ឯកឧត្តម ឃួង ស្រេង អភិបាល នៃអភិបាលរាជធានីភ្នំពេញ ស្នើសុំសម្តេចក្រឡាហោម ស ខេង ដកប្រធានពន្ធនាគារ PJ
រាជធានីភ្នំពេញ៖តាមសេចក្តីរាយការណ៍បានឲ្យដឹងនៅថ្ងៃអង្គារ ១១ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែ ធ្នូឆ្នាំ២០១៨ នេះថា ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើលិខិតមួយច្បាប់ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៨ ស្នើសុំទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងសម្រេចផ្ទេរភារកិច្ច (ដក) លោក ពេជ្រ យ៉ុន ពីប្រធានពន្ធនាគាររាជធានីភ្នំពេញ PJ ឲ្យទៅបម្រើការការងារនៅអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃវិញ។
តាមសេចក្តីរាយការណ៍បានទម្លាយឲ្យដឹងថាមូលហេតុដែលឯកឧត្តមអភិបាលរាជធានីភ្នំពេញដាក់ការស្នើសុំទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដកប្រធានពន្ធនាគាររាជធានីភ្នំពេញនោះ បន្ទាប់ពីលោក ពេជ្រ យ៉ុន មិនបានយកចិត្តទុកដាក់បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យសមស្របជាប្រធានអង្គភាពនិងគ្រប់គ្រងអ្នកទោសក្នុងពន្ធនាគារមិនបានត្រឹមត្រូវតាមនីតិវិធីច្បាប់។
ជាមួយនេះដែរលោក ពេជ្រ យ៉ុន មិនបានយកចិត្តទុកដាក់ចូលរួមកិច្ចប្រជុំនានាតាមការអញ្ជើញរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងមានការបែកបាក់សាមគ្គីភាពផ្ទៃក្នុងក្នុងអង្គភាពទៀតផង។ភាពអសកម្មទាំងនេះបានធ្វើឲ្យជះឥទ្ធិពលមិនល្អដល់ការងារដឹកនាំរបស់អង្គភាពពន្ធនាគារ និងរដ្ឋបាលរាជធានីភ្នំពេញ។
តាមសេចក្តីរាយការណ៍បានបន្ថែមថាមិនដឹងមន្រី្តនគរបាលណាម្នាក់ទេដែលមកជំនួសលោក ពេជ្រ យ៉ុន ? តែមានប្រភពព័ត៌ខ្លះបានបង្ហើបឲ្យដឹងថា មន្ត្រីនគរបាលដែលត្រូវមកជំនួសតំណែងប្រធានពន្ធនាគាររាជធានីភ្នំពេញ (PJ) នោះ ជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែងគឺលោក លីម ធីដា ខណៈដែលលោក ពេជ យ៉ុន ត្រូវដកបញ្ឈរជើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។