អភិបាលខេត្ត​សៀមរាប ប្រកាស​ផ្ទេរ​ភារកិច្ច និង ប្រកាស​តែងតាំង​អភិបាលស្រុក​សូទ្រនិគម​

​សៀមរាប​៖ កាលពី​រសៀល​ថ្ងៃទី​០៤ ខែ មករា ឆ្នាំ​២០២៣ នៅ​សាលាស្រុក​សូទ្រនិគម មាន​រៀបចំ​ពិធី​ផ្ទេរ​ភារកិច្ច និង​ប្រកាស​តែងតាំង​លោក គឹម វណ្ណៈ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៦ ប្រធាន​ផ្នែក​ស៊ើប​អ​ង្គេ​ត នៃ​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត សៀមរាប ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​ជា​អភិបាលស្រុក​សូទ្រនិគម ជំនួស​លោក ម៉ក់ ប្រុស ដែល​ត្រូវបាន​គ្រប់​អាណត្តិ​របស់ខ្លួន បាន​ផ្ទេរ​ភារកិច្ច​ថ្មី​ទៅ​បម្រើការ​នៅ​សាលា​ខេត្តសៀមរាប ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ។

​បន្ទាប់ពី​គណៈអធិបតី​ប្រគល់​អនុក្រឹត្យ និង ការប្តេជ្ញាចិត្ត​របស់លោក​អភិបាលស្រុក​ដែល​ទើប​ទទួល​បានការ​តែង តាំង​ថ្មី​រួចមក ឯកឧត្តម ទៀ សីហា បាន​ជម្រុញ​លោក​អភិបាលស្រុក​ដែល​ទើប​ទទួល​តំណែង​ថ្មី​នៅពេលនេះ ត្រូវ​រួមគ្នា​ជា មួយ​អភិបាលរង​ស្រុក និង​មន្ត្រីរាជការ ស្ថាប័ន អង្គភាព និង​វិស័យ​ឯកជន​ក្នុងស្រុក​ធ្វើការ​អភិ​ឌ្ឍ​ស្រុក​ឲ្យ​កាន់​តែមាន​ការរីក​ច្រើន និង​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​មាន​តម្លាភាព​។ ក្នុងនោះ​ត្រូវ​រួមគ្នា​កសាង ពង្រឹងសមត្ថភាព រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាពិសេស ភូមិ ឃុំ ឲ្យ​មាន​ភាព​ធុន​ទៅ​និង​វិ​ប​ត្ត ការប្រែប្រួល នៃ​ព្រឹត្តិការណ៍​នានា ជាក់ស្តែង​ដូចជា​យើង​កំពុង​ជួបប្រទះ​នៅពេល​កន្លងមក ដោយ​ឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩​។ នេះ​ជា​បទពិសោធន៍ រដ្ឋបាល​មូលដ្ឋាន ជា​រដ្ឋបាល​ជួរមុខ ជា​រដ្ឋបាល​ឆ្លើយតបបាន​ភ្លាមៗ​ទៅ​និង​វិបត្តិ​ទៅ​និង​ការប្រែប្រួល​ទៅ​និង​ជំងឺឆ្លង​រាតត្បាត​ផ្សេងៗ គឺ​មានតែ​រដ្ឋបាល​មូលដ្ឋាន ប៉ុណ្ណោះ​ជា​អ្នក​ឆ្លើយតប ជា​អ្នកអនុវត្ត​វិធានការ​នានា ។

ឯកឧត្តម​បាន​បន្ថែមថា​សេវាសាធារណៈ នៅតាម​បណ្តា​ក្រុង ស្រុក ដែល​រាជរដ្ឋាភិបាល​បាន​បង្កើតឡើង​នូវ​យន្តការ​ច្រកចេញចូល​តែមួយ នៅតាម​រដ្ឋបាលខេត្ត ក្រុង ស្រុក ឲ្យ​ដំណើរការ​ទៅបាន​ល្អ ប្រកបដោយ​គុណភាព លឿន​រហ័ស និង មានការ​ជឿជាក់​ទៀតផង ។

ក្នុងនោះដែរ​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ផ្តាំផ្ញើ​ដល់​លោក​អភិបាលស្រុក​ថ្មី ដែល​ទើប​ចូលកាន់​តំណែង ធ្វើយ៉ាងណា​ត្រូវខិតខំ​ប្រឹងប្រែង​ធ្វើការ​អភិវឌ្ឍន៍​ស្រុក របស់ខ្លួន ឲ្យ​មានការ​រីកចម្រើន​បន្ថែ​ម​ទៀត គឺ​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​ជា​ចំបង ហើយក៏​ត្រូវ​ចេះ​សាមគ្គីភាព​ផ្ទៃក្នុង​ជួរ​គណៈ​អភិបាលស្រុក លើ​ការដឹកនាំ គ្រប់គ្រង បណ្តា​ការិយាល័យ មន្ត្រី និង អង្គភាព​ក្នុងស្រុក​ឲ្យ​បានល្អ និង បង្កើន​ការពង្រឹង​នូវ​របៀបរបប​ការងាររដ្ឋបាល នៅក្នុង​សាលាស្រុក សំខាន់​ជម្រុញ​បញ្ចប់​ការងារ​ឆ្វៀល​ដី​តំបន់​បី បឹង​ទន្លេសាប ជូន​ប្រជាកសិករ ព្រមទាំង​មានការ​ទំនាក់ទំនង​ឲ្យ​បានល្អ​ជាមួយ​បណ្តា ស្ថាប័ន អង្គភាព និង បង្កើន​លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរណ៍ និង​ប្រជាជន ព្រមទាំង​មាន ទំនាក់ទំនង​ឲ្យ​បានល្អ​ជាមួយ​វិស័យ​ឯកជន លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​ដល់​ប្រជាជន​ក្នុង​មូលដ្ឋាន ក៏​ដូច​ភ្ញៀវ​ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​ក្នុងភូមិ​សាស្ត្រ​ស្រុក​សូទ្រនិគម​នេះ ចូលមក​ទស្សនា​កម្សាន្ត​នៅ​ខេត្តសៀមរាប ។ ម្យ៉ាងទៀត​យើង​ក៏​មិនត្រូវ​ធ្វេសប្រហែស​នៃ​ជំងឺ​កូ​វីដ​-១៩​ឡើយ ព្រមទាំង​ជម្រុញ​ដល់​អាជ្ញាធរ​ភូមិ ឃុំ ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ចាក់​វ៉ាក់សាំង​នូវ​ដូ​ស​បន្តទៀត​ផងដែរ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close