ចំបាប់​កម្ពុជា​ឈ្នះ​មេដាយ​១៩​គ្រឿង ក្នុងឋានៈ​ម្ចាស់ផ្ទះ ជើងឯក​អាស៊ីអាគ្នេយ៍ ២០២២

​អត្ត​ព​លិ​ក​កីឡា​ចំបាប់​កម្ពុជា ក្នុងឋានៈ​ម្ចាស់ផ្ទះ ​ការប្រកួត​កីឡា​ចំបាប់​ជើងឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២២ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ ក្នុងចំណោម​៧​ប្រទេស ជាមួយ​មេដាយ​សរុប ១៩​គ្រឿង នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ពីថ្ងៃ​ទី​១៦-១៨ ខែធ្នូ ឆ្នាំ​២០២២​។​

​មេដាយ​សរុប​១៩​គ្រឿង​របស់​កម្ពុជា មាន​មេដាយមាស ៣​គ្រឿង មេដាយប្រាក់​៦ និង​សំរឹទ្ធ​១៣​គ្រឿង ខណៈ​វៀតណាម​ឈរ​លេខ​១ ជាមួយ​មេដាយ​ច្រើន​រហូតដល់ ៣០​គ្រឿង ក្នុងនោះ​មេដាយមាស ១៨ មេដាយប្រាក់ ១១ និង​សំរឹទ្ធ​១​។ រីឯ ឥណ្ឌូណេស៊ី ឈរ​លេខ​២ មេដាយមាស ៦ ប្រាក់​៩ និង​សំរឹទ្ធ​៣​។​

​ថ្លែង​ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​ដែល​បញ្ចប់​ដោយ​ជោគជ័យ ក្រោម​ស្នាមញញឹម​នៃ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ លោក ខេ​ស៊ី បា​ណេ​ត អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​អាស៊ីអាគ្នេយ៍​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​រៀបចំ​ការប្រកួត​ចំបាប់​អន្តរជាតិ ជា​លើកដំបូង​នៅ​កម្ពុជា ប្រកបដោយ​រលូន ដើម្បី​ត្រៀម​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​លោក ខេ​ស៊ី បា​ណេ​ត អះអាងថា មេដាយ​សរុប​១៩​គ្រឿង​របស់​ប្រភេទ​កីឡា​ចំបាប់​កម្ពុជា នាពេលនេះ ជា​ចំនួន​មេដាយ​ច្រើន​បំផុត ក្នុង​ប្រវត្តិ​ប្រកួត​អាស៊ីអាគ្នេយ៍ របស់​ប្រភេទ​កីឡា​ចំបាប់ កន្លងមក​។ បន្ថែម​ពីលើ​នេះ បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ចូលរួម​នៅ​កម្ពុជា​ទាំងអស់​បាន​កោតសរសើ​រ​យ៉ាងខ្លាំង​ចំពោះ​ការរៀបចំ បដិសណ្ឋារកិច្ច និង​ការប្រកួត ប្រកបដោយ​លក្ខណៈ​ល្អប្រសើរ និង​យុត្តិធម៌​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close