។
យ៉ាងណាមិញ ទំហំ ១៧លានដុល្លារនេះ នៅតិចជាងយប់នៃការចាក់បញ្ចាំងដំបូងរបស់រឿង “Black Panther: Wakanda Forever” ដែលរកបានចំណូលពីការចាក់បញ្ចាំងនៅទីផ្សារក្នុងស្រុកប្រមាណជា ២៨លានដុល្លារអាមេរិក។
ដោយឡែក បើគិតទាំងចំណូលពីទីផ្សារអន្តរជាតិបន្ថែមទៀត ភាគបន្តនៃភាពយន្តដែលរកបានចំណូលខ្ពស់ជាងគេបង្អស់លើពិភពលោកនេះអាចរកបានចំណូលប្រមាណជា ៥០,៤លានដុល្លារអាមេរិកពីថ្ងៃចាក់បញ្ចាំងដំបូង។
ចំពោះសំណួរដែលសាកសួរថា តើបើគិតចំណូលនៃរឿង Avatar : The Way of Water ដែលមានការចំណាយយ៉ាងសម្បើមលើការថត និងការធ្វើទីផ្សារនេះ លោករំពឹងយ៉ាងណាដែរ? អ្នកដឹកនាំរឿង លោក James Cameron បានប្រាប់ទស្សនាវដ្តី GQ ថាភាពយន្តនេះត្រូវរកឱ្យបានយ៉ាងតិច ២ពាន់លានដុល្លារទើបចាត់ទុកថាជាជោគជ័យ។
ខ្សែភាពយន្ត Avatar : The Way of Water ក្លាយជាភាគទី២ នៃភាពយន្ត Avatar ដែលបានចេញកាលពី ១៣ឆ្នាំមុន ជាមួយនឹងការត្រួសត្រាយផ្លូវនៃបច្ចេកវិទ្យា 3D ដែលបានកើបលុយពីទីផ្សារភាពយន្តទូទាំងពិភពលោកប្រមាណជា ២,៩ពាន់លានដុល្លារ។
នៅកម្ពុជា ភាពយន្ត Avatar : The Way of Water ឬជាចំណងជើងភាសាខ្មែរ Avatar : វិថីមហាសាគរ នឹងចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នេះ ប៉ុន្តែក៏មានការចាក់បញ្ចាំងពិសេស (Sneak Preview) ចាប់ពីថ្ងៃទី១៨ ខែធ្នូស្អែកនេះតទៅផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។