ករណីគ្រឿងញៀនជិត១តោន​នៅខេត្តព្រះសីហនុ ពេលនេះសមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យ១០នាក់ មានទាំងខ្មែរ និង​ចិន

ករណីបង្រ្កាប​គ្រឿងញៀន​ប្រមាណជិត​១តោន​នៅ​ខេត្តព្រះសីហនុ​កាលពីពេលថ្មីៗនេះ ឥឡូវសមត្ថកិច្ច​បានឃាត់ខ្លួនជនសង្ស័យ​សរុបចំនួន១០នាក់ហើយ ដែល​មានជនជាតិខ្មែរ​ចំនួន​២នាក់ និង​ជនជាតិចិន​ចំនួន៨នាក់។

លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជ អាវុធហត្ថខេត្តព្រះសីហនុបានឱ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន​ទ្រង់​ទ្រាយធំនេះបានធ្វើ​ឡើង កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ រកឃើញថ្នាំញៀនចំនួន៣៤បាវ ដែលមានទម្ងន់រហូតដល់៨៨៤គីឡូក្រាម។

ក្រោយ​ការ​បង្រ្កាបសមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួនជនសង្ស័យ​ជា​បន្ត​បន្ទាប់​រហូត​ដល់ថ្ងៃទី២០ ខែធ្នូ ដោយ​ឃាត់ខ្លួនជនសង្ស័យប្រុសស្រីសរុបចំនួន១០នាក់។

លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី បន្ថែមថា តាមចម្លើយសារភាពរបស់ជនសង្ស័យពួកគេ រក្សាទុកគ្រឿងញៀនទាំងនេះ គឺគោលបំណង ដើម្បីជួញដូរទៅប្រទេសទី៣ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close