ម៉ាឡេស៊ី៖ មនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព
មនុស្ស ៥ នាក់បានស្លាប់ ហើយមនុស្សជាង ៦៦.000 នាក់នៅក្នុងរដ្ឋចំនួន ៥ ក្នុងប្រទេសម៉ាឡេស៊ីត្រូវបានជម្លៀសចេញ បន្ទាប់ពីទឹកជំនន់ដ៏ធ្ងន់ធ្ងរបានវាយប្រហារផ្នែកជាច្រើននៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលម៉ាឡេស៊ីកាលពីថ្ងៃទី ២0 ខែធ្នូ បានឱ្យដឹងថា ក្នុងចំណោមជនរងគ្រោះដែលស្លាប់នោះ មានក្មេងប្រុសអាយុ១៥ខែម្នាក់។
ទីភ្នាក់ងារសារព័ត៌មាន Bernama បានផ្សាយថា តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស ដោយមនុស្ស ៣៧.៣៩២ នាក់នៅក្នុងរដ្ឋ Terengganu ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលសង្គ្រោះទឹកជំនន់។
ជនរងគ្រោះដោយទឹកជំនន់សរុបចំនួន ៦៦,៧១៨នាក់ ត្រូវបានកត់ត្រានៅមជ្ឈមណ្ឌលទាំងនេះ ដោយចំនួននៅតែបន្តកើនឡើងនៅក្នុងខេត្តតឺរ៉េងហ្គានូ (Terengganu) កឺឡាន់តាន់ (Kelantan) និងប៉េណាំង (Pahang)។
យោងតាមទិន្នន័យតាមដានទឹកជំនន់របស់រដ្ឋាភិបាល កម្រិតទឹកនៃទន្លេសំខាន់ៗមួយចំនួនរួមមានទន្លេស៊ុនហ្គៃ ហ្កូឡុក (Sungai Golok) និងស៊ុនហ្គៃ ឡេបៀ (Sungai Lebir) ក្នុងរដ្ឋកឺឡាន់តាន់ (Kelantan) ត្រូវបានចាត់ទុកថាជាទីមានគ្រោះថ្នាក់។
នាយកដ្ឋានឧតុនិយមម៉ាឡេស៊ី (MET Malaysia) បានឲ្យដឹងថា ទិន្នន័យបង្ហាញពីរលកទីពីរនៃខ្យល់មូសុងឦសាន ដែលពីមុនត្រូវបានព្យាករណ៍ថា នឹងអូសបន្លាយពីថ្ងៃទី១៧ ខែធ្នូ ដល់ថ្ងៃទី២១ ខែធ្នូ ហើយឥឡូវនេះត្រូវបានព្យាករថានឹងបន្តរហូតដល់ ថ្ងៃទី២៥ ខែធ្នូ។
គិតត្រឹមរសៀលថ្ងៃអង្គារសប្តាហ៍នេះ មនុស្សសរុបចំនួន ៩២,១៥៧នាក់ កំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះនៅទូទាំងរដ្ឋចំនួន ១១ ចាប់តាំងពីខ្យល់មូសុងបានវាយប្រហារប្រទេសម៉ាឡេស៉ី កាលពីដើមខែវិច្ឆិកាមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។