សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ និង​ផ្លូវ​ត​ភ្ជាប់ នៅ​ខេត្តក្រចេះ

នៅ​ព្រឹក​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម វ៉ាង វិ​ន​ធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ជា​សហ​អធិបតី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្តក្រចេះ និង​ផ្លូវ​ត​ភ្ជាប់ ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានអោយដឹងថា ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្តក្រចេះ​បើក​ការដ្ឋាន​សាងសង់​នេះ គឺ មាន​ប្រវែង ១.៧៦១​ម៉ែត្រ ត្រើយ​ខាងកើត ស្ថិតនៅត្រង់​ភូមិ​តា​លុស ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី និង​ត្រើយ​ខាងលិច ស្ថិតនៅត្រង​មិ​ថ្ម​រាប ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ​។ ស្ពាន​នេះ នឹងត្រូវ​ស្ថាបនា​ឡើង​ដោយមាន​មុខកាត់​ទទឹង ១៣,៥​ម៉ែត្រ មាន​គន្លង​ផ្លូវ​សម្រាប់​រថយន្ត​ចរាចរណ៍​ចំនួន ២​គន្លង​ទៅមក ប្រវែង ៣,៥​ម៉ែត្រ គន្លង​ផ្លូវ​សម្រាប់ទោ​ចក្រយាន​ចំនួន ២​គន្លង​ទៅមក ប្រវែង ១,៧៥​ម៉ែត្រ ផ្លូវ​ថ្មើរជើង​ចំនួន ២​គន្លង​ទៅមក ប្រវែង ១​ម៉ែត្រ និង​បង្កាន់ដៃស្ពាន​សងខាង ប្រវែង​០,៥​ម៉ែត្រ​។

​ចំណែកឯ​ផ្លូវ​ត​ភ្ជាប់​មាន​ប្រវែង ៣១,៦៩​គីឡូម៉ែត្រ រួមមាន​៖ ផ្លូវ​ត​ភ្ជាប់​ពី​ក្បាលស្ពាន​មាន​ប្រវែង ១៥,៤៩​គីឡូម៉ែត្រ និង​ផ្លូវ​ខ្នែង​ចំនួន ៤​ខ្សែ នៅក្នុង​ក្រុង​ក្រចេះ មាន​ប្រវែង ១៦,២០៨​គីឡូម៉ែត្រ​។ ខ្សែ​ផ្លូវ​ទាំងនេះ នឹងត្រូវ​សាងសង់​ពង្រីក និង​លើក​កម្រិត​គុណភាព​ដោយ​ក្រាល​បេតុង​កៅស៊ូ​(AC) កម្រាស់ ៧​សង់ទីម៉ែត្រ​ដូចគ្នា ដោយ​ក្នុងនោះ កំណាត់​ផ្លូវ ៤​ខ្សែ ប្រវែង ២៦,៦៧​គីឡូម៉ែត្រ នឹងត្រូវ​ស្ថាបនា​ពង្រីក​ទទឹង​ចាប់ពី ៩​ម៉ែត្រ រហូតដល់ ១៣​ម៉ែត្រ លើ​តួ​ផ្លូវ​ចាប់ពី ១១​ម៉ែត្រ រហូតដល់ ១៩,៥​ម៉ែត្រ និង​កំណាត់​ផ្លូវ​១​ខ្សែ ប្រវែង ៥,០២៥​គីឡូម៉ែត្រ នឹងត្រូវ​ពង្រីក​ទទឹង ១៩​ម៉ែត្រ លើ​តួ​ផ្លូវ ៣០​ម៉ែត្រ ដែលមាន​គន្លង​ផ្លូវ​សម្រាប់​រថយន្ត​ធ្វើ​ចរាចរណ៍ ចំនួន ៤​គន្លង​(២​ទៅ ២​មក​) គន្លង​ផ្លូវ​សម្រាប់ទោ​ចក្រយាន​ចំនួន ២​គន្លង​(១​ទៅ ១​មក​) និង​មាន​សួន​ពុះ​ទ្រូងផ្លូវ​នៅ​ចំ​កណ្តាល ប្រវែង ៤​ម៉ែត្រ ផងដែរ​។

