ក្រសួងទេសចរណ៍ ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ទេសចរ​ចិន ចូលមក​កម្ពុជា​

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ នា​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២៣ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​កម្ពុជា​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ទេសចរ​ចិន ដែល​ជាការ​បញ្ជាក់ថា កម្ពុជា​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការទទួល​ភ្ញៀវទេសច​រ​ចិន ប្រកបដោយ​បដិសណ្ឋាកិច្ច រួសរាយ រាក់ទាក់​ដ៏​កក់ក្តៅ​បំផុត ខណៈ​រដ្ឋាភិបាល​ចិន នឹង​បើក​ប្រទេស​ឡើងវិញ​នា​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២៣ ពោលគឺ​បាំង​តែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា ប្រទេស​ចិន​ជា​ប្រទេស​ធំ មាន​ប្រជាជន​ច្រើន ជាទី​ផ្សារ​ទេសចរណ៍​ដ៏​ធំ​បំផុត​នៅក្នុង​តំបន់ និង​ពិភពលោក និង​ជា​ប្រទេសមួយ​ដែរ​នៅក្នុង​តំបន់​មិន​ឆ្ងាយ​ពី​កម្ពុជា និង​មាន​ទំនាក់ទំនង​សហប្រតិបត្តិការ ការតភ្ជាប់​ជើងហោះហើរ និង​ការដឹកជញ្ជូន​ល្អ ជាពិសេស​គឺ​ចំណងមិត្តភាព​ដ៏​រឹងមាំ​ជា​យុទ្ធសាស្ត្រ សហគមន៍​ជោគវាសនា​រួម ដែល​បង្ហាញឱ្យឃើញ​កាន់តែច្បាស់​ថា​ទីផ្សារ​ទេសចរណ៍​ចិន ជាទី​ផ្សារ​អាទិភាព​ខ្ពស់បំផុត​សម្រាប់​អាស៊ាន ក៏ដូចជា​កម្ពុជា​។​

​មុន​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​នៅ​ឆ្នាំ​២០១៩ ទេសចរ​ចិន​បានចេញ​ក្រៅប្រទេស​មាន​ប្រមាណ​១៥៥​លាន​នាក់ ស្មើនឹង​១០%​នៃ​ទេសចរ​ពិភពលោក (១៥០០​លាន​នាក់​) នាំមក​នូវ​ចំណាយ​ទេសចរណ៍​ប្រមាណ​២៥៨​ប៊ី​លាន​ដុល្លារ ស្នើ​នឹង​១​ភាគ​៥​នៃ​ចំណាយ​ទេសចរណ៍​ពិភពលោក (១.៣ ទ្រី​លាន​ដុល្លារ​)​។ សម្រាប់​តំបន់​អាស៊ាន​ក៏​ទទួលបាន​ទេសចរ​ចិន​ចំនួន​៣២.២​លាន​នាក់ ស្មើនឹង​២២.៥%​នៃ​ទេសចរ​ពិភពលោក ដែល​ក្នុងនោះ​ថៃ​ទទួលបាន​១១​លាន​នាក់​, សិង្ហ​បុរី​ទទួលបាន​៣.៤​លាន​នាក់ និង​ម៉ាឡេស៊ី​ទទួលបាន​៣.១​លាន​នាក់​។ ដោយឡែក ទេសចរ​ចិន​មក​កម្ពុជា​នៅ​ឆ្នាំ​២០១៩ មាន​ជាង​២.៣​លាន​នាក់ ស្មើនឹង​៣៥.៧%​នៃ​ទេសចរ​អន្តរជាតិ​សរុប (៦.៦​លាន​នាក់​) គិត​ជា​ចំណូល​ស្មើ​ប្រមាណ​១៨០០​លាន​ដុល្លារ​អាមេរិក លើ​ចំណូល​ទេសចរណ៍​សរុប​ប្រមាណ​៥​ប៊ី​លាន​ដុល្លារ​របស់​កម្ពុជា ខណៈដែល​ឆ្នាំ​២០១៩ កម្ពុជា​ក៏​ទទួលបាន​វិនិយោគ​គិ​ន​ចិន​លើ​វិស័យ​ពាក់ព័ន្ធ​នឹង​ទេសចរណ៍​ប្រមាណ​ជាង​៥០%​នៃ​ទុនវិនិយោគ​បរទេស (FDI) សរុប​របស់​កម្ពុជា​។​

