​សម្តេច​តេ​ជោ ​ផ្តល់អនុសាសន៍​គន្លឹះ ៩ចំណុច ក្នុងពិធី​បិទ​សន្និបាត​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់

កាលពី​រសៀល​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២២ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ របស់​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់​។ ពិធី​បិទ​សន្និបាត​នេះ ធ្វើឡើង​នៅ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​។ ក្រៅពី​អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ របស់​ក្រសួង ហើយ​នោះ សម្តេច​តេ​ជោ ក៏​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ ប្រើប្រាស់​អគារ​មន្ទីរពិសោធន៍​ជាតិ​សំណង់ របស់​ក្រសួង​ដែលមាន​តម្លៃ​ប្រមាណ ៣​លាន​ដុល្លារ ទើប​សាងសង់​បញ្ចប់​កាលពីពេល​ថ្មីៗ​នេះ​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន រីករាយ​ដែល​បាន​អញ្ជើញ​ចូលរួម​បិទ​សន្និបាត​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់​នា​ថ្ងៃនេះ​។ នៅថ្ងៃនេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ជំរុញ​ឱ្យ​អាជ្ញាធរ​ចេញ​បញ្ជី​ក្បាលដី​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន ១០០​ភាគរយ នៅ​ឆ្នាំ​២០២៣ ដែល​បច្ចុប្បន្ន​សម្រេចបាន​ជាង ៩០​ភាគរយ​ហើយ​នោះ​។​សម្តេច​តេ​ជោ​ក៏បាន​ណែ​នាំឱ្យ​អភិបាលខេត្ត​ទាំងអស់​យកចិត្តទុកដាក់​ខ្ជាប់ខ្ជួន​លើ​ការងារ​ចុះបញ្ជី​ក្បាលដី​ជូន​ប្រជាពលរដ្ឋ​បាន​ឆាប់ និង​បាន​ណែ​នាំឱ្យ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធតុលាការ ឱ្យបាន​ច្រើន​ផងដែរ​។ សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែងថា វិវាទ​ដីធ្លី​មិនមែនជា​រឿង​ថ្មី​ង​ថ្មោង​នោះទេ បញ្ហា​នេះ​កើតឡើង​ក្រោយ​ប្រទេស​មាន​សុខសន្តិភាព​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា វិវាទ​ដីធ្លី​មានតែ​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ ទើប​ងាយស្រួល​។​
​សម្តេច​តេ​ជោ​ក៏​សុំអោយ​តុលាការ​កុំ​ពូកែ​តែ​រឿង​ចាប់ចង​ខ្លាំងពេក​។ ជាក់ស្តែង​នៅថ្ងៃនេះ សម្តេច​តេ​ជោ​បាន​ណែ​នាំឱ្យ​ពិនិត្យ​លើ​រឿង​បុគ្គលិក​ទូរទស្សន៍​បាយ័ន​ម្នាក់​ដែល​គេ​ចាប់ខ្លួន តើ​រឿង​ពិត ឬ​បែបណា​? សម្តេច​តេ​ជោ ក៏បាន​ណែនាំ​ដល់​នគរបាល​យុត្តិធម៌ និង​កងរាជអាវុធហត្ថ កុំ​ពូកែ​រឿង​ចាប់ចង​តាម​បញ្ជា​របស់​តុលាការ​ពេក​។ សម្តេច​តេ​ជោ​បញ្ជាក់ថា អ្នកដោះស្រាយ​វិវាទ​ត្រូវ​រក្សា​ភាព​អ​ព្យា​ក្រឹត្យ គ្មាន​លំអៀង ទើប​ដោះស្រាយ​បញ្ហា​បាន​ដោយ​យុត្តិធម៌​។​ ​នៅថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ការងារ​កាត់​ឆ្វៀល​ដី​តំបន់​បឹង​ទន្លេសាប ឱ្យ​រួចរាល់​ត្រឹម​ខែឧសភា ឆ្នាំ​២០២៣​។ សម្តេច​តេ​ជោ​ក៏បាន​ណែនាំ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ យកចិត្តទុកដាក់ និង​ព​ន្លឿ​ន​សេវា​ជូន​ប្រជាពលរដ្ឋ​។​

​នៅក្នុង​ឱកាស​នោះ​សម្តេច​តេ​ជោ ក៏បាន​ផ្តល់នូវ​អនុសាសន៍​គន្លឹះ​មួយចំនួន​ដូចខាងក្រោម​៖
១-​សូម​បន្ត​អនុវត្ត​ផែនការ​ចុះបញ្ជី​ដី រួមទាំង​ការចុះបញ្ជី​ដី​រដ្ឋ ដី​សាធារណ​របស់​រដ្ឋ ដី​សម្បទាន​សេដ្ឋកិច្ច និង​ដី​សហគមន៍​ជនជាតិដើម​ភាគតិច ដើម្បី​ធានា​នូវ​សុវត្ថិភាព​នៃ​ការកាន់កាប់​ដីធ្លី ដែលជា​ទុន​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​ជូន​ប្រជាពលរដ្ឋ សម្រាប់​រស់នៅ ដាំ​ដុះ និង​វិនិយោគ ដើម្បី​បង្កើត​មុខរបរ និង បង្កើន​ប្រាក់ចំណូល​
