កូនស្រី​របស់លោក​ថាក់​ស៊ីន​លេចធ្លោ​ជាងគេ​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​

​តាម​ការស្ទង់មតិ​រប​ស់​វិទ្យាស្ថាន​ជាតិ​អភិវឌ្ឍន៍​របស់​ប្រទេស​ថៃ បានប្រកាស​ឲ្យ​ដឹងថា លោកស្រី Paetongtarn “Ung-ing” Shinawatra កូនស្រី​របស់​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅតែ​ជា​ជម្រើស​កំពូល​សម្រាប់​នាយករដ្ឋមន្ត្រី​ថៃ ក្នុងការ​បោះឆ្នោត​នា​ឆ្នាំ​២០២៣​។​

​យោងតាម​កាសែត​បាងកក​ប៉ុស្តិ៍​បាន​ផ្សាយ​ថា ការស្ទង់មតិ​នេះ​ត្រូវបាន​ធ្វើឡើង​ពីថ្ងៃ​ទី ១៧ ដល់​ថ្ងៃទី ២២ ខែធ្នូ តាមរយៈ​ការសម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​មនុស្ស ២000 នាក់​ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ មកពី​កម្រិត​អប់រំ មុខរបរ និង​ប្រាក់ចំណូល​ផ្សេងៗ​នៅ​ទូទាំងប្រទេស​។ ការស្ទង់មតិ​នេះ​មាន​គោលបំណង​វាស់​ស្ទង់​កម្រិត​គាំទ្រ​របស់​បេក្ខជន​ដែលមាន​សក្តានុពល​សម្រាប់​នាយករដ្ឋមន្ត្រី និង​គណបក្សនយោបាយ​នៅក្នុង​ការបោះឆ្នោត​សកល​នាពេលខាងមុខ​។​

​កូនស្រី​របស់​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ទទួលបាន​សំឡេងគាំទ្រ ៣៤% នាំមុខ​លើ​នាយករដ្ឋមន្ត្រី​កំពុងកាន់​អំណាច ប្រា​យុទ្ធ ចាន់​អូ​ចា ដែលមាន​សំឡេងគាំទ្រ​តែ ១៤.០៥% និង​លោកស្រី ភី​តា លីម​ចា​រ៉ុ​ន​រ៉ាត់ មេដឹកនាំ​គណបក្ស​រីកចម្រើន ១៣.២៥% ។​

​ចំនួន​ការគាំទ្រ បច្ចុប្បន្ន សម្រាប់​លោកស្រី Paetongtarn Shinawatra បាន​កើនឡើង​ពី ២២% នៅក្នុង​ការស្ទង់មតិ​ប្រចាំត្រីមាស​ដែល​បាន​ធ្វើឡើង​នៅក្នុង​ខែកញ្ញា​ឆ្នាំ​២០២២​។​

​អ្នកបោះឆ្នោត​ខ្លះ​បាន​និយាយថា ពួកគេ​ចូលចិត្ត​របៀបវារៈ និង​កំណត់ត្រា​ពីមុន​របស់​គណបក្ស​ភឿ​ថៃ ខណៈដែល​អ្នក​ផ្សេងទៀត​គាំទ្រ​គំនិត​របស់​មេដឹកនាំ​ជំនាន់​ថ្មី​។ គណបក្ស​ភឿ​ថៃ​បានចាប់ផ្តើម​យុទ្ធនាការ​បោះឆ្នោត​របស់​ខ្លួន​ក្នុង​ខែ​នេះ ក្នុង​គោលបំណង​ដើម្បី​គ្រប់គ្រង​រដ្ឋាភិបាល​នៅក្នុង​ការបោះឆ្នោត​បន្ទាប់​។ គណបក្ស​ភឿ​ថៃ​បាន​សន្យាថា​នឹង​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន 70% នៅ​ចុងបញ្ចប់​នៃ​អាណត្តិ​រយៈពេល ៤ ឆ្នាំ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ជា​មធ្យម ៥% ជា​រៀងរាល់ឆ្នាំ ប្រសិនបើ​ខ្លួន​ឡើងកាន់​អំណាច​។​

​យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គមជាតិ​របស់​ប្រទេស​ថៃ ផលិតផល​ក្នុងស្រុក​សរុប (GDP) នៅ​ខែកក្កដា ដល់​ខែកញ្ញា បាន​កើនឡើង 4.5 ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយសារ​ការកើនឡើង​នៃ​វិស័យ​ទេសចរណ៍ និង​ការប្រើប្រាស់​ផ្ទាល់ខ្លួន​កើនឡើង​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close