កម្ពុជា នឹង​អាច​នាំចេញ​ទំនិញ ទៅកាន់​ប្រទេស​ចិន រហូត​ទៅដល់ ៩៧,៥៣ %

​កំពត​៖ ថ្លែង​នៅក្នុង​ពិធីបើកការដ្ឋាន​ស្តារ និង​លើក​កម្រិត​គុណភាព​ផ្លូវ​ពីរ​ខ្សែ គឺ​ផ្លូវជាតិ​លេខ​៣១ និង​លេខ​៣៣ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពត និង​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២២ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ​ក្ដី​រំពឹងថា កម្ពុជា នឹង​អាច​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​កាន់តែច្រើន តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ដែល​ចិន​បានផ្ដល់​ភាពអនុគ្រោះ​ច្រើន​ដល់​កម្ពុជា​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ទៀតថា ក្នុង​ឆ្នាំ​២០២២ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​ចិន មាន​ទំហំ​ប្រមាណ ១៤៥០០​លាន​ដុល្លារ មាន​កំណើន ១៩% បើ​ធៀប​នឹង​ឆ្នាំ​២០២១​។

​សម្ដេច​តេ​ជោ សង្ឃឹមថា នាពេលខាងមុខ កម្ពុជា​នឹង​អាច​នាំចេញ​ទំនិញ​ទៅកាន់​ប្រទេស​ចិន​កាន់តែច្រើន តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ដែលជា​ការអនុគ្រោះ​ពន្ធ​រហូត​ទៅដល់ ៩៧,៥៣ % ។​

​សម្ដេច​បន្តថា​៖ ទាំងអស់នេះ យើង​គួរតែ​រំលឹក​ទៅដល់​ចំណងទាក់ទង ដែល​បាន​កសាង​តាំងពី​ដំណាក់កាល​នៃ​អ្នក​ជំនាន់​មុន​។ សម្ដេច​តេ​ជោ​បញ្ជាក់ថា ប្រទេស​ចិន តែងតែ​ផ្ដល់ឱ្យ​កម្ពុជា តាម​តម្រូវការ​ជានិច្ច​។​

​សូម​រំលឹកថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២២ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close