អ្នកទេសចរអៀរឡង់ម្នាក់ ធ្លាក់ពីលើរថភ្លើងស្លាប់ នៅប្រទេសថៃ
ថៃ៖ បុរសដែលបានចូលប្រទេសថៃ កាលពីថ្ងៃច័ន្ទ ត្រូវបានគេស្គាល់ថាឈ្មោះ Patrick Ward អាយុ ៤៥ ឆ្នាំ ។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក Ward បានធ្វើដំណើរតាមរថភ្លើងជាមួយក្រុមទេសចរណ៍ពីទីក្រុងបាងកកទៅកាន់ទីប្រជុំជន Kanchanaburi នៅលើផ្លូវមួយដែលមានឈ្មោះថា The Burma Railway ជាកន្លែងដែលមានស្ពាននៅលើ River Kwai។ ស្ពាននេះត្រូវបានធ្វើឱ្យល្បីល្បាញដោយប្រលោមលោកនិងខ្សែភាពយន្តឆ្នាំ ១៩៥០ ដែលមានឈ្មោះថា The Bridge on the River Kwai ។

ផ្លូវដែកដែលតភ្ជាប់ប្រទេសថៃទៅភូមាមួយនេះ ត្រូវបានសាងសង់ឡើងដោយកម្លាំងពលកម្ម កំឡុងការកាន់កាប់របស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី ២ ហើយត្រូវបានគេស្គាល់ថាជា “ផ្លូវដែកមរណៈ” ពីព្រោះអ្នកទោសសង្គ្រាមសម្ព័ន្ធមិត្តជាង ១២០០០ នាក់ និងកម្មករបង្ខំរាប់ម៉ឺននាក់បានស្លាប់ ក្នុងអំឡុងពេលសាងសង់។
យោងតាមសាក្សីបានឲ្យដឹងថា នៅពេលដែលរថភ្លើងបានបន្ថយល្បឿននៅកន្លែងដែលមានទេសភាព ពេលនោះ លោក Ward បានបើកទ្វារក្នុងទូរថភ្លើង ហើយបានធ្លាក់ពីជម្រាលភ្នំ កម្ពស់ចន្លោះពី ៧ ទៅ ៨ ម៉ែត្រ។ ការធ្វើកោសល្យវិច័យត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ នៅទីក្រុងបាងកក ហើយប៉ូលីសបានសាកសួរសមាជិកក្រុមទេសចរណ៍ដើម្បីស៊ើបអង្កេតមូលហេតុនៃគ្រោះថ្នាក់នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។