អ្នកកាសែតចំនួន៦នាក់ត្រូវបានចាប់ខ្លួន ក្រោយផ្សព្វផ្សាយវីដេអូប្រធានាធិបតីស៊ូដង់ខាងត្បូង មានស្នាមប្រឡាក់ក្រោយចេញពីបន្ទប់ទឹក
គណៈកម្មាធិការការពារអ្នកកាសែតដែលមានមូលដ្ឋានក្នុងក្រុងញូយ៉ក សហរដ្ឋអាមេរិកបានឲ្យដឹងថា មានអ្នកកាសែតចំនួន ៦នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ ទី៣ មករា ក្រោយពីមានការផ្សព្វផ្សាយនូវវីដេអូមួយដែលបង្ហាញខោនៅជើងខាងឆ្វេងប្រធានាធិបតីស៊ូដង់ខាងត្បូងលោកសាលវ៉ា គៀរមានស្នាមប្រឡាក់ទឹកនោម។ វីដេអូនេះត្រូវបានថតនៅពេលដែលលោកសាលវ៉ា គៀរកំពុងចូលរួមនៅក្នុងពិធីផ្លូវការមួយ។
អ្នកកាសែតស៊ូដង់ខាងត្បូងចាប់ខ្លួនទាំង ៦នាក់ជាអ្នកកាសែតរបស់ទូរទស្សន៍រដ្ឋឈ្មោះ South Sudan Broadcasting Corporation ហៅកាត់ SSBC។
នៅក្នុងសេចក្តីប្រកាសព័ត៌មានផ្សព្វផ្សាយនាយប់ថ្ងៃសុក្រ ទី៦ មករា គណៈកម្មាធិការការពារអ្នកកាសែតដែលដកស្រង់ព័ត៌មានពីសារព័ត៌មានក្នុងស្រុកនៅស៊ូដង់ខាងត្បូង និងប្រភពស្និទ្ធនឹងរឿងរ៉ាវមួយនេះបានបញ្ជាក់ថា អ្នកកាសែត SSBC ទាំង ៦នាក់ត្រូវបានទីភ្នាក់ងារសន្តិសុខជាតិចាប់ខ្លួនកាលពីថ្ងៃអង្គារ ទី៣ មករា។ ការចាប់ខ្លួននេះបានធ្វើឡើង ក្រោយពីមានការផ្សព្វផ្សាយវីដេអូមួយលើបណ្តាញសង្គមកាលពីខែធ្នូ ឆ្នាំ ២០២២ ស្តីពីប្រធានាធិបតីស៊ូដង់ខាងត្បូងលោកសាលវ៉ា គៀរ។
វីដេអូដែលផ្សព្វផ្សាយលើយូធូប និងដែលគេអាចបន្តមើលឃើញដល់ថ្ងៃសៅរ៍ ទី៧ មករាបានបង្ហាញពីការចូលរួមរបស់លោកសាលវ៉ា គៀរនៅក្នុងពិធីផ្លូវការមួយដោយមានពាក់មួកពណ៌ខ្មៅ និងមានពាក់អាវធំពណ៌ប្រផេះស្រាល។ តែអ្វីដែលគេបានឃើញបន្ថែម និងដែលជាហេតុផលនៃការចាប់ខ្លួនអ្នកកាសែត SSBC ៦នាក់ គឺខោនៅជើងខាងឆ្វេងរបស់លោកសាលវ៉ា គៀរមានស្នាមប្រឡាក់ទឹកនោម។
តែអ្នកទទួលខុសត្រូវម្នាក់របស់ទូរទស្សន៍ SSBC បានបញ្ជាក់ថា ទូរទស្សន៍ SSBS មិនបានចាក់ផ្សាយរូបភាពខោនៅជើងខាងឆ្វេងរបស់លោកសាលវ៉ា គៀរមានស្នាមប្រឡាក់ទឹកនោមនោះទេ។ យ៉ាងណាក៏ដោយ លោកមូថូកូ មូម៉ូ អ្នកតំណាងគណៈកម្មាធិការការពារអ្នកកាសែតប្រចាំទ្វីបអាហ្រ្វិកសាហារ៉ាបានអំពាវនាវឲ្យរដ្ឋអំណាចស៊ូដង់ខាងត្បូងដោះលែងអ្នកកាសែត SSBC ទាំង ៦នាក់ជាបន្ទាន់ និងដោយគ្មានល័ក្ខខ័ណ្ឌ។ តាមលោកមូថូកូ មូម៉ូ រដ្ឋអំណាចស៊ូដង់ខាងត្បូងត្រូវធានាថា អ្នកកាសែតអាចធ្វើការងាររបស់ខ្លួនដោយគ្មានការបំភិតបំភ័យ ឬការគំរាមចាប់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។