មីស៊ីលរុស្ស៊ី ១២០ គ្រាប់ វាយប្រហារទៅលើទីតាំងនៅប្រទេសអ៊ុយក្រែន ក្នុងមួយថ្ងៃ
ទីប្រឹក្សា ប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានប្រកាសឲ្យដឹងថា រុស្ស៊ីបានបាញ់មីស៊ីលដល់ទៅ ១២០គ្រាប់ទៅលើទីក្រុងនានាក្នុងប្រទេសអ៊ុយក្រែន។ ការវាយប្រហារសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ។
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២ សំឡេងប្រកាសអាសន្ន អំពីការវាយប្រហារតាមផ្លូវអាកាស ត្រូវបានបន្លឺឡើងនៅទូទាំងអ៊ុយក្រែន ក្នុងថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលកងកម្លាំងរុស្ស៉ី ទើបតែបើកការវាយប្រហារដោយមីស៉ីលជាង ១២០គ្រាប់ទៀត។
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Oleksiy Arestovych បានបង្ហោះសារលើ Facebook ថា រុស្ស៉ីបានបាញ់ស្រោចមីស៉ីល ប៉ុន្មានលើកបន្តបន្ទាប់គ្នា ខណៈបើសរុបចំនួនមីស៉ីលដែលរុស្ស៉ីបានប្រើប្រាស់ ក្នុងការវាយប្រហារកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ គឺប្រហែលជាង ១២០គ្រាប់។
កំលុងការវាយប្រហារនោះ សំឡេងផ្ទុះត្រូវបានគេលឺ នៅតាមទីក្រុងមួយចំនួនរបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវផងដែរ។ អភិបាលទីក្រុងកៀវ បានអះអាងថា ការវាយប្រហារមីស៉ីលរបស់រុស្ស៉ី បានបណ្តាលឱ្យមនុស្សមួយចំនួនទទួលរងរបួស ខណៈអភិបាលនៅទីក្រុងលីវ (Liv) បាននិយាយថា មួយផ្នែកធំនៃទីក្រុង បានបាត់បង់ថាមពលអគ្គិសនី។
ការបាញ់ស្រោចមីស៉ីលថ្មីចុងក្រោយនេះកើតមានឡើង បន្ទាប់ពីវិមានក្រឹមឡាំងបានច្រានចោល ផែនការសន្តិភាព១០ចំណុច របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលមានគោលដៅកំណត់ឱ្យ រុស្ស៉ីគោរពបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយដកទ័ពចេញទៅវិញទាំងអស់។ កាលពីថ្ងៃពុធ ទីក្រុងមូស្គូប្រកាសទាត់ចោលផែនការនេះ ដោយទទូចឱ្យអ៊ុយក្រែនទទួលស្គាល់តំបន់ចំនួន៤ គឺដូណេត និងលូហាន នៅភាគខាងកើត ព្រមទាំងខឺសុននិងហ្សាប៉ូរិចហ្ស៉ីយ៉ា នៅភាគខាងត្បូង ដែលរុស្ស៉ីបានកាត់បញ្ចូល ជាឧបសម្ពន្ធរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។