រដ្ឋមន្ត្រីក្រសួងវប្បធម៌ នាំយកនូវថវិកាជាង ៨ម៉ឺនដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា
ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូនាំយកថវិកាចំនួួន ៨២,៧០៣ ដុល្លាអាមេរិក ដែលបានមកពីការរៀបចំព្រឹត្តិការណ៍ “រាត្រីសមោសរសប្បុរសធម៌” នៅខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ មកប្រគល់ជូនលោក Dr. DENIS LAURENT អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា។
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក៏បានមានប្រសាសន៍ផងដែរថានេះគឺជាចូលរួមចំណែកតូចមួយក្នុងការជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះថាមន្ទីរពេទ្យត្រូវចំណាយថវិកាជាច្រេីនក្នុងការពិនិត្យព្យាបាលជូនកុមារកម្ពុជាដែលមានជំងឺដោយឥតគិតថ្លៃ។
នាឱកាសនេះផងដែរលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានរំលឹកនូវគុណូបការៈរបស់លោកវេជ្ជបណ្ឌិត Beat Richner និងវេជ្ជបណ្ឌិត Peter Studer ស្ថាបនិកនៃមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាចាប់តាំងពីឆ្នាំ១៩៩២មក ហេីយលោកជំទាវក៏បានធ្វេីទស្សនកិច្ចស្វែងយល់អំពីដំណេីរការនៃមន្ទីរពេទ្យគន្ធបុប្ផា និងសួរសុខទុុក្ខកុមារដែលមានជំងឺបេះដូង ដែលបានវះកាត់រួច និងទទួលការព្យាបាលពីក្រុមគ្រូពេទ្យ។
ជាចុងក្រោយលោកអគ្គនាយក DENIS LAURENT តាំងនាមឲ្យគណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី ទាំងអស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានលះបង់កំលាំងកាយចិត្ត ស្មារតី ពេលវេលា ក្នុងការរៀបចំព្រឹត្តិការណ៍ “រាត្រីសមោសរសប្បុរសធម៌” នៅខេត្តសៀមរាប ដេីម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។