សហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានជ្រើរើសកីឡាករ កីឡាការិនីឆ្នើមជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២
លោក ប៉ែន វុទ្ធី អនុប្រធានទទួលបន្ទុករួមនាយកដ្ឋានអប់រំកាយ និងកីឡា បានលើកឡើងថាការប្រកួតកីឡាឡើងភ្នំជ្រើរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ដែលបានដំណើរការអស់រយៈពេល ៣ថ្ងៃកន្លងមកនេះ គឺជាការផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនី បានបញ្ចេញនូវ ទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលកីឡាករ កីឡាការិនីម្នាក់ៗបានហ្វឹកហាត់កន្លងមក និងត្រៀមប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ។
លោកអនុប្រធានទទួលបន្ទុករួមបានបន្ថែមទៀតថា សហព័ន្ធត្រូវខិតខំពង្រឹងការដឹកនាំដោយអនុវត្តទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធដែលបានចែង ពង្រឹងនឹងពង្រីកក្លិបនៅតាមបណ្តាខេត្តនានា ទាំងភ្នំធម្មជាតិ និងភ្នំសិប្បនិម្មិត (Climbing Gym) មានភាពសាមគ្គីក្នុងសហព័ន្ធ ក្លិប គ្រូបង្វឹក កីឡាករ កីឡាការិនី ធ្វើការបំផុស ផ្សព្វផ្សាយ ក្នុងគោលដៅដើម្បីអភិវឌ្ឍកីឡាឡើងភ្នំឱ្យមានការរីកចម្រើនទាំងនៅលើឆាកជាតិ អន្តរជាតិ ការចំណាយថវិកាគ្រាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យចំគោលដៅ លើការងាររដ្ឋបាល ការងារបណ្តុះបណ្តាល និងការងាររៀបចំការប្រកួត។
ជាថ្មីម្តងទៀត លោកអនុប្រធានទទួលបន្ទុករួមនាយកដ្ឋានអប់រំកាយ និងកីឡា ថ្លែងអំណរគុណដល់ម្ចាស់ផ្សារទំនើប Fun Mall ក្លិបកីឡាឡើងភ្នំ Power Up ដែលបានសហការផ្តល់ទីតាំងឲ្យសហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២នេះ ចប់ទៅដោយរលូន និងទទួលបានជោគជ័យ ។
លោកទុយ ប៊ុនហឿន អនុប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជាបានគូសបញ្ជាក់ថា ការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិមានរយៈពេល៣ ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ ២៨ ខែធ្នូ ឆ្នាំ២០២២ ក្លឹបចូលរួមប្រកួតចំនួន ៨ មានកីឡាករ កីឡាការិនី ប្រតិភូ និងគ្រូបង្វឹក សរុបចំនួន ៦៨នាក់ មានវិញ្ញាសាប្រកួតសរុបចំនួន ១២ រួមមាន ៖ ១-វិញ្ញាសា Speed អាយុក្រោម ១៤ឆ្នាំ បុរស/នារី ២-វិញ្ញាសា Lead អាយុក្រោម ១៤ឆ្នាំ បុរស/នារី ៣-វិញ្ញាសា Speed អាយុក្រោម ១៧ឆ្នាំ បុរស/នារី ៤-វិញ្ញាសា Lead អាយុក្រោម ១៧ឆ្នាំ បុរស/នារី ៥-វិញ្ញាសា Speed អាយុ ១៨ឆ្នាំឡើង បុរស/នារី ៦-វិញ្ញាសា Lead អាយុ ១៨ឆ្នាំឡើង បុរស/នារី ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។