ប្រទេសអឺរ៉ុបជាច្រើន ត្រូវបង្ខំ​ចិត្តសម្លាប់​មាន់​រាប់ម៉ឺន​ក្បាល ដើម្បី​ទប់ស្កាត់​ជំងឺផ្តាសាយបក្សី​

​កសិករ​ចិញ្ចឹម​ប​សុ​បក្សី​នៅ​ទូទាំង​ទ្វីបអឺរ៉ុប ត្រូវបាន​បង្ខំ​ឱ្យ​សម្លាប់​ហ្វូង​សត្វ​របស់​ពួកគេ​ចោល នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ចុងក្រោយបង្អស់ ដើម្បី​ពន្យឺត​ការរីក​រាលដាល​នៃ​ជំងឺផ្តាសាយបក្សី​ដែល​ឆ្លង​ខ្លាំង​នៅក្នុង​ទ្វីប​នេះ​។​

​ក្នុង​ថ្ងៃ​ពុធ​សប្តាហ៍​នេះ អាជ្ញាធរ​ស៊ុយអែត​បានប្រកាសថា ពួកគេ​នឹង​សម្លាប់សត្វ​មាន់​ប្រហែល ១៦៥,០០០​ក្បាល​នៅឯ​កសិដ្ឋាន​មួយកន្លែង ស្ថិតនៅ​ភាគខាងត្បូង​នៃ​ប្រទេស បន្ទាប់ពី​ជំងឺឆ្លង​បាន​ផ្ទុះឡើង​។ ចំណែក​សាធារណរដ្ឋ​ឆេ​ក​វិញ បានប្រកាស​ក្នុង​សប្តាហ៍​នេះ​ថា មាន់​ជាង ៧៥០,០០០​ក្បាល​នៅក្នុង​ចង្កោម​កសិដ្ឋាន​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស ត្រូវបាន​សម្លាប់​ដោយហេតុ​ផល​ស្រដៀង​គ្នា​នេះដែរ​។

​ទន្ទឹមគ្នា បារាំង​ក៏ត្រូវ​បាន​គេ​រាយការណ៍​ផងដែរ​ថា កំពុង​ពិចារណា​លើ​ការចាក់​វ៉ាក់សាំង​ការពារ​ដល់​សត្វ​មាន់នៅ​ទូទាំងប្រទេស​។
​បើតាម​មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​អឺរ៉ុប ការផ្ទុះ​ឡើង​នៃ​ជំងឺផ្តាសាយបក្សី នៅ​ចន្លោះ​ខែតុលា ឆ្នាំ​២០២១ ដល់​ខែកញ្ញា ឆ្នាំ​២០២២ គឺជា “​ការបំផ្លិចបំផ្លាញ​ដ៏​ធ្ងន់ធ្ងរ​បំផុត​” ដែល​ទ្វីប​នេះ​មិន​ធ្លាប់​កើតមាន ជាមួយនឹង​ការ​ផ្ទុះឡើង​រហូតដល់ ២,៥០០​ករណី​ឯណោះ​នៅក្នុង​បណ្តា​ប្រទេស​អឺរ៉ុប​ចំនួន ៣៧​។

​ជំងឺ​នេះ ត្រូវបាន​គេ​ស្គាល់​តាមបែប​វិទ្យាសាស្ត្រ​ថា ជា​ជំងឺ​គ្រុនផ្តាសាយ​បក្សី H5N1​ដែល​ត្រូវបាន​គេ​រកឃើញ​លើកដំបូង​ក្នុង​ឆ្នាំ​១៨៧៩ ហើយ​បាន​ឆ្លង​រីក​រាលដាល​ចាប់តាំងពី​ពេលនោះ​មក​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close