អាមេរិក​៖ រដ្ឋ​ចំនួន​៤៨ ក្នុងចំណោម​៥០ រង​ការវាយប្រហារ​ដោយ​ព្យុះ​ព្រិល ជើងហោះហើរ​ជាច្រើន​ត្រូវ​លុបចោល​

​យោងតាម នាយកដ្ឋាន​ព្យាករណ៍​អាកាសធាតុ​ជាតិ​របស់​សហរដ្ឋអាមេរិក​បាន​បញ្ជាក់ថា ព្យុះ​ព្រិល​ដ៏​គួរឱ្យ​ភ័យខ្លាច​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​មនុ​ស្សរា​ប់​សិប​លាន​នាក់​នៅក្នុង​ប្រទេស​នេះ​។​

​អាកាសធាតុ​ត្រជាក់​បាន​គ្របដណ្តប់​រដ្ឋ​ទាំង ៤៨ របស់​សហរដ្ឋអាមេរិក​កាលពី​ចុង​សប្តាហ៍ ជើងហោះហើរ​ជិត​៦៥០០ ត្រូវបាន​លុបចោល​ដោយសារតែ​ព្យុះ​ព្រិល​។ យ៉ាងហោចណាស់​មនុស្ស ជិត​៥០ នាក់​បាន​ស្លាប់​។​

​សារព័ត៌ AFP នៅ​ថ្ងៃ​អង្គារ ទី​២៧ ខែធ្នូ ឆ្នាំ​២០២២ បាន​ផ្សាយ​ថា​ការលុបចោល និង​ការពន្យារពេល​ជើងហោះហើរ​នានា ដោយសារតែ​បញ្ហា​អាកាសធាតុ ដែល​រំខាន​ចរាចរណ៍​ពាណិជ្ជកម្ម​ផ្លូវអាកាស​របស់​សហរដ្ឋ​អាមេរិក ចាប់តាំងពី​ចុង​សប្តាហ៍​មុន បានអូសបន្លាយ​ចូលដល់​ថ្ងៃនេះ​។​

​យោងតាម​សេវា​តាមដាន​ជើងហោះហើរ FlightAware ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​ជាង ៣,៨០០​ជើង ត្រូវបាន​លុបចោល​កាលពី​ថ្ងៃ​២៦​ខែធ្នូ ក្នុងនោះ​មាន​២,៨០០​ជើង ជា​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Southwest ឬ​ស្មើនឹង​ជិត ៧០%​នៃ​គម្រោង​ជើងហោះហើរ​សរុប​របស់​អាកាសចរណ៍​នេះ​។ រីឯ​ការពន្យារពេល​ជើងហោះហើរ​ទៅ និង​មក​សហរដ្ឋអាមេរិក មាន​ចំនួន ៧,១០០​ជើង​។​

​ក្រុមហ៊ុន Southwest Airlines បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា បញ្ហា​ប្រឈម​កំពុង​ជះឥទ្ធិពល​ដល់​អតិថិជន និង​និយោជិត​របស់​យើង​នៅក្នុង​លក្ខខណ្ឌ​មួយ ដែល​មិនអាច​ទទួលយកបាន​។ ក្រសួង​ដឹកជញ្ជូន​របស់​សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹងថា ខ្លួន​នឹង​ពិនិត្យមើល​លើ​ចំនួន​ដ៏​ច្រើន​នៃ​ជើងហោះហើ​របស់​ក្រុមហ៊ុន Southwest Airlines ដែល​ត្រូវបាន​លុបចោល និង​ពន្យារពេល ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដើម្បី​កំណត់ថា​តើ​ពួកគេ​អាច​គ្រប់គ្រង​ស្ថានភាព​នេះ​បាន​ឬទេ​។​

​សូមបញ្ជាក់ថា Southwest Airlines ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ដា​ឡាស់ (Dallas) នៃ​រដ្ឋ​តិច​សាស់ និង​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​តម្លៃ​ទាប​បំផុត​មួយ​របស់​ពិភពលោក បាន​ប៉ាន់ប្រមាណ​ថា ការរំខាន​ដោយសារ​កត្តា​អាកាសធាតុ អាច​នឹង​បន្ត​រហូត​ដល់ពេល​ឆ្លង​ឆ្នាំ នៅ​ចុង​សប្តាហ៍​នេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close