សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ ជា «សហព័ន្ធកីឡាអត្តពលកម្មកម្ពុជា»
ភ្នំពេញ៖ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ ជា «សហព័ន្ធកីឡាអត្តពលកម្មកម្ពុជា» នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ ២០១៨-២០២២ និងបន្តអាណត្តិថ្មីទី៨ ពីឆ្នាំ២០២២-២០២៦ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំនាយកដ្ឋាកអប់រំកាយ និងកីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិក។
មហាសន្និបាតនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមវត្តមានឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសហព័ន្ធកីឡាអត្តពលកម្មកម្ពុជា។
សមាសភាពគណៈកម្មាធិការប្រតិបត្តិសហព័ន្ធអត្តពលកម្មកម្ពុជាអាណត្តិថ្មីនេះមានចំនួន២៣រូប ក្នុងនោះឯកឧត្តម សំហេង បុរស ជាប្រធានសហព័ន្ធ អមដោយអនុប្រធាន៦រូប គឺឯកឧត្តម ផៃ សុខ ឯកឧត្តម ហួត ពុំ ឯកឧត្តម ឆាន់ សុផល លោក ដួង មាសចំរើន លោក ដាំ ភារម្យ និងលោកស្រី ជួប វិច្ឆិកា។
ក្នុងសមាសភាព២៣រូបនេះ អង្គមហាសន្និបាតបានអនុម័តជាឯកច្ឆ័នបញ្ជូលសមាសភាពថ្មីចំនួន១២រូប ដើម្បីពង្រឹងក្បាលម៉ាស៊ីនដឹកនាំជួយជ្រោមជ្រែងដល់ការអភិវឌ្ឍវិស័យកីឡាអត្តលពកម្មកម្ពុជាឲ្យកាន់តែរីកចម្រើន ជាពិសេសគោលដៅចម្បងចំពោះមុខ គឺដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
មហាសន្និបាតក៏បានអនុម័តរបាយការណ៍វឌ្ឍនភាពការងារ របាយការណ៍ហិរញ្ញវត្ថុ វិសោធនកម្មលក្ខន្តិកៈ បោះឆ្នោតជ្រើសគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី រយៈពេល៤ឆ្នាំបន្តនៃអាណត្តិថ្មី ២០២២-២០២៦ ដោយទទួលបានពីសំឡេងគាំទ្រ១០០%ពីសមាជិកមានសិទ្ធិបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។