សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ។
តាមការអោយដឹងពី ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា ផ្លូវដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺតភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ មានប្រវែងសរុបជាង៤៣គីឡូម៉ែត្រ ត្រូវបានស្ថាបនា និងកែលំអរឡើងវិញរួចរាល់ជាស្ថាពរ ក្រោមកញ្ចប់ថវិកាជាតិប្រមាណ ៧៦លានដុល្លារអាមេរិក។ ផ្លូវជាចំណងដៃថ្មីរបស់រាជរដ្ឋាភិបាលជូនពលរដ្ឋខេត្តព្រះសីហនុ មានពីរខ្សែតភ្ជាប់គ្នា ដែល១ខ្សែមានឈ្មោះថាផ្លូវលេខ១៤៦B ឬហៅថា វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ទៅដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។ ១ខ្សែទៀតមានឈ្មោះផ្លូវលេខ១៤៨ ឬហៅថា តីរវិថីសម្តេចតេជោ ហ៊ុន សែន បន្តពីរង្វង់មូលស្ទឹងហាវ ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ និងមានមោទនភាពយ៉ាងខ្លាំងចំពោះការកើតមានឡើងជាបន្តបន្ទាប់នូវសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ។ សម្តេចតេជោបានមានប្រសាសន៍ថា សមិទ្ធផលទាំងអស់នេះ មិនត្រឹមតែបម្រើជាប្រយោជន៍សម្រាប់អ្នកខេត្តព្រះសីហនុប៉ុណ្ណោះនោះទេ តែក៏សម្រាប់ពលរដ្ឋនៅទូទាំងប្រទេសផងដែរ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកថា ផ្លូវ១៤៦Bនេះ គឺជាផ្លូវដែលមានការបិណ្ឌបាត្រផ្ទាល់ដោយ សម្តេចព្រះសង្ឃរាជ ទេព វង្ស ដូច្នេះហើយទើបផ្លូវនេះបានដាក់ឈ្មោះថា វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព្យ វង្ស។
សម្តេចតេជោបានមានប្រសាសន៍ថា ផ្លូវ១៤៦B និង១៤៨ ដែលសម្ពោធព្រឹកនេះ គឺជាសមិទ្ធផលកើតឡើងដោយដៃប្រជាពលរដ្ឋផ្ទាល់ តាមរយៈការប្រើប្រាស់ថវិកាសន្សំរបស់ជាតិ។ សម្តេចតេជោបានកោតសរសើរដល់ក្រសួងសាធារណការ និងដឹកជញ្ជូន និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានប្រឹងប្រែងសាងសង់ផ្លូវតភ្ជាប់រវាងស្រុកព្រៃនប់ ស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុនាពេលនេះ។
សម្តេចតេជោក៏បានមានប្រសាសន៍ទៀតថា បច្ចុប្បន្ននេះ បើទោះបីជាមានផ្លូវល្បឿនលឿន ឬផ្លូវ៣៧ខ្សែក្នុងក្រុងព្រះសីហនុក៏ដោយ តែបើគ្មានផ្លូវតភ្ជាប់១៤៦B និង១៤៨ទេ នោះការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុនៅតែលំបាក។ដូច្នេះ ក្នុងនាមរាជរដ្ឋាភិបាលសម្តេចនៅតែផ្តល់អាទិភាពដល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីដោះស្រាយការលំបាក នៃធ្វើដំណើរ និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ គឺជាការបែងចែងផ្លែផ្កាសេដ្ឋកិច្ចជាតិប្រកបដោយសមធម៌។ សម្តេចតេជោបានរំលឹកថា ថវិកាជាតិដែលទម្លាក់មកកសាងហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុសរុបមាន៤០០លានដុល្លារ រួមទាំងទាំងការសាងសង់ផ្លូវនៅពេលនេះផងដែរ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅពេលខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងអភិវឌ្ឍន៍ កសាង ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតសម្រាប់បម្រើប្រយោជន៍ប្រជាជនកម្ពុជា ដូចជាការសាងសង់ ស្ពានតភ្ជាប់ពីផ្សារចាស់ ទៅអរិយក្សត្រ, ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, ផ្លូវបាត់ដំបង-សៀមរាប,ស្ពានទន្លេមេគង្គខេត្តក្រចេះ និងផ្លូវដែកល្បឿនលឿនជាដើម។
សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ពីសារៈសំខាន់នៃផ្លូវដែលត្រូវសម្ភោធនៅថ្ងៃនេះ ដែលជាខ្សែផ្លូវវាងក្រុងតភ្ជាប់គ្នា ដ៏មានសក្តានុពល ដោយតភ្ជាប់ពីទីប្រជុំជនទៅជាយក្រុង ទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរធម្មជាតិ ព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវទាំង ៣៧ខ្សែ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុផងដែរ។ ផ្លូវនេះគឺដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ផងដែរ។ទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោក៏ ហ៊ុន សែន នៅតែអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋពេលដែលទទួលបានផ្លូវស្អាតហើយនោះ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសការបើកបរដោយមានការប្រុងប្រយ័ត្នជានិច្ច ត្រូវគោរពតាមការកំណត់ល្បឿនបើកបរ និងបើកបរប្រកបដោយការយោគយល់គ្នា ជៀសការបង្ករគ្រោះថ្នាក់ចរាចរណ៍។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា និងបានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B និងផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុចាប់ពីពេលនេះតទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។