ចិន ប្រគល់​វ៉ាក់សាំង​វ៉ាក់សាំង​សត្វ ១​លាន​កម្រិត ដល់​កម្ពុជា​

​កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២២ នៅ​ទីស្តីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានរៀបចំ​ពិធី​ប្រគល់​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​សត្វ​ចំនួន ១​លាន​កម្រិត ដែលជា​អំណោយ​របស់​ក្រសួងកសិកម្ម និង​កិច្ចការ​ជនបទ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដល់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រោម​អធិបតីភាព ឯកឧត្តម ឌិ​ត ទីណា​។

​ឯកឧត្តម​រដ្ឋមន្ត្រី ថ្លែងអំណរគុណ​ដល់​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដែល​បានផ្ដល់​អំណោយ​ជា​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​សត្វ​ចំនួន​១​លាន​កម្រិត​ដើម្បី​ចូលរួមចំណែក​ក្នុងការ​គ្រប់គ្រង​ជំងឺឆ្លង​សត្វ​នៅ​កម្ពុជា​។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា និង សហការី​របស់​ឯកឧត្តម ដែល​តែងតែ​ជួយ​គាំទ្រ​ដល់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏ដូចជា​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ រហូតមក​។

​គួរ​រំឭក​ផងដែរ​ថា នាពេល​កន្លងមក​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ចិន​លើ​វិស័យ​កសិកម្ម​សំខាន់ៗ​ដូចជា​ដំណាំ ការចិញ្ចឹម​សត្វ នេសាទ និង​កៅស៊ូ​ជាដើម ត្រូវបាន​អនុវត្ត​យ៉ាង​ពេញលេញ និង​ទទួលបាន​ផ្លែផ្កា ជាក់ស្តែង​នាពេល​ថ្មីៗ​នេះ កម្ពុជា​បាន​នាំចេញ​ផ្លែ​មៀន​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​បាន​ជាង ២.៦០០​តោន គិត​ត្រឹម​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២២ ហើយ​នាពេលខាងមុខ កម្ពុជា​នឹង​នាំចេញ ពោត ម្រេច និង​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត​ទៅកាន់​ទីផ្សារ​ចិន​ផងដែរ​។

​ក្នុង​ពិធី​ប្រគល់​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​សត្វ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា បាន​លើកឡើងថា វិស័យ​ចិញ្ចឹមសត្វ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើន​ប្រាក់ចំណូល លើកកម្ពស់​ការរស់នៅ និង​ជំរុញ​សេដ្ឋកិច្ចជាតិ ហើយ​កន្លងមក​អគ្គនាយក​ដ្ឋា​ន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក៏ដូចជា​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការជំរុញ​វិស័យនេះ​ឱ្យមាន​ការរីកចម្រើន​ផងដែរ ប៉ុន្តែ​បញ្ហាលំបាក​មួយចំនួន​នៅតែមាន ដូចជា​៖ ១). ជំងឺឆ្លង​សត្វ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ការចិញ្ចឹម ការផ្គត់ផ្គង់​សាច់ និង​ផលិតផល​សត្វ​នៅលើ​ទីផ្សារ​ក៏ដូចជា​សេដ្ឋកិច្ច​នៅ​កម្ពុជា ដែល​កន្លងមក​ប្រទេស​កម្ពុជា​បាន​ជួបប្រទះ​នូវ​ការផ្ទុះ និង​ឆ្លង​រាលដាល​នៃ​ជំងឺ​មួយចំនួន​ដូចជា ជំងឺ​អុតក្តាម ជំងឺសារ​ទឹក​គោក្របី ជំងឺប៉េស្ត​ជ្រូក ជំងឺផ្ដាសាយបក្សី ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក និង​ជំងឺ​ដុំ​ពក​ស្បែក​លើ​គោក្របី ដែល​ធ្វើឱ្យ​ខូចខាត​យ៉ាងខ្លាំង​ដល់​អ្នក​ចិញ្ចឹមសត្វ​ជាពិសេស​កសិករ​នៅ​ជនបទ និង ២). មន្ទីរពិសោធន៍ និង​ធនធានមនុស្ស​នៅមានកម្រិត បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ការអភិវឌ្ឍ​វិស័យ​ចិញ្ចឹមសត្វ​ផងដែរ​។

​សូម​ជម្រាប​ដែរ​ថា វ៉ាក់សាំង​សត្វ​១​លាន​កម្រិត​ដែល​ទទួលបាន​ពី​ក្រសួង​ក​សិ​ម្ម និង​កិច្ចការ​ជនបទ​នៃ​ប្រទេស​ចិន​លើក​នេះ រួមមាន វ៉ាក់សាំង​ជំងឺ​អុតក្តាម ៣​ប្រភេទ សម្រាប់​គោក្របី ចំនួន ៥០​ម៉ឺន​កម្រិត និង​វ៉ាក់សាំង​ជំងឺ​បូស​ខ្យល់​គោក្របី​សរុប ៥០​ម៉ឺន​កម្រិត ហើយ​វ៉ាក់សាំង​ទាំងនេះ​នឹង​ជួយ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​សត្វ​ដែល​បាន និង​កំពុង​កើតមាន ជា​បន្ថែម​ទៅនឹង​វ៉ាក់សាំង​ដែល​កម្ពុ​ជាមាន​ស្រាប់​។​

​ជាទី​បញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ក៏ដូចជា​ឯកឧត្តម Wang Wentian និង​សហការី ព្រមទាំង​ក្រុមហ៊ុន​ចិន​ទាំងពីរ​គឺ ក្រុមហ៊ុន Tianjin Ringpu Biotechnology
​និង ក្រុមហ៊ុន Chongqing Auleon Biologicals, Huapai Biological Group ដែល​បានផ្តល់​វ៉ាក់សាំង​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close