​ប៉ុន្តែ​ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ឆ្នាំ​២០២០-២០២២ ស្ថានភាព​នៃ​ទីផ្សារ​ទេសចរណ៍​ចិន​មានការ​ផ្លាស់ប្តូរ​យ៉ាងរ​ហ័ស និង​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​ទៅកាន់​គ្រប់​គោលដៅ​ទេសចរណ៍​ក្នុង​ពិភពលោក​ទាំងមូល ដោយសារ​ការដាក់ចេញ​នូវ​របាំង​នៃ​ការធ្វើដំណើរ​ចេញ​ក្រៅប្រទេស​របស់​ចិន​។​ ​សម្រាប់​ឆ្នាំ​២០២៣ ក្រោយ​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩​បាន​ធូរស្រាល ស្របតាម​និន្នាការ​ថ្មីៗ និង​ការណ៍​ដែល​រដ្ឋាភិបាល​ចិន​បានការ​អនុញ្ញាត​ឱ្យមាន​សកម្មភាព​ទេសចរណ៍​ចេញ​ក្រៅប្រទេស និង​ការបើកទទួល​ទេសចរ​អន្តរជាតិ​ឡើងវិញ បាន​ផ្តល់នូវ​កាលានុវត្តភាព​ដល់​បណ្តា​ប្រទេស​ជា​គោលដៅ​ទេសចរណ៍​នៅលើ​ពិភពលោក រួមទាំង​កម្ពុជា ក្នុងការ​ស្វាគមន៍​ទទួល​ទេសចរ​ចិន​ឡើងវិញ​។​

​កម្ពុ​ជាមាន​សេចក្តី​រីករាយ​ទទួល​ស្វាគមន៍​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​ដោយ​ឥត​លក្ខខណ្ឌ​ផ្នែក​សុខាភិបាល ហើយ​កម្ពុជា ក៏បាន​ត្រៀម​រួចជាស្រេច​ក្នុង​ការទទួល​ទេសចរ​ចិន ក៏ដូចជា​ទេសចរ​អន្តរជាតិ​ផ្សេងទៀត​ដែរ ដូចដែល​បាន​គូសបញ្ជាក់ និង​យោងតាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្តក្រចេះ និង​ផ្លូវ​ត​ភ្ជាប់ កាលពី​ថ្ងៃទី​២ ខែមករា កន្លងទៅនេះ​។​

​សេចក្ដីប្រកាស​បាន​បន្ត​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាននិងកំពុង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ការសម្រួល​ការធ្វើដំណើរ ដោយបាន​ដកចេញ​របាំង​សុខាភិបាល​តាំងពី​ក្នុង​ឆ្នាំ​២០២២​កន្លងមក នៅពេលដែល​កម្ពុជា​ប្រកាស​បើក​ប្រទេស​ឡើងវិញ​។​ ​សូម​ប្រកាស​បញ្ជាក់ជូន​ថា កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ដ៏​កក់ក្តៅ​បំផុត ដោយសារ​កម្ពុជា​ជា​ប្រទេស​ដែល​បានទទួល​នូវ​ការ​វាយ​ត​ម្លែ​ពី​អង្គការ​សុខភាព​ពិភពលោក ជា​ប្រទេស​ឈានមុខ​គេ​ក្នុង​ការផ្តល់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ទាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជំរុញ​ច្រើនជាងគេ ដែល​បង្កើតបាន​នូវ​ភាពស៊ាំ​សហគមន៍​យ៉ាង​ល្អ​ហើយ​បើក​ប្រទេស​ឡើងវិញ បើក​សកម្មភាព​សេដ្ឋកិច្ច​-​សង្គម​មុនគេ​ក្នុង​តំបន់ ដោយបាន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ «​រៀន​រស់​ជាមួយ​ជំងឺ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​»​។​

