ដកបញ្ឈរជើងប៉ូលិសចរាចរណ៍ជាង ១០នាក់ ជាបណ្តោះអាសន្ន រឿងជម្លោះផាកពិន័យជាមួយជនជាតិចិន
ស្នងការនគរបាលខេត្តតាកែវ បានដកបញ្ឈរជើងប៉ូលិសចរាចរណ៍បណ្តោះអាសន្នជាង ១០នាក់ ដោយរង់ចាំលទ្ធផលនៃការស៊ើបអង្កេតជាក់លាក់ ដើម្បីមានមូលដ្ឋានរាយការណ៍ជូនថ្នាក់ដឹកនាំ និងមានវិធានការ ឬអនុវត្តវិន័យកងកម្លាំង ក្នុងករណីរកឃើញមានការអនុវត្តខុសគោលការណ៍។
ការដកបញ្ឈរជើងនេះ បន្ទាប់ពីមានរឿងជម្លោះផាកពិន័យជាមួយជនជាតិចិនម្នាក់។ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ មានគណនីហ្វេសប៊ុក របស់ជនជាតិចិន បានផុសផ្សាយដោយចោទប្រកាន់ថា ប៉ូលិសចរាចរណ៍នៅតាមផ្លូវជាតិលេខ៣ ប្រើប្រាស់អំពើហិង្សាលើរូបគេ និងផាកពិន័យ គ្មានវិក័យបត្រចំនួន៥០$ ខណៈរូបគេបើកបរលើសល្បឿនកំណត់។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាឱ្យបង្កើតក្រុមការងារមួយ ធ្វើការស្រាវជ្រាវបន្ទាន់ដើម្បីស្វែងរកការពិត និងបំភ្លឺជូនសាធារណជន ចំពោះករណីនេះ។ ក្នុងរបាយការណ៍បឋមបានឱ្យដឹងថា កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ខណៈពេលកម្លាំងចរាចរណ៍ផ្លូវគោកគោលដៅផ្លូវជាតិលេខ៣ ក្រុមទី២ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជា ហាក់ ជាប្រធានក្រុម និងសមាជិកចំនួន ១៣នាក់ ចុះត្រួតពិនិត្យរឹតបណ្តឹងការអនុវត្តច្បាប់ស្ដីចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យការបើកបរលើសល្បឿនកំណត់ នៅចន្លោះគីឡូម៉ែត្រលេខ៦៨-៦៩ ស្ថិតក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងពេលអនុវត្តកម្លាំងជំនាញបានពិនិត្យឃើញរថយន្តមួយគ្រឿងម៉ាកស្ដារិច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AW-7701 ជិះម្នាក់ឯង បើកបរពីជើងទៅត្បូង ក្នុងល្បឿន ១០៦គីឡូម៉ែត ក្នុងមួយម៉ោង ខណៈដែលល្បឿនអតិប្បរមានៅទីតាំងបានកំណត់ត្រឹមតែ៨០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ(លើសល្បឿន២៦គីឡូម៉ែត្រក្នុងមួយម៉ោង) ត្រូវធ្វើការផាកពិន័យជាទឹកប្រាក់ចំនួន ១៥០,០០០៛។ ខណៈពេលដែលកម្លាំងជំនាញកំពុងបង្ហាញឱ្យអ្នកបើកបរជាជនជាតិចិន ស្រាប់តែ ជនជាតិចិនខាងលើ បានស្រែកឡូឡា បញ្ចេញអាកប្បកិរិយាមិនសមរម្យដាក់នគរបាល មានចរឹកច្រង៉េងច្រង៉ាង ក្នុងន័យប្រកែកមិនទទួលស្គាល់កំហុស បើទោះជាសមត្ថកិច្ចបានបង្ហាញរូបភាពរថយន្ត ផ្លាកលេខរថយន្ត នៅក្នុងម៉ាស៊ីនចាប់ល្បឿនក៏ដោយ។
ដោយសារជនជាតិចិនមិនចេះខ្មែរ នគរបាលបានពន្យល់ណែនាំឱ្យហៅទូរសព្ទ(ខល)ទៅអ្នកបកប្រែ តែជនជាតិចិននោះមិនបានបានធ្វើតាមទេ ដោយយកទូរសព្ទមកថតនគរបាលតែម្ដង ទោះនគរបាលបានណែនាំកុំឱ្យថតក៏ដោយ ទើបនគរបាលនៅគោលដៅ បានព្យាយាមឃាត់សកម្មភាព តែយ៉ាងណាក្ដីជនជាតិចិននៅតែចចេស និងបានទាញទូរសព្ទពីនគរបាលវិញ ព្រមទាំងទះតុ និងចង្អុលមុខនគរបាលនារី ដែលនៅអង្គុយតុ ចេញវិក័យបត្រ រហូតដល់នគរបាលជាបុរសមកអន្តរាគមន៍ ទើបមានការរុញច្រានគ្នាឱ្យចេញពីតុធ្វើការនៅគោលដៅ មិនមែនជាករណីប្រើអំពើហិង្សានោះទេ។ មួយសន្ទុះក្រោយមក ដោយសារតែនិយាយគ្នាស្តាប់មិនបានផង មិនចង់ឱ្យមានបញ្ហាកាន់តែធំ នគរបាលគោលដៅក៏បានអនុញ្ញាតឱ្យជនជាតិចិនបើករថយន្តចេញទៅ ដោយមិនបានទាមទារការពិន័យទឹកប្រាក់១០០ដុល្លារ និងមានការឱ្យប្រាក់៥០ដុល្លារដូចការលើកឡើងនោះទេ ទាំងដែលនគរបាលគ្រាន់តែបានបង្ហាញនូវចំនួនទឹកប្រាក់តាមវិក័យបត្រប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ មន្ត្រីនគរបាលគោលដៅ ដែលមានបញ្ហាជាជនជាតិចិនខាងលើ បច្ចុប្បន្នការិយាល័យជំនាញ បានកំពុងធ្វើការសាកសួរបន្ថែម និងបញ្ឈរជើងជាបណ្តោះអាសន្ន រង់ចាំលទ្ធផលនៃការស៊ើបអង្កេតជាក់លាក់ ដើម្បីមានមូលដ្ឋានរាយការណ៍ជូនថ្នាក់ដឹកនាំ និងមានវិធានការ ឬអនុវត្តវិន័យកងកម្លាំង ក្នុងករណីរកឃើញមានការអនុវត្តខុសគោលការណ៍ និងរង់ចាំជួបបំភ្លឺជានិច្ចពីសំណាក់ជនជាតិចិន ខាងលើ ដើម្បីស្រាយបន្ទិលជូនសាធារណៈ និងជៀសវាងនូវការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។