រុស្ស៊ីមានគោលដៅ បង្កើនចំនួនកងទ័ពដល់ទៅ១,៥លាននាក់
យោងតាមសារព័ត៌មាន Al Jazeera កាលពីថ្ងៃទី ២១ ខែធ្នូ ក្នុងសន្និសីទចុងឆ្នាំជាមួយមេបញ្ជាការយោធារុស្ស៊ី រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu បាននិយាយថា កងទ័ពរុស្ស៊ីត្រូវតែពង្រីកពីទាហានបច្ចុប្បន្ន ១ លាននាក់ ដល់ 1.5 លាននាក់ រួមទាំងទាហានកិច្ចសន្យាស្ម័គ្រចិត្តចំនួន 695.000 នាក់ផងដែរ។
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីក៏បានស្នើបន្ថែមអាយុកាតព្វកិច្ចយោធាសម្រាប់ពលរដ្ឋចាប់ពីអាយុ ២១ ដល់ ៣០ ឆ្នាំ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Al Jazeera បានឱ្យដឹងថា នៅក្រោមច្បាប់បច្ចុប្បន្ន ជនជាតិរុស្ស៊ីដែលមានអាយុចន្លោះពី ១៨ ទៅ ២៧ ឆ្នាំអាចត្រូវបានហៅឱ្យចូលបម្រើយោធា។
ទោះជាយ៉ាងណាក៏ដោយ លោក Shoigu មិនបាននិយាយថានៅពេលណាដែលយោធារុស្ស៊ីគ្រោងនឹងឈានដល់ចំនួនថ្មីនោះទេ។ នៅក្នុងសន្និសីទខាងលើ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសន្យាផ្តល់កងកម្លាំងប្រដាប់អាវុធនូវអ្វីដែលពួកគេបានស្នើសុំ ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធានៅអ៊ុយក្រែន។ លោកពូទីនបានសង្កត់ធ្ងន់ថាមិនមានដែនកំណត់ផ្នែកហិរញ្ញវត្ថុចំពោះអ្វីដែលរដ្ឋាភិបាលនឹងផ្តល់យោធានោះទេ។
ថ្ងៃទី ២១ ខែធ្នូ ប្រតិកម្មចំពោះព្រឹត្តិការណ៍ដែលប្រធានាធិបតីអ៊ុយក្រែនធ្វើទស្សនកិច្ចនៅអាមេរិក វិមានក្រឹមឡាំងបាននិយាយថា ខ្លួនមិនបានឃើញការរំពឹងទុកនៃកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែនបន្ទាប់ពីដំណើរទស្សនកិច្ចលើកនេះ។ រុស្ស៊ីក៏បានសង្កត់ធ្ងន់ថា ការបន្តផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិចដល់អ៊ុយក្រែននឹងនាំទៅរក “ភាពធ្ងន់ធ្ងរ” នៃជម្លោះ និង “មិនល្អ” សម្រាប់អ៊ុយក្រែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។