ក្រសួងវប្បធម៌ កំពុងស៊ើបអង្កេត និងដោះស្រាយ ករណីវាយកម្ទេចកុដិបុរាណ ក្នុងបរិវេណវត្តឧណ្ណាលោម
ភ្នំពេញ ៖ ករណីវាយកម្ទេចកុដិបុរាណក្នុងបរិវេណវត្តឧណ្ណាលោម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ជំហរសារជាថ្មីថា ខ្លួននឹងសហការជាមួយ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ដើម្បីស៊ើបអង្កេត និងដោះស្រាយតាមវិធានការច្បាប់ ចំពោះករណីវាយកម្ទេចកុដិបុរាណ ចំនួន ៣ ក្នុងបរិវេណវត្តឧណ្ណាលោមនេះ ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានលើកឡើងថាៈ ” ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមគោរព ជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា ករណីនៃការវាយកម្ទេចកុដិបុរាណ ចំនួន៣ (លេខ៤៣, ៤៤ និង ៤៥) ដែលបានកសាង នាកំឡុងឆ្នាំ១៩៣០ ក្នុងបរិវេណវត្តឧណ្ណាលោម រហូតដល់បាត់បង់ រូបភាពដើមទាំងស្រុង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ កន្លងមកនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសហការជិតស្និទ្ធ ជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការស៊ើបអង្កេត និងដោះស្រាយ តាមវិធានការច្បាប់ ដោយរក្សាទីតាំងនោះ ពុំឲ្យមានការសាងសង់ សំណង់អ្វីថ្មី រហូតដល់នីតិវិធីនានា ដែលមានជាធរមាន ត្រូវបានដោះស្រាយបញ្ចប់រួចរាល់ ” ។
សូមរម្លឹកថា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ លោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្ញើលិខិតទូលថ្វាយសម្តេចព្រះមហាសង្ឃ រាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងការសោកស្តាយ ចំពោះករណីវាយកុដិបុរាណទាំង៣នេះ។
យោងតាមលិខិតនោះ លោកស្រី ភឿង សកុណា បានបញ្ជាក់ថាៈ ” កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ទូលព្រះបង្គំបានទទួលដំណឹងពីមន្ត្រីជំនាញ និងមហាជន រាយការណ៍មក ស្តីពីករណីនៃការវាយកុដិបុរាណ ចំនួន៣ (កុដិលេខ ៤៣ ៤៣ និង ៤៥) ដែលកសាង កំឡុងឆ្នាំ១៩៣០ នៅក្នុងបរិវេណវត្តឧណ្ណាលោម ដើម្បីសាងសង់ព្រះចេតិយ ។ ក្រោយដឹងដំណឹងនេះ ក្រសួងមានការសោកស្តាយជាខ្លាំង ព្រោះកុដិទាំង ៣ នេះ ក្រសួងបានចាត់ទុកជា សម្បត្តិបេតិកភណ្ឌជាតិ ហើយបានចុះក្នុងបញ្ជី របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៧ ” ។
លោកស្រី ភឿង សកុណា បានបញ្ជាក់បន្ថែមថាៈ សកម្មភាពនេះ កំពុងរងការរិះគន់ យ៉ាងផុលផុសពីមហាជន តាមរយៈបណ្តាញសង្គម។ ក្នុងនាមក្រសួង ជាសេនាធិការ របស់រាជរដ្ឋាភិបាល ដែលមានតួនាទី និងភារកិច្ច ក្នុងការគ្រប់គ្រង ថែរក្សាការពារសម្បត្តិ បេតិកភណ្ឌវប្បធម៌ជាតិ ក្រសួងសូមបញ្ជាក់ទូលថ្វាយថា សកម្មភាពនៃការរុះរើ និងវាយ កម្ទេចកុដិចាស់ ដោយពុំបានសិក្សា ពិគ្រោះ និងការអនុញ្ញាត ពីក្រសួងវប្បធម៌ ជាទង្វើដែលផ្ទុយនឹងច្បាប់ ព្រមទាំងសារាចរ របស់រាជរដ្ឋាភិបាល ដែលជាឯកសារ គតិយុត្ត ជាធរមាន ជាមួយការចង្អុលបង្ហាញថា រាល់ការជួសជុលព្រះវិហារ ឬសំណង់ អគារបេតិកភណ្ឌនានា ត្រូវស្នើសុំការអនុញ្ញាតពីក្រសួងវប្បធម៌ ដែលជាក្រសួងជំនាញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។