កម្ពុជា នៅសល់​ផ្ទៃដី​សង្ស័យ​មាន​មីន ៥៨៧​គីឡូម៉ែត្រ​ក្រឡា​ទៀត នឹងត្រូវ​បញ្ចប់​ឲ្យ​អស់​ត្រឹម​ឆ្នាំ​២០២៥

​កាលពី​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២៣ នៅ​ទី​ស្នាក់​អាជ្ញាធរ​មីន ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូត​អូ​ស្រា្ត​លី មុននឹង​ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ ព្រមទាំង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី ដែល​បាន​ចូលរួម​ក្នុងការ​ស្វែងរក​សុខសន្តិភាព និង​ការអភិវឌ្ឍ​នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩២ ក៏ដូចជា​ចូលរួម​ដល់​ការងារ​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៩៤​។​

​ចាប់តាំងពី​ឆ្នាំ​១៩៩៤ អូស្ត្រាលី បាន​ចូលរួម​ដល់​ការងារ​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា​យ៉ាងសកម្ម និង​បាន​ផ្តល់ជំនួយ​ជាង ១០០ លាន​ដុល្លារ​អាមេរិក ដោយ​រំដោះ​បាន​នូវ​ផ្ទៃដី​ប្រមាណ​ជា ២៥០ គីឡូម៉ែត្រ​ក្រឡា សម្រាប់​ផ្តល់​សុខ​សុវត្ថិភាព និង​លើកកម្ពស់​ជីវភាព​រប​ស់​នៅ​ជូន​ដល់​ប្រជាជន​កម្ពុជា​នៅតាម​មូលដ្ឋាន​ប្រមាណ​ជាង ១​លាន​នាក់​។

​ឯកឧត្តម ទេសរដ្ឋមន្ត្រី បានចាត់ទុក​ប្រទេស​អូស្ត្រាលី​គឺជា​ដៃគូ​មួយ​យ៉ាងសំខាន់​ក្នុង​ការងារ​បោសសម្អាត​មីន ព្រមទាំង​បានស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​អូ​ស្រា្ត​លី បន្ត​បន្ថែម​ថវិកា​ជួយ​ដល់​កម្ពុជា ដើម្បី​បញ្ចប់​ការងារ​បោសសម្អាត​មីន​នៅ​ឆ្នាំ​២០២៥ និង​ជួយ​ដោះស្រាយ​ហានិភ័យ​ពី​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ក្រោយ​ឆ្នាំ​២០២៥ ផងដែរ​។​

​ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​ជម្រាប​ប្រាប់​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​អំពី​របត់​ការងារ​បោសសម្អាត​មីន​ក្នុង​ឆ្នាំ​២០២២​នេះ ដែលមាន​វិស័យ​ឯកជន និង​សប្បុរសជន​នានា​ជាច្រើន​បាន​ចូលរួម​វិភាគទាន​ជាមួយ​ចលនា​ជាតិ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​ដោះស្រាយ​បញ្ហា​មីន​នៅ​កម្ពុជា តាមរយៈ​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន “​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​” ដែល​អាជ្ញាធរ​មីន​បាន​យក​វិភាគទាន​ទាំងនេះ ទៅធ្វើ​ការ​ផ្ទៃដី​មាន​មីន​បាន​ជាង ៩១​គីឡូម៉ែត្រ​ក្រឡា​។​

​បន្ទាប់ពី​បញ្ចប់​ការងារ​បោសសម្អាត​មីន​ក្នុង​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន​ទាំងស្រុង កម្ពុជា​នៅសល់​ផ្ទៃដី​សង្ស័យ​មាន​មីន​ប្រមាណ​ជា ៥៨៧ គីឡូម៉ែត្រ​ក្រឡា​ទៀត ដែលមាន​កម្ពុ​ជាមាន​មហិច្ឆតា​ត្រូវ​បញ្ចប់​ឲ្យ​អស់​ត្រឹម​ឆ្នាំ​២០២៥៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close