ករណីបើកលើសល្បឿន ស្នងការខេត្តកំពង់ចាម កំពុងស្រាវជ្រាវរកម្ចាស់ facebook មកធ្វើការបំភ្លឺ
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នាថ្ងៃទី១៩ ខែធ្នូ បានបកស្រាយបំភ្លឺ ចំពោះការចុះផ្សាយរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «រាជនី ធីតាសួគ៌» ពាក់ព័ន្ធនឹងការបើកបរលើសល្បឿនកំណត់ដោយកម្លាំងនគរបាលចរាចរណ៍ឃាត់រថយន្ដ ដើម្បីធ្វើការអប់រំណែនាំ និងផាកពិន័យ។
ការបកស្រាយបំភ្លឺនេះក្រោយពីស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានឃើញការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «រាជនី ធីតាសួគ៌» អំពីការមិនសុខចិត្តចំពោះមន្ត្រីចរាចរណ៍ដែលបានឃាត់រថយន្តខ្លួនក្រោមហេតុផលថាបានបើករថយន្តលើសល្បឿនកំណត់ដល់ទៅ ៨៦គីឡូម៉ែត្រក្នុងមួយម៉ោងខណៈខ្លួនបើកត្រឹមតែ ៣០គីឡូម៉ែត្រក្នុងមួយម៉ោងនៃល្បឿនកំណត់៦០គីឡូម៉ែត្រក្នុងមួយម៉ោង។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ«រាជនី ធីតាសួគ៌»បានបង្ហោះសារនៅលើហ្វេសប៊ុក ដោយអះអាងថាខ្លួនត្រូវបានមន្ត្រីនគរបាលចរាចរណ៍ចាប់ផាកពិន័យ ១៥ម៉ឺនរៀល និងដកពិន្ទុប័ណ្ណបើកបរ ២ពិន្ទុ។ ស្រាប់តែគ្រានោះ ម្ចាស់គណនីរូបនោះបានឆែកមើលកាមេរ៉ាក្នុងឡានរបស់ខ្លួនឱ្យមន្ត្រីចរាចរណ៍ត្រួតពិនិត្យ ក្រោយមកមន្ត្រីចរាចរណ៍ក៏បានអនុញ្ញាតឱ្យខ្លួនបន្តធ្វើដំណើរដោយមិនបានផាកពិន័យឡើយ។
ការពិតរឿងនេះត្រូវបានបញ្ចប់ត្រឹមមន្ត្រីនគរបាលចរាចរណ៍សម្រេចមិនផាកពិន័យ ប៉ុន្តែដោយសារតែ ម្ចាស់គណនីហ្វេសប៊ុក «រាជនី ធីតាសួគ៌» នៅតែមិនសុខចិត្ត ក៏បានបង្ហោះខ្លឹមសារដូចខាងលើនេះ។ ពាក់ព័ន្ធនឹងរឿងនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានបកស្រាយបំភ្លឺថា មន្ត្រីនគរបាលចរាចរណ៍បានឃាត់រថយន្តនោះ និងបានបង្ហាញភស្តុតាងថាម្ចាស់រថយន្តនោះបានបើកបរលើសល្បឿនកំណត់ ប៉ុន្តែគ្រានោះមន្រ្តីនគរបាលជំនាញមិនបានផាកពិន័យឡើយ ដោយគ្រាន់តែបានធ្វើការអប់រំណែនាំដោយផ្ទាល់មាត់អំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទៅកាន់អ្នកបើកបរ។
បច្ចុប្បន្ននេះសមត្ថកិច្ចជំនាញ បាននឹងកំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណម្ចាស់គណនីហ្វេសប៊ុករូបនេះ ដើម្បីមកធ្វីការសាកសួរបំភ្លឺ ជុំវិញករណីដែលបានបង្ហោះក្នុងបណ្ដាញសង្គមក្នុងករណីរកឃើញថា ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះខាងលើនោះបានប្រព្រឹត្តខុសហើយចោទប្រកាន់មកលើមន្រ្តីអនុវត្តច្បាប់ ដែលជាចេតនាទុច្ចរិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរដល់មន្រ្តីនគរបាលជាតិ ពិសេសមន្ត្រីអនុវត្តច្បាប់ នោះនឹងត្រូវអនុវត្តតាមនីតិវិធីច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។