មហា​ព្រឹត្តិការណ៍​«​រាត្រី​ចងចាំ​»​លើក​ទី​៣ ឆ្នាំ​២០២២ រម្លឹក​គុណ​អង្គរ​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ភាពជោគជ័យ​

​ដើម្បី​ចូលរួម​អបអរសាទរ​ខួប​៣០​ឆ្នាំ នៃ​ការដាក់បញ្ចូល​រមណីយ​ដ្ឋា​ន​អង្គរ ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​រូបី​នៃ​ពិភពលោក​របស់​អង្គការ​យូណេស្កូ នា​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២២ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ សហការ​ដោយ​រដ្ឋបាល​ខេត្តសៀមរាប និង​អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​ព្រឹ​ត្ត​ការណ៍​ទស្សនីយភាព​សិល្បៈ រាត្រី​ចងចាំ សម្តែង​ជូន​សាធារណៈ​បាន​ទស្សនា នា​បរិវេណ​ខាងក្រោយ​ប្រាសាទអង្គរវត្ត ក្រោម​អធិបតីភាព​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោកជំទាវ​បណ្ឌិតសភា ភឿង ស​កុ​ណា
រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: និង​តំណាង​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​។​

​នៅពេល​បាន​ទៅ​ទស្សនា ការសម្តែង​សិល្បៈ​ក្នុង​ព្រឹត្តិការណ៍ «​រាត្រី​ចងចាំ​» នៅ​ខាងក្រោយ​ប្រាសាទអង្គរវត្ត ប្រជាពលរដ្ឋ​ជាច្រើន​រស់នៅក្នុង​ក្រុង​សៀមរាប បាន​លើកឡើងថា​ម្នាក់ៗ​មាន​អារម្មណ៍​សប្បាយរីករាយ​ជា​ពន់ពេក ក្រោយពី​បាន​ទស្សនា​នូវ​មហា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​។​

​ក្នុង​មហា​ព្រឹត្តិការណ៍​«​រាត្រី​ចងចាំ​»​បែបនេះ អាចធ្វើឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ បាន​ស្គាល់​កាន់តែច្បាស់ និង​ជាការ​រម្លឹក​ឱ្យដឹងថា ខ្មែរ​មាន​វប្បធម៌ អរិយធម៌​ដ៏​ល្អ​ផូរផង់ ហើយក៏​ជា​ចំណែក​មួយ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​និង​រួមចំណែក​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ចសង្គម​តាមរយ​:​វិស័យ​សិល្បៈ វប្បធម៌​។​មហា​ព្រឹត្តិការណ៍​ទស្សនីយភាព​សិល្ប​: វប្បធម៌​ដ៏​អស្ចារ្យ​ខាងលើនេះ ក៏បាន​បង្ហាញជូន​នូវ​បេតិកភណ្ឌ​វប្បធម៌​រូបី​និង​អរូបី​។​

​ឯកឧត្តម ទិ​ត ថា​វរិ​ទ្ធ ដែល​ទទួលបន្ទុក​ដឹកនាំ​ផ្ទាល់ នូវ​ការងារ​ទស្សនីយភាព​បា​ន​បញ្ជាក់ថា ក្រុមការងារ​លោកគ្រូ​អ្នកគ្រូ និង​សិល្បករ​ទាំងអស់​ប្រឹងប្រែង​យកចិត្តទុកដាក់​សំរិតសំរាំង​នូវ​ឈុត​ឆាក​ធំៗ​ដែល​បញ្ចូល​នូវ​ទំរង់​សិល្បៈ​ជាច្រើន​រួមបញ្ចូល​គ្នា ធ្វើយ៉ាងណា​អោយ​ទស្សនីយភាព​សិល្បៈ​មួយ​នេះ​មាន​ភាពទំនើប តែ​នៅ​រក្សាបាន​នូវ​ដំណើររឿង និង ខ្លឹមសារ​ជា​ខ្មែរ​ដដែល ដើម្បីអោយ​ទស្សនិកជន​ទទួលយក​ចាំ​ជាប់​អំពី​សមត្ថភាព​នៃ​ការរៀបចំ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប​:​។ ម្យ៉ាងទៀត​មហា​ព្រឹត្តិការណ៍​នេះ​មិន​ត្រឹមតែ​ជា​កិច្ចការ​ផ្សព្វផ្សាយ​អំពី​វប្បធម៌​ប៉ុណ្ណោះ​ទេ តែ​ជា​ការជួយ​ផ្សព្វផ្សាយ​អំពី​ទេសចរណ៍​ផងដែរ ដើម្បី​ជួយ​ជំរុញ​អោយ​ភ្ញៀវ​ទេសចរណ៍​វិលត្រឡប់​មកលេង​នៅ​ទឹកដី​អង្គរ​សារជាថ្មី​បន្ទាប់ពី​វិបត្តិ​កូ​វីដ​-១៩ ត្រូវបាន​កាត់បន្ថយ​។​

​សូម​ជម្រាប​ផងដែរ​ថា មហា​ព្រឹត្តិការណ៍ «​រាត្រី​ចងចាំ​»​លើក​ទី​៣ ឆ្នាំ​២០២២ កាលពី​រាត្រី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២២​នេះ មាន​សិល្បករ សិល្បការិនី​ក្នុង​ប្រព័ន្ធ ក្រៅ​ប្រព័ន្ធ​និង​ក្រុមការងារ​ប្រមាណ ៣៥០​នាក់ ចូលរួម​សម្តែង​ប្រកបដោយ​ភាពជោគជ័យ និង​បាន​បន្សល់ទុក​នូវ​ស្នាមញញឹម ព្រមទាំង​រីករាយ​បំផុត​ដោយបាន​ឃើញ​ប្រជាពលរដ្ឋ​ជាង​មួយ​ម៉ឺន​នាក់​ចូលរួម​ទស្សនា ដោយផ្ទាល់​នឹង​បាន​សំនូមពរ​អោយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បន្ត​រៀបចំ​នូវ​ព្រឹត្តិការណ៍​នេះ នៅ​ឆ្នាំ​២០២៣ និង​នៅ​ឆ្នាំ​បន្តបន្ទាប់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close