ក្រសួងសុខាភិបាល ច្រានចោល​ការពន្យល់​បែប​មិន​ច្បាស់លាស់ ទាក់ទង​ជំងឺ​កូ​វីដ​១៩ ប្រភេទ XBB

​ភ្នំពេញ​៖ ថ្មីៗ​នេះ មានការ​ចែកចាយ​នូវ​ព័ត៌មាន​មួយចំនួន ពាក់ព័ន្ធ​ការរកឃើញ​វីរុស​កូ​វីដ​១៩ ប្រភេទ​ថ្មី XBB នៅក្រៅ​ប្រទេស ហើយក៏​មានការ​ពន្យល់​មួយចំនួន​ផងដែរ ជុំវិញ​រោគសញ្ញា និង​ស្ថានភាព​របស់​អ្នកជំងឺ​ក្រោយ​ឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ​។​

​ប៉ុន្ដែ​ជុំវិញ​ការចែក​ចាយ​ខ្លឹមសារ​ពន្យល់​បែប​មិន​ច្បាស់លាស់​នោះ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌី​ន នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២៣​នេះ បាន​ចេញមក​ច្រានចោល​ទាំងស្រុង ហើយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការចែក​ចាយ និង​ផ្សព្វផ្សាយ​ខ្លឹមសារ​ព័ត៌មាន​ទាំងនោះ​។​

​ក្រៅពី​ការច្រានចោល​នេះ លោកស្រី ឱ វណ្ណឌី​ន បាន​អះអាងថា XBB variant មាន​រោគសញ្ញា​ប្រហាក់ប្រហែល​នឹង​ជំងឺ​ផ្តាសាយធំ​ដូច​យេ​ី​ង​បានដឹង​រួចមក​ហេ​ី​យ​។ គ្រប់​តែ​ប្រភេទ​វីរុស ទោះជា​អូ​មី​ក្រុង​ក្តី ដែល​តា​ក្តី ឬ​ប្រភេទ​ផ្សេងៗ​ទៀត​ក្តី បេ​ី​ខ្វះ​នូវ​ការការពារ​វា​អាច​ឆ្លង​គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង ហេ​ី​យ​ក៏​អាច​វិវត្តន៍​ទៅ​ធ្ងន់ធ្ងរ​បានដែរ ជាពិសេស​អ្នកមាន​ជំងឺ​ប្រចាំកាយ និង​មនុស្ស​វ័យចាស់​ជា​ដេ​ី​ម​។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ក្របខ័ណ្ឌ​ទូទាំងប្រទេស​រូបនេះ បាន​គូសបញ្ជាក់ថា វ៉ាក់សាំង​កូ​វីដ​១៩ ដូ​ស​ជំរុញ បន្តបន្ទាប់ នៅតែ​ជួយ​កាត់បន្ថយ​បានជា​អតិប្បរិមារ​នូវ​អត្រា​ឈឺធ្ងន់ធ្ងរ អត្រា​ស្លាប់ និង​អត្រា​ចូល​សម្រាក​ពេទ្យ​។ ដូច្នេះ​សូម​ចូលរួម​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដូ​ស​ជំរុញ​បន្តបន្ទាប់​ទៀត និង​បន្ត​ប្រុងប្រយ័ត្ន​ដោយ​អនុវត្តន៍​វិធានការ ៣​ការពារ និង​៣​កុំ​។​

​សូមជម្រាបថា កន្លងទៅ​ថ្មីៗ​នេះ មានការ​ចែកចាយ​ព័ត៌មាន ពាក់ព័ន្ធ​ការរកឃើញ​វីរុស​កូ​វីដ​១៩ ប្រភេទ​ថ្មី XBB ហើយ​គេ​អះអាងថា មាន​ជាតិពុល​៥​ដង​ច្រើនជាង​ប្រភេទ Delta ហើយ​មាន​អត្រា​មរណភាព​ខ្ពស់ជាង​។ វា​ត្រូវការ​ពេលវេលា​ខ្លី​ជាង​សម្រាប់​ស្ថានភាព​នេះ​ឈានដល់​ភាព​ធ្ងន់ធ្ងរ​ខ្លាំង ហើយ​ជួនកាល​មិនមាន​រោគសញ្ញា​ច្បាស់លាស់​ទេ​។ ដូច្នេះហើយ​ទើប​ក្រសួងសុខាភិបាល​ចេញមក​ច្រានចោល​តែម្ដង​៕​

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close