អាជ្ញាធរ នឹងផ្អាកចរាចរផ្លូវមួយចំនួន ក្នុងក្រុងសៀមរាប ដើម្បីអបអរសាទរព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០២៣
សៀមរាប៖រដ្ឋបាលខេត្តសៀមរាបបានប្រកាសផ្អាកចរាចរជាបណ្ដោះអាសន្នលើកំណាត់ផ្លូវមួយចំនួនក្នុងក្រុងសៀមរាបចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ដើម្បីអបអរសាទរព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០២៣ ក្នុងក្រុងសៀមរាប។
យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី២៨ ខែធ្នូ បានឱ្យដឹងថា ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរ និងចៀសវាងការកកស្ទះចរាចរ រដ្ឋបាលខេត្តសៀមរាប នឹង ផ្អាកចរាចរជាបណ្ដោះអាសន្នលើកំណាត់ផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ក្នុងការរៀបចំអបអរសាទរព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០២៣។
រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយរដ្ឋបាលក្រុងសៀមរាប មន្ទីរ- អង្គភាព សមត្ថកិច្ច សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងក្រុមហ៊ុនមួយចំនួនធ្វើការរៀបចំកម្មវិធីជិះទូកកម្សាន្ត តាំងពិព័រណ៍ ផ្សារទឹក បាញ់កាំជ្រួច និងប្រគំតន្ត្រី ក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០២៣នៅទីតាំងតំបន់សួនច្បារព្រះរាជដំណាក់ តំបន់មាត់ស្ទឹងសៀមរាប និង់តំបន់ផាប់ស្ទើត ក្នុងក្រុងសៀមរាប ខេត្តសៀមរាប រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។
រដ្ឋបាលខេត្តបានបញ្ជាក់ថា ៖ «កម្មវិធីនេះធ្វើឡើងដើម្បីអបអរសាទរកម្មវិធីបុណ្យឆ្លងឆ្នាំសកល២០២២ ចូលឆ្នាំ២០២៣ ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរជាតិ- អន្តរជាតិ មកទស្សនាខេត្តសៀមរាបឱ្យបានច្រើនកុះករថែមទៀត ហើយដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរ និងចៀសវាងការកកស្ទះចរាចរ រដ្ឋបាលខេត្ត នឹងផ្អាកចរាចរជាបណ្ដោះអាសន្នលើកំណាត់ផ្លូវមួយចំនួនផងដែរ»។
ផ្លូវដែលផ្អាកចរាចរជាបណ្តោះអាសន្នមាន៖ កំណាត់ផ្លូវស៊ីវត្ថា ចាប់ពីចំណុចមុខរោងកុន Major Cineplex ដល់ចំណុចប្រសព្វរវាង ផ្លូវលេខ១០ និងផ្លូវសុខសាន្ត, កំណាត់ផ្លូវតំបន់ផាប់ស្ទើត ផ្សារចាស់ និងផ្លូវ ២ធ្នូ, កំណាត់ផ្លូវពោធិ៍កំបោរ (ផ្លូវប៉ែកខាងលិចស្ទឹង) ចាប់ពីរង្វង់មូលស្ពានថ្មព្រះរាជដំណាក់ រហូតដល់ស្ពានវត្តរាជបូណ៌។ ប្រភពដដែលបានបន្តថា រដ្ឋបាលខេត្តក៏ផ្អាកចរាចរបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួនទៀតតាមស្ថានភាពចរាចរជាក់ស្ដែង។
រដ្ឋបាលខេត្តបន្តថា ដើម្បីជួយសម្រួលនិងចៀសវាងការកកស្ទះចរាចរក្នុងភូមិសាស្ត្រក្រុងសៀមរាប រដ្ឋបាលខេត្ត រដ្ឋបាលក្រុងសៀមរាប និងសមត្ថកិច្ចពាក់ព័ន្ធ បានរៀបចំទីតាំងចំណតយានយន្តគ្រប់ប្រភេទនៅតាមចំណុច និងទីតាំង ដូចជា ស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត, វិទ្យាល័យ ១០ មករា ១៩៧៩, តារាងកីឡាបាល់ទះ(ក្រោយមន្ទីរពេទ្យកុមារអង្គរ), ចំណតរថយន្ត អាងក្រពើ, សាលាបឋមសិក្សាជាស៊ីម, សាលាបឋមសិក្សាស្ទឹងថ្មី,ចំណតបណ្តោយផ្លូវជាតិលេខ៦ និងទីតាំងចំណតមួយចំនួនទៀតតាមស្ថានភាពជាក់ស្តែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។