​ចំពោះ​ទីផ្សារ​ទេសចរ​ចិន ដោយ​អនុវត្ត​ន៏​តាម​យុទ្ធសាស្ត្រ​របស់​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) កម្ពុជា​តែងតែបាន​យកចិត្តទុកដាក់​ជំរុញ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ជាច្រើន​ក្នុងការ​ទាក់ទាញ​ទេសចរ​ចិន ដូចជា យុទ្ធសាស្ត្រ សៀវភៅ​ស China- Ready សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា ក្នុងនោះ​មាន​បង្កើត​ក្រុមការងារ​មជ្ឈមណ្ឌល China-Ready Center ការបណ្តុះបណ្តាល​ភាសា និង​វប្បធម៌​ចិន​ដល់​មន្ត្រី និង​បុគ្គលិក ពង្រឹង​ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍​ភាសា​ចិន ទាក់ទាញ​អ្នកវិនិយោគ​ចិន ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​នានា និង​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​កម្ពុជា​ត្រៀម​ទទួល​ទេសចរ​ចិន​លើ​សេវាកម្ម​ចំនួន​៧ (​សណ្ឋាគារ​និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ ភោជនីយដ្ឋាន ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍ សេវា​ដឹកជញ្ជូន​ទេសចរណ៍ រមណីយដ្ឋាន សេវា​កម្សាន្ត​ទេសចរណ៍​និង​ផ្សារ​ទំនើប និង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​) និង​លក្ខណៈវិនិច្ឆ័យ​ចំនួន​៥ (​បុគ្គលិក​ជួរមុខ​ចេះ​ចិន និង​យល់​ពី China-Ready មានការ​ផ្សព្វផ្សាយ​តាម​អន​ឡាញ​ជា​ភាសា​ចិន មាន​ឯកសារ​ផលិតផល និង​ផ្លាកសញ្ញា​បកប្រែ​ចិន សេវា​អតិថិជន​ឆ្លើយតប​ទីផ្សារ​ចិន និង​មាន​ស្តង់ដា​គុណភាព​សេវាកម្ម​)​។​

​ស្របពេល​ជាមួយគ្នា ដោយ​ឆ្នាំ​២០២៣​នេះ​ក៏​ជា​ឆ្នាំ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន និង​ជា​ឆ្នាំ​ទស្សនា​កម្ពុជា ២០២៣ (Visit Cambodia Year 2023) ក្រោម​ពាក្យស្លោក «​គ្រប់​ថ្ងៃ​គឺជា​អច្ឆរិយ​ភាព Every Day Is A Wonder» ក្រសួងទេសចរណ៍​បាន​អំពាវនាវ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​បន្ត​ជំរុញ​ការបង្កើត​ព្រឹត្តិការណ៍​ទេសចរណ៍ វប្បធម៌ កីឡា និង​សកម្មភាព​ផ្សព្វផ្សាយ​ទេសចរណ៍​នានា ទាំង​នៅ​កម្ពុជា និង​នៅ​ចិន រួមជាមួយ​នឹង​ការផ្តល់​សេវាកម្ម​ទេសច​រណ៍​ឱ្យបាន​កាន់តែ​ល្អប្រសើរ និង​បដិសណ្ឋារកិច្ច​ប្រកបដោយ​ភាពកក់ក្តៅ​ដល់​ទេសចរ​ចិន​។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍​នឹង​ដាក់ចេញ​យុទ្ធនាការ​មេត្រីភាព​ទេសចរ​ចិន «​កម្ពុជា​-​ចិន​មិត្ត​ល្អ​» ដើម្បី​ទទួល​ទេសចរ​ចិន​នៅ​ឆ្នាំ​២០២៣​ផងដែរ​។​ ​សក្តានុពល​យ៉ាង​ធំ​នៃ​វិនិយោគិន និង​ទេសចរ​ចិន​មក​កម្ពុជា​នឹង​រួមចំណែក​ដល់​ការរីកចម្រើន​នៃ​វិស័យ​ទេសចរណ៍ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា​។​

ជាមួយ​ការ​ត្រឡប់មកវិញ​នៃ​ទេសចរ​ចិន កម្ពុជា​រំពឹងថា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ​៧​លាន​នាក់​នៅ​ឆ្នាំ​២០២៥ ដូច​ការគ្រោងទុក​ក្នុង​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​ ​ក្រសួងទេសចរណ៍ ស្ថាប័ន​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​រីករាយ​និង​សូម​ស្វាគមន៍ និង​បាន​ត្រៀមខ្លួន​រួចរាល់​ជាស្រេច​ទទួល​វិនិយោគិន និង​ទេសចរ​ចិន ជាមួយនឹង​បដិសណ្ឋាកិច្ច រួសរាយ រាក់ទាក់​ដ៏​កក់ក្តៅ​បំផុត​។​

​គួរ​ជម្រាប​ថា រដ្ឋាភិបាល​ចិន​បានប្រកាសថា​នឹង​បិទ​បញ្ចប់​ការតម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នកដំណើរ​ចូលមកក្នុង​ប្រទេស ចាប់ពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២៣ តទៅ ដែល​នេះ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅរក​ការបើក​ប្រទេស​ឡើងវិញ គិត​ចាប់តាំងពី​បាន​បិទ​ច្រកទ្វារ​អន្តរជាតិ​មួយផ្នែកធំ​កាលពីដើមឆ្នាំ​២០២០​កន្ល​មក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close