ក្រសួងទេសចរណ៍ ណែនាំ​ដល់​ភ្ញៀវទេសចរ​ទាំងអស់ ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន ចំពោះអាកាសធាតុ ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២៣!

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឱ្យដឹងថា ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួលរង​ឥ​ទ្ឋិ​ពល​ដូចតទៅ​៖
​ថ្ងៃទី​៤-៧ ខែមករា ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​សកម្ម​ពី​ភាគ​ខាងក្រោម​នៃ​សមុទ្រ​ចិន​ខាងត្បូង​។​
​ថ្ងៃទី​៨-១០ ខែមករា​ទទួល​ឥ​ទ្ឋិ​ពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​(​ចិន​និង​ខ្យល់មូសុង​ឦសាន​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ​តំបន់​ទំនាប​កណ្ដាល តំបន់​ខ្ពង់រាប និង​តំបន់​មាត់សមុទ្រ ចាប់ពី​ថ្ងៃទី​៥-៧ ខែមករា នឹង​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​ដោយ​អន្លើ ហើយក៏​នឹង​អាចមាន​ភ្លៀងខ្យល់​បក់​ពី​បង្គួរ ទៅ​ខ្លាំង ឯ​នៅលើ​ផ្ទៃសមុទ្រ​ក៏​នឹង​កើតមាន​រលក​សមុទ្រ​ពី​មធ្យម​ទៅ​បង្ហូរ​ផងដែរ​។ ចំពោះ​សីតុណ្ហភាព​អប្បបរមា​ទូទៅ ចន្លោះ​ពី​១៨-២៤ C និង​សីតុណ្ហភាព​អតិបរមា​ទូទៅ​ចន្លោះ​ពី​២៨-៣០ C​។​

​ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព​ដល់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ជាពិសេស រាជធានី​ខេត្ត​ដែល​ទទួល រង​ឥ​ទ្ឋិ​ពល​ខាងលើនេះ ក្រសួងទេសចរណ៍​ធ្វើ​សេចក្ដីជូនដំណឹង​ដល់ ឯកឧត្តម លោក​-​លោកស្រី​ប្រធាន​មន្ទីរ​ទេសចរណ៍ រាជធានី​-​ខេត្ត ធ្វើការ​ផ្សព្វផ្សាយ​និង​ណែនាំ​ដល់​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរ និង​ភ្ញៀវ ទេសចរ​ទាំងអស់​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់​ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ដែល​អាច​កើតឡើង ជាយថាហេតុ​។​

​ទទួលបាន​សេចក្ដីជូនដំណឹង​នេះ គ្រប់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ប្រកប ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close