ពលរដ្ឋ​ជាច្រើន​នៅ​ទីក្រុង​ប៉ារីស ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​បារាំង ចាក​ចេញពី​អង្គការ​ណា​តូ និង​សហភាព​អឺរ៉ុប​

គណបក្ស​ស្តាំនិយម​ជ្រុល Les Patriotes បានធ្វើ​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ទីក្រុង​ប៉ារីស ប្រឆាំងនឹង​គោលនយោបាយ​របស់​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង និង​សហភាព​អឺរ៉ុប ដោយ​ទាមទារ​ឱ្យ​ប្រទេស​បារាំង​ពិនិត្យឡើងវិញ​នូវ​សមាជិកភាព​របស់ខ្លួន​នៅក្នុង​អង្គការ​នេះ​។​

​តាម​សារព័ត៌មាន The Press United បាន​ផ្សាយ​ថា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ប្រជាជន​ជាច្រើន​បាន​ប្រមូល​ផ្តុំគ្នា​នៅតាម​ផ្លូវ​ក្នុង​ទីក្រុង​ប៉ារីស (​ប្រទេស​បារាំង​) ដើម្បី​តវ៉ា​ប្រឆាំងនឹង​សមាជិកភាព​របស់​ប្រទេស​បារាំង​នៃ​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (NATO) និង​សហភាព​អឺរ៉ុប (EU) ។​

​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ត្រូវបាន​រៀបចំឡើង​ដោយ​អតីត​គណបក្ស​ស្តាំនិយម Les Patriotes (​អ្នកស្នេហាជាតិ​)​។ មេដឹកនាំ​គណបក្ស​លោក Florian Philippot បាន​និយាយថា គោលបំណង​នៃ​ការតវ៉ា​នេះ​គឺ​ដើម្បី​ទាមទារ​ឱ្យ​ប្រទេស​បារាំង​ចាក​ចេញពី​អង្គការ​ណា​តូ និង​សហភាព​អឺរ៉ុប ក៏ដូចជា​រិះគន់​គោលនយោបាយ​សេដ្ឋកិច្ច និង​ការបរទេស​របស់​ប្រធានាធិបតី Emmanuel Macron ។​

​ក្រុមអ្នកតវ៉ា​បាន​កាន់​បដា​ដែល​សរសេរថា “​បារាំង​ត្រូវតែ​ចាកចេញ​ពី​ណា​តូ​” “​ការតស៊ូ​” និង​លើក​ទង់ជាតិ​បារាំង​។ ក្រុមអ្នកតវ៉ា​និយាយថា គោលនយោបាយ​សហភាព​អឺរ៉ុប និង​អង្គការ​ណា​តូ​បង្ក​ឲ្យ​មាន​ភាព​តានតឹង និង​វិបត្តិ​សេដ្ឋកិច្ច​នៅ​អឺរ៉ុប​។​

​យោងតាម​គេហទំព័រ​របស់​គណបក្ស Les Patriotes ការតវ៉ា​ស្រដៀង​គ្នា​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ខែកញ្ញា និង​ខែតុលា​។​អាជ្ញាធរ​បារាំង​មិន​បានធ្វើ​អត្ថាធិប្បាយ និង​មិនបាន​ផ្តល់​តួលេខ​ផ្លូវការ​លើ​ការតវ៉ា​នោះទេ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close