ពន្ធដារ នឹង​ចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ លើ​មធ្យោបាយ​ដឹកជញ្ជូន ឆ្នាំ​២០២២ ចាប់ពី​ពាល់​កណ្តាល​ខែមករា ឆ្នាំ​២០២៣ តទៅ​

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ ចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​២០២២ ចាប់ពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៣ តទៅ​។​

​តាម​សេចក្តីជូនដំណឹង​អគ្គនាយកដ្ឋាន​ពន្ធដារ ចុះ​ថ្ងៃទី​២២ ខែធ្នូ បានឱ្យដឹងថា ក្រុមការងារ​ចម្រុះ​រាជធានី​-​ខេត្ត ដឹកនាំ​ដោយ​មន្ត្រី​ពន្ធដារ រួមសហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ នឹង​ចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​២០២២ នៅតាម​គោលដៅ មួយចំនួន​លើ​កំណាត់​ផ្លូវ​សំខាន់ៗ​នៃ​រាជធានី​-​ខេត្ត ចាប់ពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៣ តទៅ​។​

​សេចក្តីជូនដំណឹង​បន្តថា ក្នុងករណី​ម្ចាស់​យានយន្ត​ខកខាន​មិនបាន​ប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ ប្រចាំឆ្នាំ​២០២២​កន្លងទៅ សូមមេត្តា​រួសរាន់​អញ្ជើញ​ទៅ​ប្រកាស​បង់ពន្ធ និង​បង់ប្រាក់​ពិន័យ​តាមច្បាប់​ជា​ធរមាន នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ឬ​នៅតាម​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ឬ​តាម​មធ្យោបាយ​នៅតាម​ដៃគូ​សហការ​ធនាគារ​។

​សេចក្តីជូនដំណឹង​បញ្ជាក់ថា ៖ «​អគ្គនាយកដ្ឋាន​ពន្ធដា​រ​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា ម្ចាស់​យានយន្ត ទាំងអស់​នឹង​យកចិត្តទុកដាក់​គោរព​កាតព្វកិច្ច​សារពើពន្ធ និង​រួសរាន់​អញ្ជើញ​ទៅ​ប្រកាស​បង់ពន្ធ​បាន​គ្រប់ៗ​គ្នា និង​បាន ទាន់ពេលវេលា ស្របតាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់ ដើម្បី​ចៀសវាង​នូវ​ក្រុមការងារ​ចម្រុះ រួមសហការ​ជាមួយ​អាជ្ញា​ធរមាន សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ ធ្វើ​ការឃាត់​យានយន្ត​តាម​ដងផ្លូវ​តម្រូវឱ្យ​បង់ប្រាក់​ពន្ធ ដែលនាំឱ្យ​ខកខាន​ពេលវេលា និង​កកស្ទះ ចរាចរណ៍​ធ្វើដំណើរ​ដែល​អាច​កើតមាន​នូវ​បាតុភាព​អសកម្ម​ដោយ​ប្រការ​ណាមួយ​ជាយថាហេតុ​»៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close