២-​ត្រូវ​បន្ត​លើកទឹកចិត្ត​ឱ្យមាន​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​មូលដ្ឋាន ជាពិសេស​វិវាទ​ដីធ្លី​ដើម្បី​ពង្រឹង​សុវត្ថិភាព​នៃ​ការកាន់កាប់​ដី បង្កើត​ភាពសុខដុមរមនា​-​សង្គម បង្ក​ភាពអនុគ្រោះ​ដល់​ដំណើរការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច នៅតាម​មូលដ្ឋាន និង​ឈានទៅ​បង្កើនល្បឿន នៃ​ការកាត់បន្ថយ​ភាពក្រីក្រ​
៣-​ត្រូវ​បន្ត​ពង្រីក​វិសាលភាព​នៃ​ការអនុវត្ត​គម្រោង​សាងសង់​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍ ដោយ​ផ្កាយរណប​សម្រាប់ ការគ្រប់គ្រង​ដី និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យបាន​ទូទាំងប្រទេស ។​
៤-​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​សំណង់ ទាំង​លើ​ការងារ​សាងសង់​និង​ការត្រួតពិនិត្យ​សំណង់ ដើម្បី​ធានា​បង្កើន​គុណភាព សុវត្ថិភាព និង​សុខមាលភាព​របស់​ម្ចាស់​សំណង់ អ្នកប្រើប្រាស់​សំណង់ និង​សាធារណជន ។ ទន្ទឹម​នោះ ត្រូវ​បន្ត​ការយកចិត្តទុកដាក់​ការពារ​សំណង់​អគារ​បេតិកភណ្ឌ និង​ជំរុញ​ការចុះបញ្ជី​ទីតាំង​តំបន់​ការពារ​បុរាណ​ដ្ឋា​ន​ជូន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​
៥-​សូម​បន្ត​លើកទឹកចិត្ត និង​គាំទ្រ​គម្រោង​សាងសង់​លំនៅឋាន​តម្លៃ​សមរម្យ​សំដៅ​លើកកម្ពស់​សិទ្ធិ​រប​ស់​ប្រជាពលរដ្ឋ ក្នុងការ​ទទួលបាន​លំនៅឋាន​សមរម្យ ។ បន្ត​អនុវត្ត​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច ដើម្បី​ចែក​ដី​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ខ្វះ​ដី និង​បន្ត​អនុវត្ត​ចែក​ដី និង​ផ្ទះ​ជូន​កងកម្លាំងប្រដាប់អាវុធ​កំពុង​ឈរជើង​នៅតាម​ព្រំដែន​
៦-​ត្រូវ​ជំរុញ​ការអភិរក្ស​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ស្របគ្នា​នឹង​ការអភិវឌ្ឍ​នៅ​តំបន់​អភិវឌ្ឍ​រុន​តា​ឯក និង​តំបន់​ពាក់​ស្នែ​ក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ចាកចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​តំបន់​នោះ ដោយ អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​គោលនយោបាយ​គាំទ្រ​ផ្នែក​សង្គមកិច្ច និង​ផ្នែក​ហេ​ដ្ឋា​រ​ច​ន​សម្ព័ន្ធ​ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ ។​
៧-​ត្រូវ​បន្ត​ដោះស្រាយ​បញ្ហា​ជូន​ប្រជាជន​ដែល​រស់នៅ​ជា​ភូមិករ​នៅ​ជុំវិញ​បឹង​ទន្លេសាប ដោយ​ធ្វើ​បច្ចុប្បន្នភាព​ផែនទី​តាម​ខេត្ត​នីមួយៗ កែសម្រួល​ព្រំប្រទល់​តំបន់ ៣ ព្រំប្រទល់​តំបន់ ២ និង​កាត់​ឆ្វៀល​ទីតាំង​ដី ដែល​ប្រជាជន​រស់នៅ​ពី​យូរលង់​មកហើយ​ក្នុង​តំបន់ ៣ និង​តំបន់ ២ ឱ្យ​ចប់​មុនពេល​បោះឆ្នោត​សកល​ឆ្នាំ ២០២៣
៨-​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា និង​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​ខេត្ត​ទាំង ៤ ត្រូវ​ជំរុញ​រៀបចំ​ផែនការ​អភិរក្ស ការពារ និង​អភិវឌ្ឍ​តំបន់ឆ្នេរ​ដើម្បី​គាំទ្រ​ដល់​ការអភិរក្ស និង​ការអភិវឌ្ឍ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព ចីរភាព និង សមធម៌ ឱ្យ​ស័ក្តិ​សមជា​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកល​-​លោក និង​ជាតា​រា​រៈ​នៅ​ទិសនិរតី​
៩-​សូម​រួមគ្នា​បន្ត​ពង្រឹង និង​កែលម្អ​ការផ្តល់សេវា​សាធារណៈ​គ្រប់​ប្រភេទ ដោយ​ជំរុញ​អនុវត្ត​ឱ្យបាន​តាម​ទិស​ស្លោក «​ធ្វើឱ្យបាន ធ្វើឱ្យ​លឿន និង​មាន​តម្លាភាព​» ក្នុង​ការផ្តល់សេវា​-​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​យកចិត្តទុកដាក់​ដោះស្រាយ​រាល់​សំណូមពរ និង​ខិតខំ​កាត់បន្ថយ​ការ​ថ្នាំងថ្នាក់​របស់​ប្រជាជន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close