អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្តើម​ការងារ​ជួសជុល​ខ្លោងទ្វារ​ខាងត្បូង​ប្រាសាទតាព្រហ្ម​

​នា​ដើមឆ្នាំ​២០២៣​នេះ អាជ្ញាធរ​ជាតិ​អប្សរា សហ​ការណ៍​ជាមួយ​ស្ថាប័ន​ASI របស់​ឥណ្ឌា បានចាប់ផ្តើម​គម្រោង​ជួសជុល​ឡើងវិញ ខ្លោងទ្វារ​ខាងត្បូង​នៃ​ប្រាសាទតាព្រហ្ម ក្នុង​គោលបំណង​ធ្វើយ៉ាងណា​ឱ្យ​សំណង់​ខ្លោងទ្វារ ដែល​បាក់ស្រុត​តួ​គ្រឹះ និង​កំពូល​មុខព្រហ្ម​ទាំង​បួន​ខាងលើ​បាន​រលុះ​ធ្លាក់​បាត់​រូបរាង​ដោយ​កត្តា​ផ្សេងៗ​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មកហើយ​នោះ អាច​ងើបឈ​រឹងមាំ​ឡើងវិញ និង​មាន​សុវត្ថិភាព​គ្រប់គ្រាន់ ក្នុងន័យ​ថែរក្សា អភិរក្ស​ស្នាដៃ​បុព្វបុរស​ខ្មែរ​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន ព្រមទាំង​លើក​តម្លៃ​សោ​ភណ្ឌ​ភាព​ប្រាសាទតាព្រហ្ម ជាពិសេស បង្អួត​សម្រស់​ភ្ញៀវទេសចរ ដែល​មក​ទស្សនា​ប្រាសាទតាព្រហ្ម និង​ឆ្លងកាត់​វង់​ទស្សនា​ផ្លូវ​វង់​តូច​ជាដើម​។​

​លោក Sing Sood អ្នកអនុវត្ត​គម្រោង​សហប្រតិបត្តិការ ឥណ្ឌា​-​កម្ពុជា ដើម្បី​អភិរក្ស និង​ជួសជុល​ប្រាសាទតាព្រហ្ម មានប្រសាសន៍ថា គម្រោង​ជួសជុល​ខ្លោងទ្វារ​ខាង​ត្បួ​ង​ប្រាសាទតាព្រហ្ម​នេះ បានចាប់ផ្តើម​នៅ​ដើមខែ​មករា ឆ្នាំ​២០២៣​នេះ​តទៅ ដោយ​នៅក្នុង​គម្រោង​នេះដែរ ការជួសជុល​មិន​ត្រឹមតែ​លើ​ខ្លោងទ្វារ​ប៉ុណ្ណោះ​ទេ ភាគី​កម្ពុជា និង​ឥណ្ឌា ក៏​នឹង​ជួសជុល​កំពែង​សងខាង​ប្រវែង​២០​ម៉ែត្រ ដែល​ដួល​រាប​ដល់​ដី​នោះ​ផង​។ លោក Sing Sood រំពឹងថា នៅ​រយៈពេល​២​ឆ្នាំ​ខាងមុខ បន្ទាប់ពី​ការខិតខំ​ប្រឹងប្រែង​ជួសជុល​របស់​អ្នកជំនាញ ខ្លោងទ្វារ និង​កំពែង​ផ្នែក​ខាង​ត្បួ​ង​នៃ​ប្រាសាទតាព្រហ្ម នឹង​រឹងមាំ​ស្រស់ស្អាត​ឡើងវិញ​។​

​លោក​បន្តទៀតថា ដំណាក់កាល​នៃ​ការជួសជុល គឺត្រូវធ្វើ​ការសិក្សា​ពី​ប្លង់ ធ្វើ​កំណាយ​ស្រាវជ្រាវ​អំពី​ការខូចខាត រៀបចំ​ផ្គុំ និង​ជួសជុល​ថ្ម​ឡើងវិញ បន្ទាប់មក​ធ្វើការ​ពង្រឹង​គ្រឹះ និង​រៀបចំ​ផ្គុំ​ថ្ម​ចូលទៅ​ទីតាំង​ដើម​វិញ ហើយ​ការងារ​ជួសជុល​នេះ​ធ្វើឡើង​តាម​បច្ចេកទេស Anastylosis​។​

អ្នកជំនាញ​រូបនេះ បញ្ជាក់ថា ខ្លោងទ្វារ​ខាងត្បូង​នៃ​ប្រាសាទតាព្រហ្ម​នេះ បាន​ស្រុត​ផ្នែក​គ្រឹះ បណ្តាលឱ្យ​តួ​ខ្លោងទ្វារ និង​កំពូល​ព្រហ្ម​បាន​ក្រៀក​ហែក និង​បណ្តាលឱ្យ​រលុះ​ថ្ម​សន្ធប់​ចូលក្នុង​តួ​ខ្លោងទ្វារ​តែម្តង​។ ករណីនេះ អាច​បណ្តាលមកពី​អាយុកាល​សំណង់ អាកាសធាតុ ដើមឈើ និង​សត្វល្អិត និង​ការ​កង្វះ​ការថែទាំ​យូរអង្វែង​ជាដើម​។​

​សូមបញ្ជាក់ថា ប្រាសាទតាព្រហ្ម​កសាងឡើង​នៅ​សតវត្សរ៍​ទី​១២​នៃ​គ​.​ស នៅក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​។ បច្ចុប្បន្ននេះ ប្រាសាទ​នេះ​សម្បូរ​ទៅដោយ​ដើមឈើ​ធំៗ ដែលជា​ចាប់អារម្មណ៍​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​មិនចេះ​ដាច់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close