កម្ពុជា និង​អូស្ត្រាលី ប្តេជ្ញាចិត្ត​បន្ត​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​

(​ភ្នំពេញ​)៖ នា​រសៀល​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២២ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួប ឯកឧត្តម PABLO Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ចប់​អាណត្តិ​ដើម្បី​សម្ដែង​ការគួរសម និង​ជម្រាបលា​។

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​រដ្ឋមន្ដ្រី បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​និង​បាន​អបអរសាទរ​ចំពោះ ឯកឧត្តម​ឯកអគ្គរាជទូត ដែល​បាន​បំពេញបេសកកម្ម​ប្រកបដោយ​ជោគជ័យ​នៅ​កម្ពុជា ព្រមទាំង​បាន​កោតសរសើរ​ចំពោះ​តួនាទី និង​ការចូលរួមចំណែក​យ៉ាងសកម្ម​របស់​ឯកឧត្តម​ឯកអគ្គរាជទូត ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​និង​ទំនាក់ទំនង​កម្ពុជា​-​អូស្ត្រាលី ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម​។

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​អបអរសាទរ​ខួប​លើក​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី​សម្រាប់​ការគាំទ្រ​ជា​បន្តបន្ទាប់ ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា ដែល​ក្នុងនោះ​រួមមាន​ទាំង​ការឧបត្ថម្ភ​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដែលជា​ការចូលរួមចំណែក​ដល់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​អូស្ត្រាលី ដែល​បាន​ផ្តល់ជំនួយ​ក្រោម​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ទ្វេភាគី​ថ្មី កម្ពុជា​-​អូស្ត្រាលី (Cambodia Australia Partnership for Resilient Economic Development (CAP-RED) ក៏ដូចជា​កម្មវិធី​ពាណិជ្ជកម្ម​តំបន់ (RT4D) ដែល​ក្នុងនោះ ក្រសួងពាណិជ្ជកម្ម នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ពី​កម្មវិធី​ទាំងនេះ ផងដែរ​។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​កោតសរសើរ​ចំពោះ​ការគាំទ្រ​លើ​ការងារ​កិច្ច​ប្រកួតប្រជែង និង​កិច្ចការពារ​អ្នកប្រើប្រាស់ ហើយ​សង្ឃឹមថា អូស្ត្រាលី នឹង​បន្ត​ការគាំទ្រ​នៅក្នុង វិស័យនេះ​។

​ក្នុងជំនួប​នេះ​ផងដែរ ភាគី​ទាំងពីរ ក៏បាន​ស្វាគមន៍​ចំពោះ​ការសម្រេច​បានជា​ដុំកំភួន នូវ​ការចរចា​ដំ​ទ្បើង​កម្រិត​នៃ​កិច្ចព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​អូស្ត្រាលី​-​នូ​វែ​ល​សេ​ទ្ប​ង់ (AAZNFTA Upgrade) ដែលជា​សមិទ្ធផល អាទិភាព​សេដ្ឋកិច្ច​មួយ​របស់​កម្ពុ​ជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​។

​ជា​កិច្ចបញ្ចប់ ភាគី​ទាំងពីរ​បានបញ្ជាក់​សារជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​បន្ត​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ សំដៅ​ពង្រឹង ពង្រីក និង​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម និង​វិនិយោគ រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close