កម្ពុជា នាំចេញអង្ករជិត ៦៤ម៉ឺនតោន និងស្រូវជាង ៣.៤លានតោន រកចំណូលបានជាង ១ ២៥៥លានដុល្លារ ក្នុងឆ្នាំ២០២២
ភ្នំពេញ៖ រយៈពេលពេញមួយឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ៦៣៧ ០០៤ តោន និងនាំចេញស្រូវបានចំនួន ៣ ៤៦៧ ៨៨៦តោន ដែលគិតជាទឹកប្រាក់ប៉ាន់ស្មានបានចំនួនជាង ១ ២៥៥លានដុល្លារសហរដ្ឋអាមេរិក។
បើតាមសហព័ន្ធស្រូវអង្ករ បញ្ជាក់ថា ក្នុងរយៈពេល ១២ខែនៃឆ្នាំ២០២២ ប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦១ បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៥៩ ប្រទេស ដែលក្នុងនោះ ប្រទេសចិនរួមទាំងតំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ២៨៨ ៨៣០ តោន ឬស្មើនឹង ៤៥% ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៥ បានបរិមាណសរុបចំនួន ២២១ ៥០៤ តោន ឬស្មើនឹង ៣៥% ប្រទេសសមាជិកអាស៊ានចំនួន៤ បានបរិមាណសរុបចំនួន ៦៤ ៧៣៣ តោន ឬស្មើនឹង ១០% និងបណ្តាគោលដៅផ្សេងៗ នៅអាហ្វ្រិក អាមេរិក អូស្ត្រាលី រុស្សី អ៊ុយក្រែន ។ល។ ចំនួន ២៧ ប្រទេស និងដែនកោះបានបរិមាណសរុបចំនួន ៦១ ៩៣៧ តោន ឬស្មើនឹង ១០% នៃការនាំចេញសរុបចំនួន ៦៣៧ ០០៤តោន ដែលមានតម្លៃសរុបចំនួន ៤១៨.២៩ លានដុល្លារសហរដ្ឋអាមេរិក។
កម្ពុជាបាននាំចេញអង្ករក្រអូបប្រណិត បានចំនួន ២៧៧ ៧៣៩ តោន ឬស្មើនឹង ៤៤% អង្ករសែនក្រអូប បានចំនួន ១៧៩ ០៧០ តោន ឬស្មើនឹង ២៨% អង្ករសបានចំនួន ១៥៣ ៤២៨ តោន ឬស្មើនឹង ២៤% អង្ករចំហុយបានចំនួន ១៥ ៧៨១ តោន ឬស្មើនឹង ២% អង្ករសរីរាង្គបានចំនួន ១០ ៩៦៣ តោន ឬជិត ២% និងអង្ករដំណើបចំនួន ២៣តោន។
សម្រាប់ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមបានចំនួន ៣ ៤៧៧ ៨៨៦ តោនដែលគិតជាទឹកប្រាក់ចំនួនប្រមាណជា ៨៤១.០៩ លានដុល្លារសហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។