​គម្រោង​នេះ​នឹង​បញ្ចូល​នូវ​ការសាងសង់​ស្ពាន​មធ្យម​ចំនួន ៤​កន្លែង ប្រវែង​សរុប ៣៨៤​ម៉ែត្រ ដាក់លូ​គ្រប់​ប្រភេទ​ចំនួន ២៦​កន្លែង និង​បំពាក់​ស្លាក​សញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោល​សុវត្ថិភាព​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ផ្លូវថ្នល់​។ គម្រោង​នេះ នឹងត្រូវ​អនុវត្ដ​ការសាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​(SCG) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វាង​ចូ​វ​វ៉ាន​អាន ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ៤២​ខែ នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២៦ គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ​ជាង ១១៤​លាន​ដុល្លារ​អាមេរិក ដែលជា​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​គ្រាប់មីន យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និង​ពន្ធអាករ​ផ្សេងៗ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សមិទ្ធផល​ស្ពាន​ឆ្លងទន្លេ​មេគង្គ និង​ផ្លូវ​ត​ភ្ជាប់​ក្នុង​ខេត្តក្រចេះ​នាពេលនេះ គឺជា​សមិទ្ធផល​ដែល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ការរួមចំណែក​របស់រ​ដ្ឋា​ភិ​បាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​ចិន បាន​ជួយ​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​ចំនួន​៤​ហើយ និង​ស្ពាន​ឆ្លងកាត់​ទន្លេ​សរុប​ទាំងអស់​ចំនួន​១១​ស្ពាន​ហើយ​ផងដែរ​។
​តាមរយៈ​សមិទ្ធផល​ស្ពាន និង​ផ្លូវ ដែល​ចិន​បាន​ជួយ​កសាង​នៅ​កម្ពុជា​កន្លងមកនេះ គឺជា​ការបង្ហាញឱ្យឃើញ​នូវ​ចំណងមិត្តភាព​រវាង​ក​ម្ពុ​ជា​-​ចិន និង​ជា​សមិទ្ធផល​កើតចេញពី​នយោបាយ​ខ្សែក្រវាត់ និង​ផ្លូវ របស់​ចិន ដែល​បាន​ចូលរួមចំណែក​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ក្រោយពេល​ស្ពាន និង​ផ្លូវ​នេះ ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នោះ ការលំបាក​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​កាត់បន្ថយ​ហើយ ក្នុងនោះ​ការចំណាយ​លើ​ការឆ្លង​ទន្លេ​ក៏​ត្រូវបាន​លុបបំបាត់ ហើយ​ចំណេញ​ទាំង​ពេលវេលា​ផងដែរ​។​

​នៅថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់ថា នៅពេល​ខាងមុខនេះ ផ្លូវ​ក្នុង​ខេត្តក្រចេះ​ប្រមាណ ៤​ខ្សែ​ទៀត នឹងត្រូវ​សិក្សា និង​ចាប់ផ្តើម​សាងសង់​ក្នុង​ឆ្នាំ​២០២៣​។ ផ្លូវ​នោះ​រួមមាន ផ្លូវ​លេខ​៧៣ ភ្ជាប់​ពី​ត្បូងឃ្មុំ មក​ក្រចេះ​, ផ្លូវ​លេខ ៣៧៧ ភ្ជាប់​ពី​ក្រចេះ ទៅ​ស្រុក​សំបូរ​, ផ្លូវ​លេខ​២៧៧ ពី​សណ្តាន់ ទៅ​សង្គម​, និង​ផ្លូវជាតិ​លេខ​៧ គីឡូម៉ែត្រ​លេខ​៣០០ ដល់​គីឡូម៉ែត្រ​លេខ​៣១ រង្វង់​មូល​ក្រចេះ​ជាដើម​។ ថ្លែង​នៅឯ​ខេត្តក្រចេះ​នេះ​ផងដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែង​អរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តក្រចេះ​ទាំងអស់ ដែល​បាន​បោះឆ្នោត​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កាលពី​ខែមិថុនា ឆ្នាំ​២០២២​កន្លងទៅ​។ សម្តេច​តេ​ជោ​សង្ឃឹមថា អ្នក​ខេត្តក្រចេះ នឹង​នៅតែ​បន្ត​បោះឆ្នោត​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា នៅ​ខែកក្កដា ឆ្នាំ​២០២៣​ខាង​មុខជា​បន្តទៀត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បាន​ប្រឹងប្រែង​លើ​ការងារ​សាងសង់ ស្ពាន​ឆ្លងទន្លេ​មេគង្គ​ក្នុង​ខេត្តក្រចេះ​នាពេលនេះ​។​សម្តេច​ក៏បាន​ស្នើសុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ ចំពោះ​ផលប៉ះពាល់​កើតចេញពី​គម្រោង​សាងសង់​នានា​នៃ​ការដ្ឋាន​នេះ​។ ​នៅថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អបអរសាទរ​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ដែល​ចាប់ផ្តើម​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នៅថ្ងៃនេះ​។

​សម្តេច​តេ​ជោ​រំពឹងថា លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់ នឹងមាន​សុវត្ថិភាព​ពី​ជំងឺ​កូ​វីដ​១៩ ហើយ សម្តេច​តេ​ជោ​ក៏​នៅតែ​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​ការងារ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បន្តទៀត​។ នៅថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ឱ្យ​អភិបាលខេត្ត​ក្រចេះ និង​ខេត្តស្ទឹងត្រែង ត្រូវ​យកចិត្តទុកដាក់​លើ​ការអភិរក្ស​សត្វ​ផ្សោត ដោយ​គ្មាន​ការលើកលែង​។​សម្តេច​តេ​ជោ​ថែមទាំង​ណែ​នាំឱ្យ​បង្កើត​តំបន់​ស្នូល​អចិន្ត្រៃយ៍​នៃ​ការអភិរក្ស​សត្វ​ផ្សោត​ទៀតផង​។

​មុននឹង​បញ្ចប់ សម្ដេច​តេ​ជោ​ក៏បាន​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​។ បន្ទាប់មក សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ចុច​ប៊ូ​តុង​បញ្ជា​គ្រឿងចក្រ​ជា​និមិត្តរូប បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្តក្រចេះ និង​ផ្លូវ​ត​ភ្ជាប់ ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន ចាប់ពីពេលនេះ​តទៅ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close